បក្សប្រឆាំងទាមទារឱ្យរដ្ឋាភិបាលវែកមុខឧក្រិដ្ឋជនក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក

សង្គម

(លោក សេង មារឌី និងសមាជិកសមាជិកការបក្សភ្លើងទៀន ឆន្ទៈខ្មែរនិងថ្នាក់ដឹកនាំបក្សកម្លាំងជាតិ ចូលរួមពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកស្លាប់ដោយសារព្រឹត្តិការណ៍គប់គ្រាប់បែក។ (រូបភាពបណ្ដាញសង្គមហ្វេសប៊ុកថ្នាក់ដឹកនាំបក្សប្រឆាំង)។

អ្នកនយោបាយបក្សប្រឆាំងបន្តទាមទារឱ្យរដ្ឋាភិបាលវែកមុខឧក្រិដ្ឋជននៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មកផ្តន្ទាទោសតាមច្បាប់ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ។

ការទាមទារនេះ ធ្វើឡើងនៅក្នុងពេលអ្នកនយោបាយមកពីគណបក្សភ្លើងទៀន គណបក្សឆន្ទ:ខ្មែរ រួមទាំងបក្សនយោបាយផ្សេងទៀតចូលរួមពិធីរំលឹកខួបលើកទី២៩ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈបាតុករ ដែលបាត់បងជីវិត ដោយការវាយប្រហារគ្រាប់បែកដៃ កាលពី២៩ឆ្នាំមុន។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ អតីតប្រធានគណបក្សភ្លើងទៀន លោក សម រង្សី បានដឹកនាំធ្វើបាតុកម្មអហិង្សា នៅខាងមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង ដើម្បីទាមទាររកយុត្តិធម៌សង្គម ទាមទារលក្ខខណ្ឌការងារជូនក្រុមកម្មករ និងទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ។ នៅពេលនោះ ក្រុមឧក្រិដ្ឋជន បានវាយប្រហារដោយប្រើគ្រាប់បែកដៃចំនួន ៤ គ្រាប់ មកលើហ្វូងបាតុករអហិង្សា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច ១៦ នាក់ និងរបួសជិត ១០០ នាក់។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក សេង ម៉ារឌី ថ្លែងថា ជិត៣០ឆ្នាំហើយ ដែលយុត្តិធម៌នៅមិនទាន់អាចធានាដល់ជនរងគ្រោះ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់នៅតែទន្ទឹងរង់ចាំយុត្តិធម៌ពិតប្រាកដមួយ។ លោកបន្តថា ទន្ទឹមនឹងការស្វែងរកយុត្តិធម៌នេះ ប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាននូវការកសាង អនាគតរួមគ្នាមួយដែលពោរពេញទៅដោយក្តីសង្ឃឹម។

លោកថា៖ «យើងមិនអាចស្ងប់ចិត្តឡើយ ដរាបណាជនរងគ្រោះមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដ ។ ការរៀបចំ ពិធីរំលឹកខួបនេះមិនមែនគ្រាន់តែបង្ហាញនូវភាព ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបន្លឺសំឡេងទាមទារឱ្យមានការបន្តស៊ើបអង្កេត ប្រកបដោយតម្លាភាព ។ យើងទទូចប្រាប់ដល់រាជរដ្ឋាភិបាលថា យុត្តិធម៌ដែលយឺតយ៉ាវ គឺជាការបដិសេធយុត្តិធម៌ ។សូមវែកមុខរកជនដៃដល់មកទទួលខុស ត្រូវចំពោះមុខច្បាប់ ដើម្បីលាងជម្រះ ភាពអយុត្តិធម៌នេះជូនប្រជាពលរដ្ឋ» ។

លោកបន្ថែមថា៖ «ដើម្បីឱ្យសង្គម ជាតិយើងអាចឈានទៅមុខបានដោយរឹងមាំ និងមានឯកភាពជាតិពិតប្រាកដ យើងសូមអំពាវនាវដោយទទួចដល់រាជរដ្ឋាភិបាល មេត្តាពិចារណាលើកលែង ទោសនិងផ្តល់សេរីភាពឡើងវិញដល់សកម្មជន និងអ្នកដែលត្រូវបានឃុំខ្លួន ដោយសារហេតុផលនយោបាយគ្រប់រូប។ ការផ្តល់សេរីភាពដល់ពួកគាត់ មិនមែន គ្រាន់តែជាការបង្ហាញនូវសមានចិត្តមេត្តាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវការ ប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេរីភាពនយោបាយ និង សិទ្ធិក្នុងការបញ្ចេញមតិយោបល់ ដែលជាដង្ហើមនៃសង្គមប្រជាធិបតេយ្យ»។

