រដ្ឋមន្រ្តីក្រសួងកសិកម្មលោក ឌិត ទីណា បានប្រតិកម្មនឹងការលើកឡើងរបស់លោក តាន់ គឹមសួរ អ្នកអត្ថាធិប្បាយសង្គមដែលបានចោទប្រកាន់មន្រ្តីរដ្ឋបាលព្រៃឈើនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ថា ព្រងើយកន្តើយករណីបទល្មើសព្រៃឈើ ក្រោយរាយការណ៍។
លោក តាន់ គឹមសួរ ដែលមហាជនទូទៅស្គាល់ថា ជាអ្នកឈឺឆ្អាលបទល្មើសព្រៃឈើនៅកម្ពុជាមួយរូបដែរនោះ បានបង្ហោះឃ្លីបវីដេអូមួយកាលពីថ្ងៃទី២៦ ខែមីនា ដោយចោទមន្រ្តីរដ្ឋបាលព្រៃឈើ មានស្នាក់ការនៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ថា បានបដិសេធក្នុងការចុះបង្រ្កាបបទល្មើសព្រៃឈើ ក្រោយលោករាយការណ៍ឱ្យដឹង។
ក្នុងវីដេអូនោះ លោក គឹមសួរ ក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ ចាត់វិធានការចំពោះមន្រ្តីអសកម្មទាំងនេះ ដែលលោកបានពិពណ៌នាថា វត្តមានមន្រ្តីបែបនេះទើបនាំឱ្យបទល្មើសធនធានធម្មជាតិកើតឡើង។
លុះដល់វេលាម៉ោងជិតពាក់កណ្ដាលអាធ្រាតក្នុងថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងកសិកម្មលោក ឌិត ទីណា ក៏បានបង្ហោះរូបភាពដែលថតចេញពីឃ្លីបវីដេអូរបស់លោក គឹមសួរ និងបានសរសេររៀបរាប់ ដោយបញ្ជាក់ថា អគ្គនាយកព្រៃឈើ នឹងចុះស៊ើបអង្កេតករណីនេះឱ្យច្បាស់ ហើយរកអ្នកទទួលខុសត្រូវ ប្រសិនរកឃើញថាមានកំហុសពិតមែន។ លោក ទីណា ក៏ស្នើឱ្យលោក គឹមសួរ សហការផ្ដល់ព័ត៌មានឱ្យបានច្បាស់ផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានឃើញផុសនេះ ហើយ។ ឯឧ អគ្គនាយកព្រៃឈើ និងសត្វព្រៃនឹងអង្កេតរឿងនេះអោយបានច្បាស់លាស់ សូមលោក តាំង គឹមសួរ ចូលមកសហការ ផ្តល់ពត៌មានឱ្យច្បាស់លាស់ យើងនឹងកំណត់ឱ្យជាក់អ្នកទទួលខុសត្រូវ បើសិនជាករណីនេះរកឃើញថាមានកំហុស»។
ជាការឆ្លើយតប នៅថ្ងៃសុក្រនេះ លោក តាន់ គឹមសួរ បានចែករំលែកការបង្ហោះរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយសរសេរថា ករណីបទល្មើសព្រៃឈើចេះតែកើតមានដដែលៗ ទើបលោកសម្រេចបរិយាយតាមបណ្ដាញសង្គម។ បន្ថែមពីលើនេះ លោកអះអាងថា ប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានឈប់សហការគ្នាក្នុងការធ្វើការជាមួយលោកទៀតហើយ។
បើតាមសាររៀបរាប់ខាងលើ លោក គឹមសួរ ក៏ទទូចឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ពិនិត្យឡើងវិញទាក់ទិននឹងភាពមិនប្រក្រតីរបស់មន្រ្តីក្រោមឱវាទនៅគ្រប់ទីស្នាក់ការរដ្ឋបាលព្រៃឈើទាំងអស់។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ក្នុងករណីរកឃើញមានមន្រ្តីធ្វេសប្រហែលក្នុងការតួនាទីមែននោះ ក្រសួងកសិកម្មនឹងចាត់វិធានការដោយគ្មានការយោគយល់។ តែទោះជាយ៉ាងណាក៏ដោយ លោកថា អគ្គនាយកដ្ឋានព្រៃឈើមិនទាន់ទទួលបានព័ត៌មានបន្ថែមពីលោក គឹមសួរ នៅឡើយទេ ដោយសារលោក គឹមសួរ កំពុងជាប់ចុះតាមខេត្ត ហើយប្រហែលជា១០ថ្ងៃទៀតទើបអាចជួបជជែកគ្នាបាន។
