ស្ត្រីក្នុងវិស័យភាពយន្តប្រើទម្រង់សិល្បៈ និងតន្ត្រីផ្សះផ្សារបួសនៃអំពើហិង្សាយេនឌ័រ

សង្គម

ភាពយន្តខ្នាតខ្លី ដែលមានចំណងជើងថា «សំនៀងផ្កាលើវាលខ្សាច់ » ឬជាភាសាអង់គ្លេស “Chant of The Desert Flower” គឺជាស្នាដៃមួយ ដែលឆ្លុះបញ្ជាំងពីតថភាព នៃព្រឹត្តិការណ៍ពិត លើបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កុនខ្លីរយៈពេលប្រមាណ ១៥នាទីនេះ បង្ហាញសាច់រឿងជំនួបម្ដងទៀតរវាងម្ដាយ និងកូនប្រុស ដោយតួទាំងពីរមានពាក់របាំងមុខធ្វើពីស្បែក។ 

ក្នុងខ្សែភាពយន្តខ្លីនេះ អ្នកស្រី គឹម សោភា ដែលជាអ្នកដឹកនាំរឿង បានបង្កប់នូវខ្លឹមសារតាមរយៈ «របាំងមុខ» និង «របាំត្រុដិ» ដើម្បីឆ្លុះបញ្ចាំងពីអតីតកាលឈឺចាប់ និងសម្ពាធសង្គម។ អ្នកស្រីពន្យល់ថា របាំងមុខ គឺជារនាំងខណ្ឌចែករវាងតួម្ដាយ និងកូន ដោយសារតួម្ដាយបានឆ្លងកាត់អតីតកាលឈឺចាប់ព្រោះការរំលោភសេពសន្ទវៈ ហើយតួអង្គកូនប្រុសជាផ្លែផ្លា នៃភាពឈឺចាប់នោះ។ 

ក្នុងនោះអ្នកស្រីក៏បានរំលេច របាំត្រុដិ ដែលជារបាំប្រពៃណីមួយ ដែលតួអង្គ «សត្វប្រើស» ជាសត្វស្លូតបូត ដែលទំនងជាភ័យខ្លាចដោយសារព្រានព្រៃ ឬសត្វសាហាវ តាមប្រមាញ់ ទើបរត់ចូលភូមិដើម្បីរកសុវត្ថិភាព ប៉ុន្ដែអ្នកភូមិបែរជាមានផ្នត់គំនិតមួយថា ប្រើសជាសត្វព្រៃចង្រៃទៅវិញ ដែលក្នុងសង្គមជាក់ស្ដែង ជារឿយៗក៏មានការដាក់សម្ពាធ មើលងាយមើលថោក និងដាក់ទណ្ឌកម្មដោយមិនដឹងមូលហេតុ លើជនរងគ្រោះ ឬអ្នកដែលទន់ខ្សោយ។

អ្នកស្រី គឹម សោភា រៀបរាប់៖ «អ៊ីចឹង អ្នកដែលធំជាង គេអត់ហ៊ានប៉ះពាល់ទេ ស្ថិតនៅក្នុងអីក៏ដោយ និយាយទៅអ្នកដែលខ្សោយជាង តែងទទួលការដាក់ទណ្ឌកម្ម ការដាក់សម្ពាធ ការមើលងាយមើលថោកពីសង្គម។ អាហ្នឹងបងចង់ប្រៀបធៀបឱ្យឃើញថាសត្វប្រើសហ្នឹង ទៅជីវិតកុមារ ជីវិតស្ត្រី ឬក៏ជីវិតបុរសក៏ដោយ ដែលគាត់ទន់ខ្សោយជាង អ៊ីចឹងសម្ពាធហ្នឹង គេដាក់បន្តនៅលើគាត់ ដែលប្រៀបបាននឹងពួកគាត់ទទួលបានការមាក់ងាយពីរជាន់ គាត់ជាជនរងគ្រោះពីអាសត្វប្រមាញ់ដែលសាហាវផង ជាជនរងគ្រោះ នៃអ្នកភូមិទាំងមូលផង»។

អ្នកស្រី សោភា បានឱ្យដឹងអំពីសាច់រឿងបន្ថែមថា សេចក្ដីស្រលាញ់ ក្ដីសន្ដោសនៅតែមានពីតួអង្គម្ដាយចំពោះតួអង្គកូន។ អ្នកស្រីបន្ត៖ «យើងអត់ចង់និយាយពីការឈឺចាប់ហ្នឹងត្រលប់មកវិញទេ យ៉ាងណាវាមានបន្តិចដែរ ដើម្បីឱ្យដឹងរឿង តែយើងចង់ផ្ដោតសំខាន់ទៅលើសេចក្ដីស្រលាញ់ សេចក្ដីមេត្តារបស់ជនរងគ្រោះដោយសារការរំលោភបំពាន និងផលប៉ះពាល់លើយុវជន ឬកូនចៅជំនាន់ក្រោយ ដែលគាត់ត្រូវរែកសំពាយហ្នឹងជាប់ខ្លួនរបស់គាត់ ទាំងដែលមិនមែនជាជម្រើសរបស់គាត់»។

យ៉ាងណាការជ្រើសរើសយកតួកូនជាប្រុស អ្នកស្រី សោភា បញ្ជាក់ថាជាចេតនាដើម្បីឱ្យមនុស្សប្រុសដើរតួនាទីជាអ្នកនិយាយពីអារម្មណ៍ ដែលគាត់ឈឺចាប់ទៅមនុស្សប្រុសដូចគ្នា ឱ្យស្គាល់ពីសំពាយ និងសម្ពាធ ដែលតួអង្គបានរែកពន់។

