តុលាការសម្រេចផ្តន្ទាទោសប្រធានសហជីពលោក ពេជ ពិសិទ្ធ ជាប់ពន្ធនាគារ ២ឆ្នាំ 

សិទ្ធិមនុស្ស

រូបថត លោក ពេជ ពិសិទ្ធ ដែលត្រូវបានផ្សាយដោយលីកាដូ២៥មីនា២០២៦)។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានប្រកាសសាលក្រម ផ្តន្ទាទោសប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុនមេនអ៊ូហ្គាមេន លោក ពេជ ពិសិទ្ធ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ “ញុះញង់ឱ្យមានការរើសអើង” តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ រីឯបទចោទ “ជេរប្រមាថជាសាធារណៈ” ត្រូវបានតុលាការទម្លាក់បទចោទ។

ភរិយារបស់លោក ពេជ ពិសិទ្ធ គឺអ្នកស្រី កែវ ភា បានប្រាប់ប្រជាកាសែតថា ការសម្រេចរបស់តុលាការដាក់ឲ្យស្វាមីអ្នកស្រីបន្តជាប់ចោទប្រកាន់ គឺជារឿងអយុត្តិធម៌ចំពោះស្វាមីអ្នកស្រី ព្រោះអ្នកស្រីអះអាងថា ការបញ្ចេញមតិកន្លងមកលើបណ្ដាញសង្គម មិនបានសំដៅទៅលើបុគ្គលណាម្នាក់ទេ។

អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមថាគេដោះលេងគាត់ មកដល់គេដាក់ទោសទាន់ជាប់ពីរឆ្នាំចឹង អស់សង្ឃឹម។ ហើយពិបាកចិត្តណាស់ព្រោះអីកូន នៅសិក្សាផងហើយខ្លះគ្នាឈប់ធ្វើការ ហើយមានម្តាយឈឺនៅផ្ទះ ចាស់ ។ពេលឥលូវនឹង គាត់(ប្ដី)មេគ្រួសារផង ពេលជាប់(ពន្ធនាគារ)ចឹងទៀតខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំម្នាក់ឯងរត់អត់រួចចឹងហា»។

អ្នកស្រីលើកឡើងថា បន្ទាប់ពីស្វាមីត្រូវបានឃុំខ្លួន គ្រួសាររបស់អ្នកស្រីកំពុងជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ព្រោះបន្ទុកទាំងអស់ក្នុងគ្រួសារ បានធ្លាក់មកលើអ្នកស្រីតែម្នាក់ឯងក្នុងការទទួលខុសត្រូវ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ថា
សាលក្រមសម្រេចរបស់តុលាការនេះ អាចឱ្យមានការិះគន់ពីការធ្វើទុកបុកម្និញ គម្រាមកំហែងដល់អ្នកដឹកនាំសហជីព ជាពិសេសសហជីពឯករាជ្យ ។ លោកបន្តថា ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន និងផ្តន្ទាទោសលោក ពេជ ពិសុទ្ធ គឺបង្ហាញពីការរឹតត្បិតសេរីភាពសហជីព ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ILO ។

លោកនិយាយថា៖«កន្លងទៅអង្គការសង្គមស៊ីវិល សមាគម សហជីព តែងតែទាមទារឱ្យមានការទម្លាក់បទចោទ និងដោះលែងមេដឹកនាំសហជីពឱ្យមានសេរីភាពវិញ ដើម្បីបើកលំហសេរីភាពសហជីព និងគោរពតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ILO ដើម្បីធានាការគោរពសិទ្ធិសហជីព និងច្បាប់ការងារ ។ ករណីនេះនៅពេលលោក ពេជ ពិសុទ្ធ និងមេធាវីគាត់ប្តឹងឧទ្ធរណ៍ដើម្បីទាមទារយុត្តិធម៌ សង្ឃឹមថាសាលាឧទ្ធរណ៍នឹងទម្លាក់បទចោទប្រកាន់លើរូបលោក នឹងដោះលែងលោកឱ្យមានសេរីភាព»។

បើតាមករកត់សម្គាល់របស់សង្គមស៊ីវិល បញ្ជាក់ថា លោក ពេជ ពិសិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកព្រៃនប់ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋានក្រុងព្រះសីហនុ និងបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃ សរ។ 

ការចាប់ខ្លួនប្រធានសហជីពរួបនេះ គឺតាមរយៈបណ្ដឹង ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា(BWTUC)លោក សុខ គីន ក្រោយពីលោក ពេជ ពិសិទ្ធ បានបញ្ចេញមតិនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) របស់លោក សុខ គីន៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2033}" data-page="1" data-max-pages="1" data-start="1" data-end="1">