លោកនិយាយថា៖ «ទោះជាយ៉ាងណា ដូចដែលឯកឧត្តមរដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ជាសាធារណៈរួចហើយ ជំហររបស់ក្រសួងគឺម៉ឺងម៉ាត់ ហើយប្រសិនបើពិតជាមានមន្ត្រីណាមួយមានការធ្វេសប្រហែសក្នុងតួនាទីមែន ក្រសួងនឹងចាត់វិធានការដោយគ្មានការយោគយល់ឡើយ»។
ប្រជាកាសែតមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក តាន់ គឹមសួរ បាននឡើយទេ។
បើតាមការរៀបរាប់របស់លោក តាន់ គឹមសួរ នៅក្នុងឃ្លីបវីដេអូ មន្រ្តីរដ្ឋបាលព្រៃឈើដែលមានស្នាក់ការនៅភូមិរលួស ឃុំរលួស បានបដិសេធក្នុងការចុះបង្រ្កាបបទល្មើសព្រៃឈើ ក្រោយលោករាយការណ៍ថា មានជនសង្ស័យកំពុងរៀបចំដឹកជញ្ជូនឈើចេញ។ លោកក៏លើកឡើងជាចម្ងល់ថា តើមន្រ្តីទាំងនេះមានគប់គិតជាមួយជនសង្ស័យដែលប្រព្រឹត្តបទល្មើសព្រៃឈើដែរឬទេ ទើបពលរដ្ឋមករាយការណ៍បែរជាធ្វើមិនដឹងមិនឮ។
លោកនិយាយថា៖ «ពួកយើងបានឃើញនូវគំនរឈើបទល្មើសធនធានធម្មជាតិដែលកំពុងរៀបចំជញ្ជូនចេញ ហើយក៏មកធ្វើការរាយការណ៍មកមន្រ្តីរដ្ឋបាលព្រៃឈើនៅខាងនេះតែម្ដង រាយការណ៍ទៅ […] ដើម្បីឱ្យចុះទៅ ដើម្បីបង្រ្កាប ដើម្បីដកហូត យកមកទុកជាសម្បតិ្តរដ្ឋវិញ ប៉ុន្តែគាត់លើកឡើងមកថា គាត់អត់ធ្វើទេ។ ឥឡូវសួរថា បើអត់ធ្វើទេ ស្នាក់ការដ្ឋបាលព្រៃឈើបង្កើតឡើងនេះ បង្កើតឡើងដើម្បីអី»។
នៅខែមេសា ឆ្នាំ២០២៥ អត្ថបទស៊ើបអង្កេតមួយរបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ (Mongabay) បានចុះផ្សាយថា កម្ពុជាបាត់បង់ព្រៃឈើជាង ១សែន ២ម៉ឺនហិកតា (១២១ ០០០ហិកតា) ក្នុងតំបន់អភិរក្ស។ ប្រភពដដែល បន្ថែមថា ក្នុងចំណោមតំបន់ការពារទាំងអស់ក្នុងប្រទេសកម្ពុជា ដែនជម្រកសត្វព្រៃឡង់ បានបាត់បង់ព្រៃឈើខ្ពស់បំផុត ដោយបាត់បង់ព្រៃជាង ១ម៉ឺនហិកតា (១១ ៥០០ហិកតា) ទៀតក្នុងឆ្នាំ២០២៣។
កាលពីពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន រដ្ឋមន្រ្តីលោក អ៊ាង សុផល្លែត ព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងថែមទៀត ចំពោះជនល្មើសកាប់ឈើក្នុងព្រៃអភិរក្ស ដោយគ្មានការលើកលែងទាំងបុគ្គល និងអ្នកពាក់ព័ន្ធដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់រុករានយកដីព្រៃឈើខុសច្បាប់។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជាលោក ម៉ើ ចាន់ដារ៉ា យល់ថា ការលើកឡើងរបស់លោក គឹមសួរ ជាករណីត្រឹមត្រូវមួយ ដោយលោក ចាន់ដារ៉ា សង្ស័យថា មន្រ្តីការពារព្រៃឈើមួយចំនួនអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ប្រសិនបើឈ្មួញអាចដឹកឈើចេញពីតំបន់ការពាររបស់ខ្លួនបាន។
លោក បន្តថា៖ «ខ្ញុំគិតថា ប្រសិនបើលោក តាន់ គឹមសួរ មានភស្តុតាងជាក់លាក់ គាត់គួរតែដាក់ពាក្យបណ្ដឹងទៅភាគីពាក់ព័ន្ធ។ ប្រសិនបើដែនជម្រកសត្វព្រៃ ឬមួយក៏ស្នាក់ការរដ្ឋបាលព្រៃឈើស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលព្រៃឈើ គាត់គួរតែដាក់ពាក្យទៅរដ្ឋបាលព្រៃឈើ ដើម្បីសុំការអន្តរាគមន៍»៕







