ប្រមុខរដ្ឋាភិបាលជំរុញភាគីពាក់ព័ន្ធអភិវឌ្ឍន៍វិស័យទឹកស្អាតដើម្បីលើកម្ពស់សុខមាលភាពពលរដ្ឋ

សង្គម

ពលរដ្ឋម្នាក់កំពុងចាក់ទឹកពីធុងទឹក ដែលភ្ជាប់ជាមួយប្រព័ន្ធទឹកដែលសាងសង់ដោយក្រុមហ៊ុនឯកជនមួយ ដើម្បីស្រោចស្រង់ដំណាំសាឡាដរបស់គាត់។ (រូបថតថតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ អ៊ឹង ស៊ា)

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យទឹកស្អាតជាអាទិភាពសំខាន់មួយ ដើម្បីលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងនោះជួយកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខភាព និងគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ទឹកស្អាតគ្រប់គ្រាន់។នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ ប្រមាណ៣០.៦លានដុល្លារអាមេរិក។

លោក ហ៊ុន ម៉ាណែត ចាត់ទុកវិស័យទឹកស្អាតជាវិស័យត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងថា វិស័យទឹកស្អាតជាវិស័យស្នូលមួយរបស់គោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសអ្នកមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា វិស័យទឹកស្អាតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន,សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេស។ 

លោកថា៖ «សម្រាប់វិស័យទឹកស្អាត ក្នុងគោលបំណងចូលរួមលើកកំពស់ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ថ្លៃសមរម្យ ព្រមទាំងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។ 

លោកបន្ថែមថា៖ «បន្តជំរុញការអនុវត្តគោលនយោបាយថ្លៃទឹកស្អាតប្រកបដោយសមធម៌ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់កសិឧស្សាហកម្ម បណ្ដុំសហគ្រាសធុនតូច និងមធ្យម និងទីប្រជុំជនដែលមានសកម្មភាពសេដ្ឋកិច្ច និងនគរូបនីយកម្មរីកចម្រើនឆាប់រហ័ស»។

បើតាមលោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានអនុម័តប្រភពមូលនិធិទ្រទ្រង់ថវិកា សរុបប្រមាណ៦០លានដុល្លារអាមេរិក សម្រាប់កសាងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សរុបប្រមាណ ២៧ ៥០០គ្រួសារ, ពីឆ្នាំ២០២៥ ដល់២០២៧ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត។

តែយ៉ាងណា ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនឱ្យដឹងថាពួកគាត់នៅមិនទាន់មានប្រភពទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងតម្រូវការប្រចាំថ្ងៃនៅឡើយ។ពលរដ្ឋស្នើសុំរដ្ឋាភិបាលវិនិយោគលើវិស័យទឹកស្អាតបន្ថែមទៀត ដើម្បីចៀសឆ្ងាយពីការប្រើប្រាស់ទឹកចេញពីប្រភពមិនល្អសម្រាប់សុខភាព និងអនាម័យ។

ទោះជាយ៉ាងណា អនុប្រធានសហគមន៍តាំងជិ នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី លោក ក្លាន វង់ លើកឡើងថា សហគមន៍របស់លោកមិនទាន់មានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយ ដោយក្នុងសហគមន៍ ពលរដ្ឋប្រើទឹកអណ្ដូងជាប្រភពចម្បង។ តែយ៉ាងណា លោកថា អណ្ដូងនោះមានចំនួនតិចដែលតម្រូវឱ្យពលរដ្ឋប្រើប្រាស់ជារួម ចំណែកពលរដ្ឋខ្លះប្រើប្រាស់ទឹកចេញពីប្រភពបឹងបួ ដែលលោកថាប្រភពទាំងអស់នោះមិនមានសុវត្ថិភាពចំពោះសុខុមាលភាពអ្នកប្រើប្រាស់ ព្រោះវាអាចបង្កជាជំងឺរាគរូសជាដើម ប្រសិនបើមិនចំអិនឱ្យបានឆ្អិនល្អ មុននឹងទទួលទាន។

លោកថា៖ «មានប្រជាពលរដ្ឋឈឺដោយសារហូបទឹកមិនស្អាតដែរ មិនអត់ទេ។ ចង់និយាយថាគម្រោងឃុំឮថានឹងមានការកសាងប្រព័ន្ធទឹកស្អាតចឹងណា តែមិនដឹងពេលណា។ បើបានប្រព័ន្ធទឹកស្អាតហ្នឹងហើយល្អ។ បើមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ទៅវាអាចគ្រប់គ្រាន់ ដោយសារមួយភូមិនេះមានតែអណ្ដូងមួយចឹងណា»។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋក៏គាត់ចង់បានដែរ ព្រោះអ្នកខ្លះទៅគាត់ប្រើទឹកអូរ​ឯណាឯណីចឹងទៅ»។ 

ស្រដៀងគ្នានេះដែរ មេឃុំស្រែព្រះ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ប៉ឹប ប៉េ លើកឡើងថាទឹកស្អាតមានសារសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋនៅឃុំរបស់លោក។ 
លោកថា ពលរដ្ឋភាគច្រើនប្រើប្រាស់ទឹកអណ្ដូងសម្រាប់ងូត ចម្អិនអាហារ និងទទួលទាន តែលោកថាទឹកអណ្ដូងពេលខ្លះមានកករដែលមិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ទេ។ 

