គ្រួសារ និងសង្គមស៊ីវិលការពារសិទ្ធិអ្នកកាសែត ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងឱ្យអ្នកកាសែតពីរនាក់ជាប់ពន្ធនាគារ១៤ឆ្នាំជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
សាលាឧទ្ធរណ៍បាត់ដំបងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ប្រកាសសាលដីកាដោយតម្ដល់សាលក្រមផ្ដន្ទាទោសលើអ្នកកាសែតអនឡាញ២នាក់ឱ្យជាប់ពន្ធនាគារ១៤ឆ្នាំដដែលក្រោមបទចោទបញ្ជូនទៅរដ្ឋបរទេសនូវព័ត៌មានធ្វើឱ្យអន្តរាយដល់់ការពារជាតិពាក់ព័ន្ធនឹងការបង្ហោះរូបថតរបស់ពួកគេជាមួយទាហានខ្មែរនៅតំបន់ព្រំដែន។
អ្នកសារព័ត៌មានទាំងពីររូបនោះ រួមមានអ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ លោក ផន សុភាព និងភ្នាក់ងារសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា។
ភរិយាអ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍លោក ផន សុភាព គឺអ្នកស្រី ហុង ថា ប្រាប់ប្រជាកាសែតថា ការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងនៅពេលនេះ គឺជារឿងអយុត្តិធម៌។
អ្នកស្រីថា៖ «ពិបាកទទួលយកដល់ពេលអ៊ីចឹង ចុះបើគេចោទឡើងជាប់ឡើងអត់មានចុះឆ្នាំបន្ថយឆ្នាំអីផង គេចោទមួយទំហឹងបណ្ដោយ[…]គាត់មិនមានទោសដល់ថ្នាក់ដល់ជាប់១៤ឆ្នាំហ្នឹងវាទទួលយកមិនបាន វាអយុត្តិធម៌»។
អតីតពលរដ្ឋភៀសសឹករូបនេះបន្តថា គ្រួសារគាត់ជួបបញ្ហាផ្នែកជីវភាពក្រោយពីស្វាមីជាប់ពន្ធនាគារ ដែលធ្វើឱ្យកូនស្រីគាត់បោះបង់ចោលការសិក្សាដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងសងបំណុលគេ។
អ្នកស្រីបន្ថែមថា៖ «សំណូមពរសុំដោះលែងគាត់ហ្នឹងឯង សុំលើកលែងទោសដល់គាត់ ដោយសារគាត់ជាមនុស្សល្អ គាត់ធ្វើហ្នឹងក៏មិនទៅនេះអី គាត់ដើម្បីប្រទេសជាតិ គាត់ស្រឡាញ់ប្រទេសជាតិ។ សុំរដ្ឋាភិបាលលើកលែងទោសដល់គាត់»។
ជុំវិញករណីនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ចាត់ទុកការការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងឱ្យលោក ផន សុភាព និងលោក ភាព ភារ៉ា ជាប់ពន្ធនាគារម្នាក់ៗ ១៤ឆ្នាំ ជាការកាត់ទោសធ្ងន់ធ្ងរហួសហេតុ និងអាចបង្កការភ័យខ្លាចចំពោះការរាយការណ៍ព័ត៌មានពីរឿងព្រំដែន ហើយរឿងនេះ ជារឿងដែលមិនអាចទទួលយកបានទេសម្រាប់លោក ណុប វី។
