ប្រជាសហគមន៍ឡពាង ខកចិត្តដែលតុលាការកំពូលតម្កល់ការកាត់ទោសដូចសាលាឧទ្ធរណ៍

សិទ្ធិមនុស្ស

ប្រជាសហគមន៍ឡពាង កំពុងធ្វើសន្និសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤។ រូបថត៖ លីកាដូ)

ប្រជាសហគមន៍ឡពាង នៅខេត្តកំពង់ឆ្នាំង ខកចិត្តចំពោះការប្រកាសសាលដីការរបស់តុលាកំពូលផ្តន្ទាទោសពួកគាត់ ករណីហិង្សារវាងក្រុមហ៊ុន ខេ.ឌី.ស៊ី(KDC) និងពលរដ្ឋកាលជាង១០ឆ្នាំមុន ដោយពួកគេចាត់ទុកការសម្រេចនេះជារឿងអយុត្តិធម៌។

តុលាការកំពូលបានប្រកាសសាលដីការចំពោះបណ្ដឹងសាទុក្ខរបស់ប្រជាសហគមន៍ឡពាង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចតម្កល់សាលដីការសាលាឧទ្ធរណ៍ភ្នំពេញដែលបាន​ផ្ទន្ទាទោសប្រជាសហគមន៍ឡពាង ៥នាក់ ដាក់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែទោសជាប់ពន្ធនា​គារត្រូវព្យួរ និងពិន័យ២លានរៀលចំពោះពលរដ្ឋម្នាក់ៗ។

ប្រជាសហគមន៍ឡពាង នៅខេត្តកំពុងឆ្នាំងលោក ម៉ាង យ៉ាវ យល់ថា ការសម្រេចរបស់តុលាការកំពូលជារឿងអយុត្តិធម៌ចំពោះលោក ដោយលោកចាត់ទុកការសម្រេចនេះគឺមានបំណងគំរាមកំហែងប្រជាសហគមន៍កុំឱ្យតវ៉ាបញ្ហាដីធ្លី។

លោកថា៖ «ជាភាពអយុត្តិធម៌ណាស់ចំពោះខ្ញុំ ជាភាពអយុត្តិធម៌បំផុត ដែលពួកគេរៀបចំតាំងពីសាលាដំបូងរហូតទៅដល់កំពូល អានេះជាការហៅថារៀបចំចុះដើម្បីគំរាមកំហែងពលរដ្ឋកុំឱ្យតវ៉ា កុំឱ្យអីទាំងអស់។ ពួកខ្ញុំរងគ្រោះដោយសារអស់ដីហើយ គេយករឿងបណ្ដឹងហ្នឹងដើម្បីតម្កល់ទុកទៀត»។

បុរសដែលវ័យជិត៥០ឆ្នាំរូបនេះ បន្ថែមថា៖ «សុំឱ្យរាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌មេត្តា បើជ្រើសរើស បុគ្គលបម្រើការក្នុងស្ថាប័នតុលាការ សូមមេត្តាឱ្យបុគ្គលនោះមានសច្ចភាព តម្លាភាពត្រឹមត្រូវ។ កុំយកតែសំណេរមកប្រើតាមបុគ្គលដែលមិនច្បាស់លាស់ មិនស្មោះត្រង់ ដើម្បីប្រកបវិជ្ជាជីវៈហ្នឹង[…] ហើយ និង សុំជំរុញឱ្យក្រុមហ៊ុនហ្នឹង ឱ្យរាជរដ្ឋាភិបាលជំរុញឱ្យក្រុមហ៊ុនចេញដោះស្រាយឱ្យពលរដ្ឋឱ្យឆាប់ៗទៅ»។

ចំណែកឯភរិយារបស់ប្រជាសហគមន៍ឡពាងលោក ស្ងួន ញឿន គឺអ្នកស្រី អុំ សុភី ប្រាប់ថា អ្នកស្រីមិនអាចទទួលយកនូវការសម្រេចរបស់តុលាការកំពូលបានទេ ព្រោះវាជារឿងអយុត្តិធម៌សម្រាប់ស្វាមីគាត់។

អ្នកស្រីថា៖ «ខ្ញុំយល់ថាវាអយុត្តិធម៌ណាស់សម្រាប់ប្ដីខ្ញុំ គាត់អត់បានធ្វើអំពើហិង្សាអីទេ ហើយបែរជាកាត់ទោសឱ្យគាត់បែបនេះ[…]ក្រុមហ៊ុនរំលោភបំពានធ្វើបាបពួកខ្ញុំ បែរជាត្រឹមត្រូវ។ ហើយតុលាការកាត់តាំងពីសាលាដំបូងរហូតដល់សាលាកំពូលនៅតែកម្កល់ទុកជាបានការទៀត វាអយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ សម្រាប់ប្ដីខ្ញុំហ្នឹងឯង គឺខ្ញុំអត់អាចទទួលយកបានទេ»។

