សាលាឧទ្ធរណ៍បាត់ដំបងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បើកសវនាការជំនុំជម្រះលើសំណើសុំនៅក្រៅឃុំរបស់ចាងហ្វាងកាសែតលោក ហែម វណ្ណា និងគ្រោងប្រកាសសាលដីកានៅថ្ងៃទី២ ខែមេសា។ នេះបើតាមការបញ្ជាក់របស់នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត នៅថ្ងៃទី២៦ ខែមីនា។
ភរិយារបស់លោក ហែម វណ្ណា គឺអ្នកស្រី សែម ស្រីពៅ ប្រាប់ថា ការដែលអ្នកស្រីស្នើសុំឱ្យប្ដីបាននៅក្រៅឃុំ គឺដោយសារតែបញ្ហាជីវភាពគ្រួសារ ហើយប្ដីរបស់គាត់ក៏មានជំងឺលើសឈាម និងលើសជាតិស្ករថែមទៀត។
អ្នកស្រីថា៖ «សុំឱ្យខាងតុលាការព្រះរាជអាជ្ញាសាលាដំបូង[សាលាឧទ្ធរណ៍បាត់ដំបង]ឱ្យគាត់ជួយដោះលែងប្ដីនាងខ្ញុំបានចេញក្រៅឃុំ ដើម្បីឱ្យគាត់បានចេញមកជួយរកស៊ី មើលចិញ្ចឹមគ្រួសារប្រពន្ធកូនវិញ»។
អ្នកស្រី សែម ស្រីពៅ ថាកូនស្រីគាត់២នាក់ត្រូវបង្ខំចិត្តផ្អាកការសិក្សាដើម្បីរកប្រាក់ទ្រទ្រង់គ្រួសារនិងសងបំណុល។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី សង្ឃឹមថាតុលាការនឹងពិចារណាដោះលែងលោក ហែម វណ្ណា ឱ្យមានសេរីភាពឡើងវិញ។
ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានផ្សាយព័ត៌មានពាក់ព័ន្ធនឹង «ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀតដែលគេដឹងថាជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ជាទីអាថ៍កំបាំងនៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត»៕