លោកថា៖ «ការបន្តដាក់ទោសអ្នកសារព័ត៌មានទាំងពីររូបឱ្យជាប់ពន្ធនាគារ១៤ឆ្នាំគឺជាការកាត់ទោសធ្ងន់ធ្ងរហួសហេតុ ហើយហាក់ដូចជាតុលាការមិនបានពិចារណាចំពោះអ្វីដែលជាការលើកឡើងនូវអចេតនាដែលអ្នកសារព័ត៌មានទាំងពីររូបបានលើកឡើងចំពោះមុខតុលាការ»។
ជាការឆ្លើយតប ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ថាទង្វើរបស់អ្នកសារព័ត៌មានទាំងពីររូបនេះលើសពីតួនាទីរបស់អ្នកសារព័ត៌មាន ទើបពួកគេប្រឈមនឹងវិធានការច្បាប់បែបនេះ។
លោកថា៖ «អ្វីដែលគាត់ធ្វើហ្នឹងលើសពីអ្នកសារព័ត៌មានហើយ បានគាត់ជាប់ដល់បញ្ហាហ្នឹង។ បើសិនជាគាត់ធ្វើនូវសកម្មភាពគាត់ទាក់ទងតែជាមួយវិស័យព័ត៌មានប្រហែលជាមិនដល់ហ្នឹងទេ។ គាត់ធ្វើហ្នឹងគាត់លើសពីហ្នឹងរហូតទៅដល់ចូល ទៅតាមច្បាប់របស់ខាងក្រសួងការពារជាតិឈានទៅដល់ធ្ងល់ធ្ងរជាងអ្វីទាំងអស់ហើយ មិនមែនរឿងធម្មតាទេ»។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនអ្នកសារព័ត៌មានអនឡាញពីរនាក់ គឺលោក ផន សុភាព និងលោក ភាព ភារ៉ា នៅទីតាំងផ្សេងពីគ្នា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តសៀមរាប ក្រោយពីពួកគេបានផ្សាយរូបថត ដែលថតជាប់ពួកគាត់ទាំងពីរជាមួយនឹងទាហានកម្ពុជានៅមុខប្រាសាទតាក្របី ដោយឃើញមានគ្រាប់មីននៅខាងក្រោយ។ ក្រោយមករូបថតនេះត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានថៃយកទៅផ្សព្វផ្សាយ និងចោទប្រកាន់មកលើទាហានកម្ពុជាថា ប្រើប្រាស់មីនថ្មីសម្រាប់ដាក់នៅតាមតំបន់ព្រំដែន។ សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោស លោក ផន សុភាព និងលោក ភាព ភារ៉ា ដាក់ពន្ធនាគារម្នាក់ៗ ១៤ ឆ្នាំ ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ៕
ទោះជាយ៉ាងណា លោក ណុប វី ថាកាលពីលោកចូលស្ដាប់នៅក្នុងសវនាការ លោកសង្កេតឃើញអ្នកសារព័ត៌មានទាំងពីររូបនេះ ហាក់មិនមានចេតនាផ្ដល់ព័ត៌មានសំងាត់យោធាឱ្យរដ្ឋផ្សេងដូចការចោទប្រកាន់នោះឡើយ។ ផ្ទុយទៅវិញពួកគេចង់ផ្សាយដល់សាធារណជនថាតំបន់ប្រាសាទគឺស្ថិតក្រោមការគ្រប់គ្រងដោយយោធាកម្ពុជា និងវីរៈភាពរបស់យោធាកម្ពុជាទៅវិញទេ។
លោក ណុប វី បន្តថា៖ «ខ្ញុំថាវាជាការគំរាមកំហែងទៅដល់អ្នកសារព័ត៌មានផ្សេងៗទៀតដែរ ដែលគាត់ចង់ចូលរួមផ្សព្វផ្សាយអំពីវីរៈភាពកងទ័ព អំពីការស្រឡាញ់ទឹកដីរបស់យើងហ្នឹងគឺថា ពួកគាត់ត្រូវរួញរា មានការភ័យខ្លាចៗមានការប្ដឹងផ្ដល់ ការចោទប្រកាន់ ហើយការដាក់ទោសនេះគឺ យើងដឹងហើយ ការដាក់ទោសរហូតដល់កម្រិតខ្ពស់បំផុតនៃទោសទៅហើយ អ៊ីចឹងមានន័យថាធ្ងន់ធ្ងរណាស់»៕







