របាយការណ៍UNជំរុញឱ្យភាគីពាក់ព័ន្ធលើកកម្ពស់នាទីស្ត្រីក្នុងកិច្ចការអភិបាលកិច្ចទឹក

សង្គម

(ស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់ជនជាតិដើមភាគតិច យកផ្តិលដងទឹក។(រូបភាពអង្គការអុកស្វាមផ្សាយខែមីនា២០២៦។

របាយការណ៍សង្ខេបរបស់អង្គការសហប្រជាជាតិស្តីពីការ«អភិវឌ្ឍទឹកពិភពលោកឆ្នាំ២០២៦» ដែលចេញផ្សាយកាលពី ខែមីនា បានលើកឡើងថា កាទទួលបានសេវាការទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងតម្លៃសមរម្យ គឺសំខាន់សម្រាប់បំពេញតម្រូវការជីវិតមូលដ្ឋានរបស់មនុស្សទូទាំងពិភពលោក។

របាយការណ៍បន្តថា ៖«នៅពេលខ្វះខានការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) ស្ត្រី និងក្មេងស្រីតែងតែទទួលបន្ទុកធំបំផុតក្នុងការផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ»។

របាយកាណ៍សង្ខេបនេះបន្តថា៖ «ជាទូទៅស្ត្រីមិនសូវមានតំណាងនៅក្នុងការគ្រប់គ្រង និង ការគ្រប់គ្រងការផ្គត់ផ្គង់ទឹក រួមទាំងការផ្តល់ហិរញ្ញប្បទាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងទឹកផងដែរ។ ស្ថានភាពនេះអាចរារាំងដល់ការទទួលបានធនធានទឹក និង ការបែងចែកផលប្រយោជន៍ឱ្យបានស្មើៗគ្នា ដែលកត្តានេះ ជាការគំរាមកំហែងដល់សុខភាព ជីវភាព និងសន្តិសុខ ស្បៀងអាហាររបស់ស្ត្រីផងដែរ»។

ផ្អែកលើរបាយការណ៍នេះ មន្ត្រីតំណាងក្រសួងបរិស្ថាននិងសង្គមស៊ីវិលជំរុញឲ្យមានសមភាព​យេនឌ័រក្នុងវិស័យទឹក ដើម្បីធានាសន្តិសុខទឹកសម្រាប់ទាំងអស់គ្នា។ ការលើកឡើងនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធ«របាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោក»២០២៦ ដោយរៀបចំឡើងដោយអង្គការយូណេស្កូ និងអង្គការអុកស្វាម។

រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងបរិស្ថានអ្នកស្រី ងិន លីណា លើកឡើងថាសន្តិសុខទឹកសម្រាប់ទាំងអស់គ្នា គឺជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកំពុងកៀងគរកិច្ចសហការពីវិស័យជាច្រើន និងភាពជាដៃគូសម្រាប់ការអនុវត្តអភិបាលកិច្ចទឹកដែលប្រកបដោយបរិយាបន្នអោយកាន់តែប្រសើរឡើង។ អ្នកស្រីបន្ថែមថា បរិយាកាស និងសកម្មភាពជាច្រើន ត្រូវបានគាំទ្រដែលធ្វើអោយប្រសើរឡើងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមក្នុងការសម្រេចចិត្តការងារអភិបាលកិច្ចទឹក រួមទាំងការពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានតម្លៃសមរម្យសម្រាប់សហគ្រិនភាពរបស់ស្ត្រី។

អ្នកស្រីមានប្រសាសន៍ថា ៖«ស្ត្រីមិនត្រឹមតែជាអ្នកប្រើប្រាស់ទឹកប៉ុណ្ណោះទេ ពួកគេក៏ជាអ្នកដឹកនាំផ្នែកទឹកផងដែរ។ នៅទូទាំងប្រទេសកម្ពុជា ស្ត្រីកំពុងគ្រប់គ្រងប្រព័ន្ធទឹកសហគមន៍ ដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនក្នុងស្រុក និងជំរុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ នៅពេលដែលស្ត្រីត្រូវបានរួមបញ្ចូលនៅក្នុងការគ្រប់គ្រងទឹក លទ្ធផលកាន់តែប្រសើរឡើង សេវាកម្មកាន់តែមាននិរន្តរភាព ប្រព័ន្ធកាន់តែឆ្លើយតប និងសហគមន៍កាន់តែមានភាពធន់។ សារនេះច្បាស់ណាស់សមភាពយេនឌ័រមិនមែនជាជម្រើសក្នុងការគ្រប់គ្រងទឹកទេ វាជាមូលដ្ឋានគ្រឹះ»។

អ្នកស្រីបន្តលើកឡើងថា ប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យសន្តិសុខទឹកជាបន្ទាន់ ដែលបណ្តាលមកពីការពឹងផ្អែកយ៉ាងខ្លាំងទៅលើទឹកក្រោមដី ការកើនឡើងនៃការទាញយកសម្រាប់ប្រព័ន្ធធារាសាស្រ្ត និងការប្រើប្រាស់ក្នុងទីក្រុង និងការកើនឡើងនៃការប្រែប្រួលអាកាសធាតុ។

អ្នកស្រីបញ្ជាក់ទៀតថា អាទិភាពបន្ទាន់សម្រាប់សារសាធារណៈគឺការអំពាវនាវឱ្យមានបទ​ប្បញ្ញត្តិទឹកក្រោមដីឱ្យកាន់តែរឹងមាំ ការពង្រីកការត្រួតពិនិត្យយ៉ាងឆាប់រហ័ស និងការគាំទ្រគោលដៅសម្រាប់សហគមន៍ងាយរងគ្រោះនៅក្នុងទីក្រុងភ្នំពេញ និងខេត្តដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួត។

អ្នកស្រីបាននិយាយថា៖ «នៅទូទាំងប្រទេសកម្ពុជា និងទូទាំងតំបន់មេគង្គ ទឹកគឺជាធនធានជាមូលដ្ឋានដែលប្រជាជនពឹងផ្អែកយ៉ាងខ្លាំង ប៉ុន្តែសម្ពាធកើនឡើងលើធាតុសំខាន់នេះនៅតែលាក់បាំងជាចម្បង។ កំណើនប្រជាជនយ៉ាងឆាប់រហ័ស ការពង្រីកព្រំដែនកសិកម្ម ការរីករាលដាលនៃទីក្រុង និងលំនាំអាកាសធាតុមិនទៀងទាត់កាន់តែខ្លាំងឡើង បានបង្កើនអត្រាទាញយកលើសពីសមត្ថភាពបំពេញបន្ថែមធម្មជាតិ។ អតុល្យភាពនេះនាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃកម្រិតទឹកក្រោមដី សម្រួលដល់ការជ្រៀតចូលនៃជាតិប្រៃចូលទៅក្នុងស្រទាប់ទឹកក្រោមដី និងអនុញ្ញាតឱ្យមានការជ្រៀតចូលនៃសារធាតុបំពុលដ៏គ្រោះថ្នាក់ដូចជាអាសេនិចចូលទៅក្នុងការផ្គត់ផ្គង់ទឹកស្អាត»។

អ្នកស្រីបន្ថែមថាគ្រោះរាំងស្ងួតយូរ និងការប្រែប្រួលរដូវភ្លៀង បណ្តាលឱ្យលំហូរទន្លេថយចុះ និងបង្ខំឱ្យសហគមន៍ពឹងផ្អែកលើទឹកក្រោមដីកាន់តែច្រើន។ ទឹកក្រោមដីក្លាយជាធនធានសំខាន់សម្រាប់រក្សាជីវភាពនៅតំបន់រងផលប៉ះពាល់។

គោលនយោបាយជាតិអំពីធនធានទឹក (២០០៤) រួមជាមួយច្បាប់គ្រប់គ្រងធនធានទឹក (២០០៧) និងអនុក្រឹត្យពាក់ព័ន្ធ បានកំណត់គោលការណ៍សម្រាប់ការប្រើប្រាស់ទឹកប្រកបដោយចីរភាព សន្តិសុខទឹក និងការចែកចាយដោយសមធម៌។ គោលនយោបាយ និងក្របខណ្ឌច្បាប់ទាំងនេះ រួមជាមួយនឹងការសហការពហុវិស័យ បានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវវិសយ័ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នាដែលរួមមាន តម្លៃសមរម្យ និងចីរភាព ។

យោងតាមទិន្នន័យតាមទិន្នន័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ៦ ស្តីពីការប្រើប្រាស់ទឹកលើកឡើងថា ឆ្នាំ ២០២៤ ប្រជាជនប្រមាណ ៣៣% មានការចូលដំណើរការទឹកស្អាតដែលគ្រប់គ្រងដោយសុវត្ថិភាព។ ទោះបីជាកម្ពុជាមានធនធានទឹកច្រើន ក៏ដោយ តំបន់ខ្លះនៅតែខ្វះទឹកក្នុងរដូវប្រាំង។ បញ្ហានេះប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅ ជាពិសេសស្ត្រី និងកុមារី ដែលរងផលប៉ះពាល់ច្រើនជាងគេ ហើយមានការចូលរួមតិចក្នុងការសម្រេចចិត្ត។
នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា អ្នកស្រី ភាណ សោភ័ណ លើកឡើងថាអង្គការអុកស្វាមបានប្តេជ្ញាចិត្តយូរអង្វែងក្នុងការគាំទ្រ និងលើកកម្ពស់ស្ត្រីជាអ្នកដឹកនាំក្នុងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ។ អ្នកស្រីបញ្ជាក់ថា វិធីសាស្រ្តផ្តោតលើមូលហេតុចម្បង ដើម្បីកាត់បន្ថយវិសមភាព និងគម្លាត និង បង្កើនសមត្ថភាពសម្រាប់លទ្ធផលរយៈពេលវែង។