ស្រដៀងគ្នានេះដែរ អគ្គលេខាធិការគណបក្សគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ និយាយថា ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាអំពើភេវរកម្មដ៏សាវហាវយង់ឃ្នង ដែលមិនមែនតែប្រជារាស្ត្រខ្មែរទេ គឺពិភពលោកទាំងមូលចង់ចាំ ។ លោកថា អស់រយៈពេល ២៩ឆ្នាំ បានកន្លងផុតទៅហើយ ប៉ុន្តែសមត្ថកិច្ច នៅតែមិនទាន់អាចវែកមុខឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយទេ។

លោកថា៖ «២៩ឆ្នាំ បានកន្លងផុតទៅហើយ ក៏ប៉ុន្តែរដ្ឋអំណាចដែលមានសមត្ថកិច្ច នៅតែមិនទាន់អាចវែកមុខឧក្រិដ្ឋជនឲ្យ ឃើញច្បាស់លាស់ ឬពិតប្រាកដ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់បាននៅ

ឡើយទេ។ អ្វីដែលយើងទាំងអស់គ្នាបាននិងកំពុងតែរង់ចាំ ក៏ដូចជាអ្វីដែលប្រជា រាស្ត្រខ្មែរគ្រប់ៗគ្នាចង់បាន គឺយុត្តិធម៌ពិតប្រាកដមួយសម្រាប់ជនរងគ្រោះ»។

លោកបន្ថែមថា៖ «សូមអំពាវនាវដល់យុវជនសម័យនេះ ចងចាំនូវការលះបង់ និងវី រៈភាពរបស់យុវជនយុវនារីកាលពី២៨ឆ្នាំមុន ដែលបានតស៊ូដើម្បី«បុព្វហេតុ យុត្តិធម៌» នាពេលនោះ ។ យើងនៅតែមានជំនឿថា យុត្តិធម៌ និងលទ្ធិប្រជាធិប តេយ្យប្រាកដជានឹងកើតមានឡើងពិតប្រាកដតាមរយ:ការចូលរួមរបស់បងប្អូន ទាំងអស់គ្នា»។

ពលរដ្ឋដែលបានចូលរួមម្នាក់ មកពីខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ឃុត សុភ័ង លើកឡើងថា ការប្រារពខួបលើកទី២៩ នេះ គឺជាការគោរពដួងវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានពលីជីវិតសម្រាប់ប្រទេសជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ក្នុងសោកនាដកម្មឆ្នាំ១៩៩៧។ លោកសុភ័ង អំពាវនាវឱ្យរដ្ឋាភិបាលរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមលើកកំពស់សិទ្ធិធ្វើបាតុកម្មដោយអហិង្សា និងគោរពសិទ្ធិមនុស្ស ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។

លោកថា៖ «ការប្រារពនេះដែរយើងធ្វើឡើងក្នុងគោលបំណងស្វែងរកយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជូនពលរដ្ឋខ្មែរអំឡុងស្មារតីនៃការបាតុកម្មនេះកន្លងទៅ។ ការប្រារពនេះគឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកទទួលរងគ្រោះដែលបានបាត់បង់ជីវិតក្នុងពេលនោះ ហើយអំពាវនាវដល់រដ្ឋាភិបាលស្វែងរកយុត្តិធម៌ និងរកជនដៃដល់ដែលបានបង្កហេតុធ្វើឱ្យមានសោកនាដកម្មអំឡុងពេល២៩ ឆ្នាំកន្លងទៅ»។

ឆ្លើយតបចំពោះការទាមទារនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់ប្រជាកាសែតយ៉ាងខ្លីថា ករណីបោកគ្រាប់បែកនេះអាជ្ញាធរបានស៊ើបរកយុត្តិធម៌ជូនជនរងគ្រោះ និងបានបិទបញ្ចប់ករណីនេះរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយបក្សប្រឆាំងបានចាត់ទុកការស៊ើបអង្កេតរបស់អាជ្ញាធរនាពេលកន្លងមកថាធ្វើឡើងមិនមានតម្លាភាព គ្មានភាពឯករាជ្យ និងមិនទាន់អាចទុកចិត្តបាន។ ពួកគេនៅតែបន្តអំពាវនាវឱ្យរដ្ឋាភិបាលស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើករណីនេះ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2077}" data-page="1" data-max-pages="1" data-start="1" data-end="1">