រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បញ្ជាឱ្យមន្ត្រីក្រោមឱវាទបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ស្របពេលគាត់ប្រកាសឱ្យផ្អាកផាកពិន័យចរាចរណ៍។លោក ស សុខា មានប្រសាសន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លោកបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តការពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងដដែល ដោយផ្អាកតែការផាកពិន័យចរាចរណ៍។
លោកថា៖ «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឱ្យផ្អាកទាំងអស់»។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ គាំទ្រចំពោះវិធានការរបស់ក្រសួងមហាផ្ទៃ ព្រោះថាវិធានការនេះជាការយោគយល់ពេលមានវិបតត្តិផង និងមិនបណ្ដោយឱ្យកើតមានបញ្ហាអសន្តិសុខផង។
លោកថា៖ «ខ្ញុំគិតថាវាជាការយកចិត្តទុកដាក់មួយរបស់រដ្ឋាភិបាល ទី១គឺអត់ចង់ឱ្យមានមនុស្សស្លាប់ ទី២គឺយើងអត់អាចព្រលែងការងារសន្តិសុខ និងសណ្ដាប់ធ្លាប់បាន»។
ជាមួយគ្នានេះ លោកអំពាវនាវដល់ពលរដ្ឋឱ្យរក្សាសុវត្ថិភាពពេលធ្វើដំណើរតាមដងផ្លូវ ទោះបីជាមិនមានការផាកពិន័យជាប្រាក់ក៏ដោយ។
លោកបន្ថែមថា៖ «បើយើងជៀសមិនផុសពីការប្រើប្រាស់គ្រឿងស្រវឹងឬក៏អីទេ សូមកុំបើកបរ ពីព្រោះ វាមិនត្រឹមតែបណ្ដាលឱ្យមានគ្រោះថ្នាក់ខ្លួនឯងទេ ថែមទាំងឱ្យអ្នកដទៃចូលរួមគ្រោះថ្នាក់ជាមួយយើងដែរ[…]អ៊ីចឹងសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ ដែលធ្វើឡើងដោយតម្លាភាព មានន័យថាទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ»។
ចំណែកឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា គាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃដែលបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ព្រោះដើម្បីការពារសន្តិសុខសង្គម។
លោកថា៖ «ការត្រួតពិនិត្យគ្រឿងស្រវឹងវាជារឿងត្រឹមត្រូវហើយ ជាតិផ្ទុះជាតិអីហ្នឹងគឺដើម្បីសន្តិសុខជាតិ ហើយករណីដែលថាផ្អាកមិនយកទាក់ទងនឹងការផាកពិន័យចរាចរណ៍ផ្លូវលំ ផ្លូវជាតិអីហ្នឹង យើងមើលថាពេលនេះប្រជាពលរដ្ឋកំពុងតែជួបទុក្ខក្នុងកត្តាជីវភាព ទុក្ខនូវបំណុល បញ្ហាវិបត្តិសកល ថាមពលប្រេងឥន្ធនៈក៏វាជួបការលំបាក[…]អ៊ីចឹងខ្ញុំថាការផាកពិន័យផាកអីហ្នឹងយើងកុំទៅយកលុយយកកាក់គាត់ គ្រាន់តែណែនាំគាត់ឱ្យគាត់គោរពច្បាប់ចរាចរណ៍»។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ផ្អាកអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បន្ទាប់ពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ក្រោយមកចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យត្រួតពិនិត្យនូវការអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅនានា តែមិនឱ្យផាកពិន័យនោះទេ ក្រោយពីសង្កេតឃើញថាចាប់ពីថ្ងៃទី២៥ សីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ កញ្ញា ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងដល់ ៦៣លើក ស្មើនឹង ១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ហើយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា នគរបាលនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង៕