អ្នកស្រីលើកឡើងថា៖ «យើងជួបជុំគ្នាមិនត្រឹមតែដើម្បីឆ្លុះបញ្ចាំងពីការរកឃើញនៃរបាយការណ៍ដ៏សំខាន់នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីអបអរសាទរទិវាទឹកពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទសកល «កន្លែងដែលទឹកហូរ សមភាពរីកចម្រើន »។ សារនេះរំលឹកយើងថា ទឹកស្អាត និងអនាម័យមិនមែនគ្រាន់តែជាតម្រូវការជាមូលដ្ឋាននោះទេ វាគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន និងជាកត្តាជំរុញដ៏សំខាន់នៃសមភាពយេនឌ័រ»។

អ្នកស្រីបន្តថា ទឹកមានសារៈសំខាន់ខ្លាំងសម្រាប់ជីវិត និងសេដ្ឋកិច្ចនៅកម្ពុជា ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធពីការប្រែប្រួលអាកាសធាតុ នគរូបនីយកម្ម និងតម្រូវការកើនឡើង។ បញ្ហាទាំងនេះប៉ះពាល់ខ្លាំងជាពិសេសដល់ស្ត្រី និងក្មេងស្រី ដែលទទួលបន្ទុកធំបំផុតក្នុងការគ្រប់គ្រងទឹក និងថែទាំគ្រួសារ រីឯការខ្វះទឹកសមធម៌ នាំឱ្យឱកាសក្នុងការអប់រំ សុខភាព និងសេដ្ឋកិច្ចរបស់ពួកគេចុះថយ។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Flavio Bonetti បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការពង្រឹងទំនាក់ទំនងរវាងអភិបាលកិច្ចទឹក សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបន្ថែមទៀតថា អង្គការយូណេស្កូកំពុងធ្វើការទាក់ទងនិងគម្លាតរវាង ទិន្នន័យនិងសមត្ថភាពក្នុងការគ្រប់គ្រងទឹកក្រោមដីឆ្លងព្រំដែន ព្រមទាំងការងារលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រីតាមរយៈចំណុចបង្គោល​យេនឌ័រ និងផែនការសកម្មភាពយេនឌ័រទឹកក្រោមដី។ លើសពីនេះទៀត គម្រោងបម្រុងជីវមណ្ឌលបឹងទន្លេសាប (TSBR) បានបង្កើតយន្តការស្ត្រីជាអ្នកដឹកនាំកម្រិតខ្ពស់ក្នុងកិច្ចការសម្របសម្រួលដើម្បីធានាអភិបាលកិច្ចរឹងមាំ និងបញ្ចូលសមភាពយេនឌ័រក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់គម្រោង។

ក្រឡែកមើលរបាការណ៍សង្ខេបរបស់អង្គការសហប្រជាជាតិវិញបានអំពាវនាវថា ទោះបីស្ត្រី និងក្មេងស្រីមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកក៏ដោយ ពួកគេត្រូវរងផលប៉ះពាល់ខ្លាំងពីកង្វះទឹកស្អាត និងអនាម័យ។ 

របាយការណ៍សង្ខេបនេះលើកឡើងថា៖ «កង្វះទិន្នន័យទឹកបែងចែកតាមភេទនៅតែជាចំណុចមើល មិនឃើញជាមូលដ្ឋាន ដែលធ្វើឱ្យមានការលំបាកក្នុងការ មើលឃើញវិសមភាពនៅក្នុងការទទួលបាន មើលឃើញវិសមភាពនៅក្នុងការទ កម្លាំងពលកម្ម និងការធ្វើសេចក្តីសម្រេចចិត្ត។ ការដោះស្រាយចន្លោះ ខ្វះខាតនេះមានសារៈសំខាន់ដើម្បីឱ្យការអនុវត្ត គោលនយោបាយ និងការវិនិយោគលើទឹកមានប្រសិទ្ធភាព និងគណនេយ្យភាព»។

សេចក្តីថ្លែងបន្តថា៖ «ការដោះស្រាយវិសមភាពផ្អែកលើយេនឌ័រពាក់ព័ន្ធនឹងទឹក គឺជាចំណុចគន្លឹះនៅក្នុងការកាត់បន្ថយភាពក្រីក្រ ការបំពេញ លក្ខខណ្ឌសិទ្ធិមនុស្សក្នុងការទទួលបានទឹក និងអនាម័យ និងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ភាគច្រើន»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2121}" data-page="1" data-max-pages="1" data-start="1" data-end="1">