រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិភាក្សា

សង្គម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ (រូបភាពពីផេកហ្វេសប៊ុករដ្ឋសភាកម្ពុជា)។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គក្នុងពេលខាងមុខ។

ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមជាអធិបតីរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអ្នកស្រី ឃួន សុដារី ក្រោយពីណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា បានពិនិត្យរួចរាល់ មុនធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។ 

ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ ធ្លាប់បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៥ ថា បណ្តាញឧក្រិដ្ឋជនបានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មីក្នុងការបង្ក្រាប។ លោកថាការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ 

លោកបញ្ជាក់ថា ឆ្លើយតបទៅនឹងភាពចន្លោះប្រហោងផ្នែកច្បាប់ កម្ពុជាកំពុងដំណើរការអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងក្រោយមកបានចែករំលែកទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីទទួលបានធាតុចូល បន្ទាប់ពីទទួលបានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ។ ក្រសួងយុត្តិធម៌ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាន៥ជំពូក និង២៤មាត្រា ត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ។ រដ្ឋាភិបាលបានអះអាងថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1972}" data-page="1" data-max-pages="1" data-start="1" data-end="1">