លោកថា ឃុំរបស់លោកមិនទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ហើយថាគម្រោងកសាងប្រព័ន្ធទឹកស្អាតហាក់មិនទាន់ចេញជារូបរាង បើទោះបីជាមានការស្នើសុំតាមរយៈឃុំ។

លោកថា៖ «ទឺកអណ្ដូងពេលខ្លះវាមានកករដែរ។ ចឹងវាមានហើយឈឺរាគរូសអីនោះ។ អ្នកខ្លះអត់លុយទឹកអាទឹក២០ លីតអីគេនោះ ក៏គាត់ហូបទឹកហ្នឹង។ អ្នកខ្លះគាត់ដាំហូប តែអ្នកខ្លះគាត់ហូបឆៅដែរហ្នឹង។ អីចឹងបញ្ហាសុខភាពមិនអត់ទេ តែធ្វើម៉េចយើងមិនទាន់មានទឹកស្អាត់គ្រប់គ្រាន់ដល់ពួកគាត់ចឹងណា»។

លោកបន្ថែមថា៖ «បើយើងចង់បុកអណ្ដូងក៏ពិបាក ដោយសារដីវាខ្ពស់។ វាពិបាកត្រង់ហ្នឹង។ ចង់ឱ្យមានគម្រោងហ្នឹងដែរ តែរដ្ឋាភិបាលទម្លាក់ដែរតែនៅមានកម្រិតចឹងណា ដោយសារប្រជាជនយើងអត់នៅប្រមូលផ្ដុំទេ នៅដាច់ៗពីគ្នា។ បើរដ្ឋាភិបាលមានថវិការទម្លាក់រឿងទឹកហ្នឹងកាន់តែល្អ»។

ប្រធានអង្គការភ្លែនអន្តរជាតិកម្ពុជា លោក យី គឺមថាន លើកឡើងថា ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតទៅកាន់ទីជនបទមានសារសំខាន់សម្រាប់សុខុមាលភាពរបស់ពលរដ្ឋ ព្រោះការដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកចេញពីប្រភពមិនស្អាតនាំឱ្យកើតជំងឺផ្សេងៗ។ លោកថា ដើម្បីសម្រេចបានតាមគោលនយោបាយរបស់ក្រសួងអភិវឌ្ឍជនបទ គឺរដ្ឋាភិបាលត្រូវ​​ធ្វើការវិនិយោគបន្ថែមទៀតលើប្រព័ន្ធចែកចាយទឹកដូចជាប្រព័ន្ធទុយោ ប្រភពទឹក និងសេវាផ្គត់ផ្គង់ផ្សេងៗទៀតឱដល់សហគមន៍។

លោកថា៖ «ការទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទគឺមានសារសំខាន់ណាស់ ព្រោះយើងឃើ់ញថាកន្លងមកគឺពេលដែលប្រជាពលរដ្ឋយើងប្រើប្រាស់ទឹកមិនស្អាត ឬក៏កង្វះអនាម័យវានាំឱ្យកើតជំងឺរាគរូសជាច្រើនក៏ដូចជាទៅដល់កុមារមានបញ្ហាសុខភាព ជាពិសេសគឺកង្វះអាហារូបត្ថម្ភ ដោយសារកើតជំងឺ ដែលធ្វើឱ្យសុខភាពកុមារមានបញ្ហា»។

លោកបន្ថែមថា៖ «អ្វីដែលសំខាន់ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍជនបទ ក៏ដូចជារាជរដ្ឋាភិបាលថ្មីឱ្យប្រជាពលរដ្ឋទទួលបានទឹកប្រកបដោយសុវត្ថិភាពនៅឆ្នាំ២០៣០ គឺទាមទារឱ្យមានការវិនិយោគថែមទៀត ជាពិសេសធ្វើម៉េចឱ្យមានប្រភពទឹកសុវត្ថិភាពតាមរយៈការវិនិយោគលើការសាងសង់នូវប្រព័ន្ធចែកចាយទឹកទុយោខ្នាតតូចនៅក្នុងសហគមន៍នៅតាមភូមិនីមួយៗហ្នឹង ក៏ដូចជាកន្លែងមានទឹកទន្លេ បឹងអី ត្រូវមានកន្លែងប្រព្រឹត្តិកម្មទឹកដើម្បីឱ្យទឹកសុវត្ថិភាព»។

របាយការណ៍ក្រសួងអភិវឌ្ឍជនបទ បង្ហាញថា គិតត្រឹមឆ្នាំ ២០២៤ ប្រជាជនកម្ពុជា ៨៧% មានលទ្ធភាពទទួលបានទឹកស្អាតជាមូលដ្ឋាន ខណៈដែលសេវាទឹកស្អាតគ្រប់គ្រងដោយសុវត្ថិភាពបានឈានដល់ ២១ភាគរយ។ ចំពោះផ្នែកអនាម័យ ប្រជាជន ៩២% ទទួលបានអត្ថប្រយោជន៍ពីគ្រឿងបរិក្ខារជាមូលដ្ឋាន ដែលក្នុងនោះ ៥១% មានលទ្ធភាពទទួលបានសេវាអនាម័យដោយសុវត្ថិភាព។ រដ្ឋាភិបាលកម្ពុជាកំណត់គោលដៅ ឆ្នាំ២០៣០ ដើម្បីឱប្រទេស​កម្ពុជាទទួលបានការប្រើប្រាស់ទឹកស្អាត ១០០ ភាគរយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2051}" data-page="1" data-max-pages="1" data-start="1" data-end="1">