រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដឹកនាំអង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិធំៗប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលយោធាថៃរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះសម្បែងពលរដ្ឋភៀសសឹកស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រៅពីនោះ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលបានឃ្លាតឆ្ងាយពីផ្ទះសម្បែងដោយសារការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតរបស់យោធាថៃ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង មានចំនួន៧៦គ្រួសារ និងកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកទាំងស្រុង។
យោធាថៃបានបន្តធ្វើសកម្មភាពរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកទឹកដីកម្ពុជា បើទោះជាភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី។
ក្រសួងការបរទេសកម្ពុជាតែងតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដែលក្រសួងចោទថា បានកែប្រែបរិយាកាសសន្តិសុខទាំងក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។
ប្រឈមនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជាតែងទទូចឱ្យថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ក៏បានបន្តចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ផលប៉ះពាល់ដែលបន្សល់ទុកពីសង្គ្រាមព្រំដែនខ្មែរ-ថៃ ចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តំបន់ទាំង៣នោះ មានតំបន់អូរភ្លុកដំរី នៅមណ្ឌលសុខភាពហ៊ុនសែនថ្មដា និងនៅច្រកជ័យជំនះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា តំបន់ទាំង៣នេះ គឺជាតំបន់ស៊ីវិល ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនបានរងការបំផ្លិចបំផ្លាញក្រោមស្នាដៃរបស់យោធាថៃ៕