អ្នកស្រី សុភី បន្ថែមថា៖ «ប្រព័ន្ធតុលាការនៅកម្ពុជាគឺមិនមានយុត្តិធម៌ទេ សម្រាប់ជនក្រីក្រ ជនស្លូតត្រង់ដូចជាពួកខ្ញុំ។ សម្រាប់ក្រុមហ៊ុនមានលុយមានអំណាចនៅតែឈ្នះពួកខ្ញុំ នៅតែល្អ។ ក្រុមហ៊ុនបានរំលោភបំពានដីធ្លីពួកខ្ញុំ អត់ព្រមដោះស្រាយពួកខ្ញុំ ហើយថែមទាំងកាត់ទោសឱ្យប្ដីខ្ញុំជាប់ពន្ធនាគារទោសព្យួរហើយត្រូវបង់លុយឱ្យទៅដើមបណ្ដឹងជាជំងឺចិត្តទៀត»។

ស្រ្តីដែលមានកូន៤នាក់ក្នុងបន្ទុករូបនេះប្រាប់ថា ចាប់តាំងពីមានបញ្ហាដីធ្លីមក គ្រួសារគាត់ជួបការលំបាកផ្នែកជីវភាព។ អ្នកស្រីស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីដល់ប្រជាសហគមន៍ឡាពាង និងទម្លាក់ចោលបទចោទចំពោះពលរដ្ឋ។
ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថា ការដែលតុលាការកំពូលប្រកាសសាលដីការតម្កល់ការសម្រេចរបស់តុលាការជាន់ទាបដែលដាក់ទោសប្រជាសហគមន៍ទាំង៥នាក់ ជារឿងអយុត្តិធម៌។

លោកថា៖ «វាជាការបង្កើតនូវភាពអយុត្តិធម៌មួយទៀតសម្រាប់សហគមន៍ឡពាង ដោយសារ​តែបញ្ហាដីធ្លីដែលបានកើតឡើងចំពោះពួកគាត់អូសបន្លាយជាច្រើនឆ្នាំមកដល់ពេលនេះមិនទាន់បានត្រូវដោះស្រាយផង ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់ដែលជាតំណាងសហគមន៍ត្រូវបានរងបណ្ដឹងព្រហ្មទណ្ឌជាបន្តបន្ទាប់នៅតុលាការ ហើយមានទាំងការផ្ដន្ទាទោស មានទាំងសំណុំរឿងដែលជាប់នៅតុលាការជាបន្តបន្ទាប់»។

នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូរូបនេះស្នើឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជា​សហគមន៍ឡពាង ដើម្បីកុំឱ្យប្រជាជនជួបការលំបាកផ្នែកជីវភាព។

លោកបន្ថែមថា៖ «យើងមើលទៅ បញ្ហាដីធ្លីវាគួរតែដោះស្រាយទៅលើរឿងរដ្ឋប្បវេនី ហើយត្រូវបានបញ្ចប់ដោយរដ្ឋប្បវេនី មិនគួរយកតុលាការផ្នែកព្រហ្មទណ្ឌយកមកធ្វើការដាក់សម្ពាធ ឬក៏កៀបសង្កត់ឱ្យប្រជាពលរដ្ឋសហគមន៍ដីធ្លីហ្នឹងគាត់មានទុក្ខ ឬក៏រងគ្រោះបន្ថែមទៀត ក្រៅតែអំពីបញ្ហាដីធ្លីនោះទេ។ អ៊ីចឹងបញ្ហាទាំងអស់នេះ ខ្ញុំយល់ឃើញថា បញ្ហាដីធ្លីរបស់​សហគមន៍ឡពាង គួរណាស់ដែលដល់ពេលដែលត្រូវដោះស្រាយដើម្បីបញ្ចប់បញ្ហាហ្នឹង ដើម្បីកុំឱ្យសហគមន៍ហ្នឹងលោកជួបនូវបញ្ហាបន្តទៅទៀតទាំងជីវភាពរស់នៅ ទាំងចំណាកស្រុក ទាំងបញ្ហាផ្សេងៗសម្រាប់ពួកគាត់»។

សហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម តាំងពីឆ្នាំ២០០០។ ជម្លោះដីធ្លីនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាសហគមន៍ចំនួន១០៨គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់បានតវ៉ាទាមទាររកដំណោះស្រាយជាបន្តបន្ទាប់ តែពុំទទួលបានលទ្ធផលឡើយ ហើយពួកគេបានរងបណ្ដឹងពីសំណាក់ក្រុមហ៊ុន KDC ក្រោមបទចោទព្រហ្មទណ្ឌមួយចំនួន។

ប្រជាសហគមន៍ចំនួន៥នាក់គឺ លោក សៀង ហេង លោក ម៉ាង យ៉ាវ លោក គុជ ហុក លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា ត្រូវបានក្រុមហ៊ុន KDC ប្ដឹងដោយចោទថាពួកគេបានប្រើហិង្សាចំពោះភាគីក្រុមហ៊ុន ក្រោយពីពួកគេបានប៉ះទង្គិចគ្នា កាលពីឆ្នាំ២០១៤៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1923}" data-page="1" data-max-pages="1" data-start="1" data-end="1">