ពលរដ្ឋមួយចំនួន បង្ហាញការគាំទ្រលើការបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ប៉ុន្តែសំណូមពរឱ្យមានការអនុវត្តច្បាប់ឱ្យបានមុតស្រួច និងពង្រឹងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋានឱ្យបានខ្លាំង។
ការលើកឡើងបែបនេះបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមីនា បានប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភាដើម្បីពិនិត្យពិភាក្សា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងកិច្ចប្រជុំថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យកម្ពុជារងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ លោកថាយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែលោកបញ្ជាក់ថា នេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។
លោក ហ៊ុន ម៉ាណែត អះអាងថា៖«រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត»។
សេចក្តីព្រាងច្បាប់នេះ មាន៥ជំពូក និង ២៤មាត្រា ត្រូវបានរដ្ឋាភិបាលអះអាងថា រៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ បើតាមរដ្ឋាភិបាល សេចក្តីព្រាងច្បាប់នេះ ក៏បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ពាក់ព័ន្ធនឹងការបង្កើតសេចក្តីព្រាងច្បាប់នេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក លោក រ៉ុង ឈុន បានលើកឡើងថា លោកគាំទ្រ និងយល់ថាជាការល្អ។ លោកយល់ថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះកើតមានជាហូរហែ ដូច្នេះលោកថា បើសិនជាមានច្បាប់ហើយ គឺត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព និងត្រូវសម្អាតពីលើចុះក្រោមប្រកបដោយភាពមុតស្រួច។
លោក រ៉ុង ឈុន សង្កត់ធ្ងន់ថា៖«បញ្ហាហ្នឹងនៅតែមានដោយសារសង្គមយើងមានអំពើពុករលួយនេះឯង គឺដូចជាជំងឺមហារីក ដូច្នេះត្រូវលុបបំបាត់បញ្ហានេះជាចម្បងសិន »។
ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ រួមមាន ទី១ ការបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម មានជាអាទិ៍ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ និង ទី២ លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួន ដូចជា រយៈពេលនៃការឃាត់ខ្លួន ការផ្អាក ការឃាត់ទុក និងការបង្កក ការរឹបអូសទ្រព្យ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
និស្សិតឆ្នាំមូលដ្ឋាននៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា លឹម វាន់សុធារ៉ា យល់ឃើញថា ការបង្កើតឱ្យមានច្បាប់គឺជាការល្អ ប៉ុន្តែកញ្ញាបារម្ភថា ការអនុវត្តនៅតាមមូលដ្ឋានគឺនៅមានភាពធូររលុង និងមានការប្រកាន់បក្ខពួកនិយម។
យុវតីរូបនេះបញ្ជាក់ថា៖ «បើមានច្បាប់គឺអាចបានត្រឹមតែកាត់បន្ថយហានិភ័យមួយចំនួនបានខ្លះ ប៉ុន្តែពុំអាចកម្ចាត់បញ្ហាទាំងអស់នេះបានឡើយ»។
រាជរដ្ឋាភិបាល ពន្យល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកល ទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់សេវាកម្មអនឡាញជាដើម។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា បច្ចុប្បន្នគឺជាយុគសម័យឌីជីថលដែលមានការវិវត្តលឿន ដូច្នេះការបង្កើតច្បាប់ឱ្យបានទាន់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាពិតជារឿងចាំបាច់ កាលណាមានបញ្ហាកើតឡើងហើយត្រូវតែមានច្បាប់គ្រប់គ្រងបញ្ហាទាំងអស់នោះ។
លោកបណ្ឌិតបន្ថែមថា៖ «បើច្បាប់មានហើយត្រូវបន្តអនុវត្តឱ្យមានតម្លាភាពគួរតែគិតប្រយោជន៍ជាតិជាធំ គួរចៀសវាងការអនុវត្តដោយការពារផលប្រយោជន៍របស់បុគ្គលណាម្នាក់»។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរៀបចំឡើងស្របពេលអាជ្ញាធរកំពុងធ្វើសកម្មភាពចុះបង្រ្កាបទីតាំងឆបោកអនឡាញនៅស្ទើរទូទាំងប្រទេស។ រដ្ឋាភិបាលប្តេជ្ញាថានឹងបង្រ្កាបបទល្មើសនេះឱ្យអស់នៅក្នុងខែមេសា និងអាចបន្តជាហូរហែដោយគ្មានការលើកលែង។ រដ្ឋាភិបាលក៏បានព្រមានអាជ្ញាធរ និងសមត្ថកិច្ចស្ថិតនៅឱ្យឆ្ងាយពីបទល្មើសនេះ ហើយម្ចាស់អាគារទាំងឡាយត្រូវសហការរាយការណ៍ពីទីតាំងឆបោកដល់សមត្ថកិច្ចប្រសិនបើមិនចង់ជាប់ពាក់ព័ន្ធ។
សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងបន្ទាប់ពីសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម និងក្រោយពីកម្ពុជាបានធ្វើបត្យាប័នមេខ្លោងឆបោកលំដាប់អន្តរជាតិ លោក ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិនវិញ កាលពីដើមខែមករា ឆ្នាំ២០២៦។
រដ្ឋាភិបាលអះអាងថា ការរៀបចំឱ្យមានច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕







