លោក រ៉ុង ឈុន ប្រកាសតវ៉ាតាមច្បាប់ដល់ទីបញ្ចប់ប្រឆាំងសាដីការតុលាការ

សិទ្ធិមនុស្ស

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន(កណ្ដាល) កំពុងថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សកម្លាំងជាតិនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ (រូបថត៖ ហុង សេរីហ្វុង)

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ថា លោកនឹងប្ដឹងទាស់ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានតម្កល់សាលក្រមសាលាដំបូង និងបន្ថែមទោសដោយដកសិទ្ធិរូបលោកមិនឱ្យធ្វើនយោបាយជាអចិន្ត្រៃយ៍។

សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោកពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ សាលាឧទ្ធរណ៍ភ្នំពេញក៏បានបន្ថែមទោសចំពោះលោក រ៉ុង ឈុន ដោយ ដកហូតសិទ្ធិនយោ​បាយជាអចិន្រ្តៃយ៍ តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានថ្លែងចំពោះក្រុមអ្នកសារព័ត៌មាននៅសន្និសីទកាសែតឯទីស្នាក់ការគណបក្សកម្លាំងជាតិថា លោកនឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ឱ្យកាត់ក្ដីឡើងវិញ។

លោកថា៖ «ដំណាក់កាលដំបូងខ្ញុំត្រូវប្ដឹងទាស់ឱ្យសាលាឧទ្ធរណ៍សវនាការឡើងវិញ។ អ៊ីចឹងនៅពេលដែលសាលាឧទ្ធរណ៍សវនាការឡើងវិញ ថាតើលទ្ធផលបែបណាបែបណីនោះអាហ្នឹងយើងពិនិត្យមើលហើយថាតើលទ្ធផលហ្នឹងយើងអាចទទួលយកបានអត់? បើលទ្ធផលរក្សានៅដដែល អាហ្នឹងយើងអត់អាចទទួលយកបានទេ[…]ខ្ញុំនឹងប្ដឹងមានរយៈពេល៣០ថ្ងៃប្ដឹងទៅសាលាកំពូល អ៊ីចឹងយើងនឹងប្ដឹងបន្ត»។

លោក រ៉ុង ឈុន យល់ថា ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាគឺល្អ ក៏ប៉ុន្តែអ្នកអនុវត្តច្បាប់បានដើរផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន។ ត៉ែយ៉ាងណាទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះនៅតែសង្ឃឹមថានឹងទទួលបានយុត្តិធម៌។

លោកបន្ថែមថា៖ «ច្បាប់ស្រុកយើងមិនជាអាក្រក់ទេ។ ប៉ុន្តែអ្នកអនុវរត្តច្បាប់ហាក់បីដូចមិនបានប្រើប្រាស់ទៅតាមវិជ្ជាជីវៈ មិនមានភាពឯករាជ្យ មើលទៅហាក់បីដូចជាទទួលឥទ្ធិពល។ ហើយរឿងទាំងអស់នេះវាមិនមែនជារឿងកំហុសឆ្គងទេ បើយើងពិនិត្យមើលម្ដងហើយម្ដងទៀតវាជារឿងនយោបាយច្រើនជាងរឿងអនុវត្តច្បាប់»។

មេធាវីរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គឺលោក ជូង ជូងី ប្រាប់ប្រជាកាសែតថា លោកសោកស្ដាយដែលសាលាឧទ្ធរណ៍បើកសវនាការលោក រ៉ុង ឈុន ដោយអវត្តមានមេធាវីការពារក្ដី ដែលការណ៍នេះលោកថាវាបានប៉ះពាល់ការវិនិច្ឆ័យសេចក្ដីរឿង។

លោកថា៖ «គាត់អត់បានបោះបង់ចោលមេធាវីទេ គាត់ត្រូវការមេធាវីការពារ ហើយខ្ញុំក៏អត់បានបោះបង់ចោលកូនក្ដីដែរ យើងត្រូវការចូលទៅការពារទៅតាមផ្លូវច្បាប់។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយគឺសាលាឧទ្ធរណ៍បែរជាបន្តនីតិវិធីដោយអត់មានមេធាវីការពាររឿងក្ដី គឺចំណាត់ការយ៉ាងនេះមិនបានផ្ដល់ភាពត្រឹមត្រូវក្នុងការវិនិច្ឆ័យសេចក្ដីរឿងរបស់គាត់ទេ»។
តែយ៉ាងណា លោកមេធាវីថាលោកមិនទាន់បានពិក្សាជាមួយកូនក្ដីលោកចំពោះរឿងបន្តនីតិវិធីរឿងក្ដីនេះឡើយ។

ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានទេត្រឹមល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការដែលសាលាឧទ្ធរណ៍ប្រកាសសាលដីកាកំបាំងមុខលោក រ៉ុង ឈុន ដោយតម្កល់សាលក្រមផ្ដន្ទាទោសគាត់ និងដកហូតសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ ប៉ះពាល់សកម្មភាពនយោបាយរបស់លោកទាំងស្រុង និងជារៀងរហូត។

លោកថា៖ «ម្សិលមិញចេញថាដកហូតសិទ្ធិធ្វើនយោបាយបានន័យថា គាត់មិនអាចធ្វើសកម្មភាពនយោបាយអីបានតទៅទៀត។ អ៊ីចឹងយើងមើលទៅករណីលោក រ៉ុង ឈុន នេះតាំងពីដើមមកគេមើលឃើញថាវាជាករណីនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់។ ហើយបើយើងមើលទៅគេរិះគន់ថាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិលំហសេរីភាពនយោបាយ ជាពិសេសសិទ្ធិនយោបាយរបស់ពលរដ្ឋ»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ព្រមទាំងពិន័យជាប្រាក់ចំនួន ៤ លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ក្រោយពីលោកបានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះក៏ធ្លាប់ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ ១៥ខែ កាលពីខែសីហា ឆ្នាំ២០២១ ពីបទ ញុះញង់។ កាលពីខែមេសា ឆ្នាំ២០២៥ លោក រ៉ុង ឈុន ក៏រងការរឹបអូសផ្ទះលោក ដោយសារមិនអាចសងថ្លៃខូចខាតចំនួន ៤០០ លានរៀល៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2124}" data-page="1" data-max-pages="1" data-start="1" data-end="1">