ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ នឹងបន្តគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅមន្ទីរពេទ្យប៉េកាំងមួយរយៈទៀត ដែលពុំទាន់អាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបាន។
សេចក្តីប្រកាសរបស់ព្រះបរមរាជវាំងចុះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រុមគ្រូពេទ្យចិនបានពិនិត្យព្រះរាជសុខភាពថ្វាយសម្ដេចទាំងទ្វេដោយយកចិត្តទុកដាក់បំផុត ហើយនៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ គឺនៅមានបញ្ហាសុខភាពមួយចំនួន ដែលតម្រូវឱ្យតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។
ក្នុងលិខិតរបស់ព្រះបរមរាជវាំងដដែល ក៏បានបង្ហាញពីការនឹករលឹករបស់សម្ដេចទាំងទ្វេជូនប្រជានុរាស្រ្តទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ឱ្យបានជួបនូវសេចក្តីសុខ សេចក្តីចម្រើន។
ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងហ្លួងម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងអំឡុងពេលអវត្តមាននេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីកម្ពុជា៕







