ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចផ្តល់ប្រាក់ ២,៥០ដុល្លារ បន្ថែមដល់កម្មករនិយោជិតក្នុងមួយខែ សម្រាប់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ស្ថានភាពតម្លៃប្រេងវិលត្រឡប់មកប្រក្រតីភាពវិញដើម្បីឆ្លើយតបចំពោះតម្លៃប្រេងឡើងថ្លៃ។
ចំណាត់ការនេះធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលមានសមាជិករួមមានភាគីរដ្ឋាភិបាល និយោជក និងសហជីព បានបើកកិច្ចប្រជុំនៅរសៀលថ្ងៃសុក្រ ទី២០ ខែមីនា ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈសកល។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបានបញ្ចប់ រដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថា អង្គប្រជុំបានឯកភាពក្នុងការផ្ដល់ប្រាក់បន្ថែមដល់កម្មករនិយោជិតប្រមាណ១០០០០រៀល ដើម្បីជួយដោះស្រាយលើការចំណាយរបស់កម្មករបានមួយចំណែក។
លោក និយាយថា៖ «ខ្ញុំគិតថា ការបន្ថែម២,៥០ ក្នុងមួយខែ ជាបណ្ដោះអាសន្ននេះនឹងអាចជួយសម្រាលបន្ទុកបងប្អូនកម្មករនិយោជិតយើង បានមួយចំណែកធំ ដោយសារតាមការអង្កេតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះ ដែលបានធ្វើតាំងពីថ្ងៃចន្ទ រហូតមកដល់ពេលនេះ គឺជាមធ្យោមអ្នកដែលធ្វើការផ្ដល់សេវាដឹកជញ្ជូនគឺបានស្នើសុំដំឡើងបន្ថែមចន្លោះពី ៨០០០រៀល ទៅ១២០០០រៀល ក៏ប៉ុន្តែកន្លែងខ្លះ ដែលឆ្ងាយក៏មានការស្នើសុំរហូតដល់២០០០០រៀល»។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក អាត់ ធន់ គាំទ្រចំពោះការបន្ថែមប្រាក់ដល់កម្មករនិយោជិតក្នុងស្ថានភាពលំបាកនេះ។ យ៉ាងណាលោកថា ការបន្ថែមប្រាក់ប្រមាណ១ម៉ឺនរៀល ជាចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងផលប៉ះពាល់ដែលកើតឡើងលើកម្មករនិយោជិត ដែលលោកយល់ថា រដ្ឋាភិបាលត្រូវមានយន្តការក្នុងការទប់តម្លៃប្រេងឥន្ធៈកុំឱ្យកើនឡើងបន្ថែមទៀត ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងរបស់ពលរដ្ឋជាពិសេសកម្មករ។
លោក និយាយថា៖ «តែខ្ញុំគិតថាចំនួន ជាចំនួនតិចណាស់ វាមិនច្រើនតាមអ្វីដែលផលប៉ះពាល់ហ្នឹង។ យើងខ្ញុំមិនទាន់គណនាថា វាប៉ះប៉ុណ្ណាទេព្រោះវាលឿនពេក ពីព្រោះតម្លៃសាំងមួយថ្ងៃឡើង មួយថ្ងៃចុះ ចឹងខ្ញុំអត់ដឹងថាប៉ុន្មានសមនៅឡើយ តែអាចនិយាយជាខ្លីថាប៉ុណ្ណឹងវានៅតិចនៅឡើយ»។
កម្មការិនីបម្រើការងារនៅរោងចក្រស្តារឡៃថ៍ នៅតំបន់សេដ្ឋកិច្ច 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល អ្នកស្រី អ៊ិន គឹមលាង អាយុ៤០ ឆ្នាំ និយាយថា ការបន្ថែមប្រាក់ប្រមាណ១ម៉ឺនរៀលនេះ នៅមិនទាន់សមរម្យនៅឡើយទេ ដោយគ្រាន់តែរថយន្តដឹកកម្មករដែលអ្នកស្រីធ្វើដំណើរ គ្រោងស្នើសុំប្រាក់បន្ថែម១ម៉ឺនរៀលហើយ ក្រោយការកើនឡើងនូវតម្លៃប្រេង ស្របពេលដែលអ្នកស្រីត្រូវបន្ថែមការចំណាយផ្សេងៗដែលបានឡើងថ្លៃដែរ។
អ្នកស្រី ថា សព្វថ្ងៃអ្នកស្រីបានចំណាយថវិកាលើថ្លៃធ្វើដំណើរពីផ្ទះទៅរោងចក្រចំនួន៥ម៉ឺនរៀលក្នុងមួយខែ ខណៈកន្លងមកនៅពេលដែលប្រេងឡើងថ្លៃ ភាគីរថយន្តក៏បានស្នើសុំ១ម៉ឺនរៀលបន្ថែមពីលើ៤ម៉ឺនរៀល ប៉ុន្តែក្រោយតម្លៃប្រេងចុះមកធម្មតាវិញ ខាងរថយន្តមិនបានចុះថ្លៃវិញឡើយ។
អ្នកស្រី និយាយថា៖ «ខ្ញុំគិតថាវាថ្លៃគាត់ឡើង (១០០០០រៀល) ចឹង វាថ្លៃ។ បើតាមគំនិតខ្ញុំ គ្មានបានទេ បានតែទៅលើឡានដឹកម្មករដដែល គ្មានបានមកកម្មករ ព្រោះអីគាត់ចំណាយមកបានប៉ុណ្ណឹង ឡានគេទារប៉ុណ្ណឹងដែរ។ វាពិបាកដែរព្រោះអីឡូវ អីវ៉ាន់វាថ្លៃចឹង»។
ការកើនឡើងនូវតម្លៃប្រេងឥន្ធៈ បានកើតមាននៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាលពីចុងខែមុន បានសម្រេចបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យមានការបិទច្រកសមុទ្រ ហ័រម៉ូស (Hormuz) ដែលប្រេងនិងឧស្ម័នត្រូវបានដឹកជញ្ជូនតាមច្រកនេះ ប្រមាណ២០ភាគរយសម្រាប់ផ្គត់ផ្គង់លើពិភពលោក។
នៅមុនពេលប៉ះទង្គិចគ្នា តម្លៃប្រេងឥន្ធៈក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រេងសាំងធម្មតាចំនួន ៣,៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៣,៨០០រៀល ក្នុងមួយលីត្រ។ គិតត្រឹមថ្ងៃទី២១ ខែមីនា តម្លៃប្រេងសាំងបានហក់ឡើង ៥,៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦,៧០០រៀល ក្នុងមួយលីត្រ។
សព្វថ្ងៃនេះកម្មកររោងចក្រនៅកម្ពុជាធ្វើដំណើរតាមមធ្យោបាយផ្សេងៗទៅបំពេញការងារតាមរោងចក្រនានា។អ្នកខ្លះធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួននិងមួយចំនួនធំទៀតជិះឡានឈ្នួលជួលជាក្រុមទៅបំពេញការងារ ដោយបង់ប្រាក់ជាខែថ្លៃឡានឈ្នួលក្នុងតម្លៃចាប់ពី២ម៉ឺនរៀលដល់៦ម៉ឺនរៀលចម្ងាយពីរោងចក្រទៅលំនៅឋានរៀងៗខ្លួន៕