អ្នកស្រីបញ្ជាក់៖ «ខ្ញុំជ្រើសរើសតួកូនប្រុសហ្នឹង ដោយសារចេតនាខ្ញុំចង់ឱ្យកូនប្រុស ក្នុងនាមជាប្រុសនិយាយទៅមនុស្សដូចគ្នាពីការឈឺចាប់ មិនថាមនុស្សស្រី ឬប្រុសទេ អ្នកដែលឆ្លងកាត់ការរំលោភបំពាន ឆ្លងកាត់ការឈឺចាប់បែបហ្នឹង គឺមានដូចគ្នា ប៉ុន្ដែស្ត្រីគាត់ងាយរងគ្រោះច្រើនជាង ស្រី្ត និងកុមារ»។

បើតាមអ្នកស្រី គឹម សោភា រឿងខ្នាតខ្លី «សំនៀងផ្កាលើវាលខ្សាច់» ទទួលការបំផុសគំនិតពីភាពយន្តឯកសារមួយមានចំណងជើងថា «មេខ្យល់» ឬ The Storm Maker ផលិតនៅឆ្នាំ២០១៤ និយាយអំពីខ្សែជីវិតក្មេងស្រីខ្មែរនៅជនបទ ដែលចាញ់បោកគេឱ្យទៅធ្វើជាអ្នកបម្រើនៅម៉ាឡេស៊ី។ នាងជាជនរងគ្រោះ ដោយការធ្វើបាបរំលោភបំពាន និងកេងប្រវ័ញ្ចដោយមិនបានប្រាក់ខែអស់រយៈពេល ២ឆ្នាំ និងថែមទាំងមានកូនម្នាក់ ដែលកើតចេញពីការរំលោភសេពសន្ថវៈ។

អ្នកស្រី សោភា៖ «ក្នុងមួយសាច់រឿងហ្នឹង ខ្ញុំស្លុតមែនទែន ខ្ញុំគិតដល់ក្មេង ដល់សាច់រឿងហ្នឹងដក់ក្នុងចិត្តអ៊ីចឹងទៅ ខ្ញុំក៏ស្រាវជ្រាវលើអ៊ីនធឺណែត ថាតើមានកូន ដែលកើតចេញពីការរំលោភបំពានមានប៉ុន្មានអ្នកលើពិភពលោក គឺមានច្រើន នៅអាហ្រ្វិកក៏មាន ទាំងនៅអាមេរិកក៏មាន អឺរ៉ុបក៏មាន»។

អ្នកចូលរួមទស្សនារឿង នៃមហស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ កញ្ញា រស់ វលក្ខណ៍ អាយុ ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងចំណោមរឿងខ្លីចំនួន៦រឿង ដែលបានចាក់បញ្ចាំង រឿងសំនៀងផ្កាលើវាលខ្សាច់ បានធ្វើឱ្យអារម្មណ៍កញ្ញាក្ដុកក្ដួល និងហូរទឹកភ្នែកដោយមិនដឹងខ្លួន។ កញ្ញាបន្ថែមថា ដោយសាររឿងនេះបង្ហាញអំពីក្តីស្រលាញ់រវាងម្ដាយ និងកូន ប៉ុន្ដែពួកគាត់ទាំងពីរមិនអាចសម្តែងក្តីស្រឡាញ់ឱ្យដូចម្តាយនិងកូនជាទូទៅ ព្រោះតែស្រមោលអតីតកាលរបស់ម្ដាយដែលត្រូវបានគេរំលោភសេពសន្ថវៈ។

កញ្ញា រស់ វលក្ខណ៍៖ «និយាយទៅរកតែយំមិនទាន់បាត់ទេបង សាច់រឿងទាំងអស់ហ្នឹង ចំណុចដែលខ្ញុំស្រាលាញ់ជាងគេ ពេលតួកូនសុំហៅតួម្ដាយថាម្ដាយ ដោយសារអ្នកទាំងពីរហ្នឹងយល់អំពីទំនាក់ទំនងរបស់ពួកគាត់ ដឹងថាពួកគាត់ជាអីនឹងគ្នា ពួកគាត់អាចផ្ដល់អីឱ្យគ្នាបាន ប៉ុន្ដែដោយសារស្រមោលអតីតកាល ភាពបាក់ស្បាតនៃអំពីព្រៃផ្សៃទាំងអស់ហ្នឹង ធ្វើឱ្យម្ដាយនិងកូនខ្លាចរអារគ្នា ម្នាក់រស់នៅក្រោមស្រមោលអតីតកាលរបស់ខ្លួនឯង ម្នាក់ទៀតត្រូវរង់ចាំអត់ហ៊ានហៅសូម្បីពាក្យថាម៉ែ ទាំងដែលដឹងថាម្នាក់ហ្នឹងគឺជាម្ដាយ»។

សម្រាប់វលក្ខណ៍ ការបង្ហាញរឿងវ៉ាង ដែលជាបញ្ហាសង្គមជាក់ស្ដែង តាមរយៈភាពយន្ត គឺជាការបំពងសំឡេងសម្រាប់ជនរងគ្រោះ និងការស្វែងរកដំណោះស្រាយ។ កញ្ញាអរគុណ និងសរសើរដល់ជនរងគ្រោះទាំងអស់ ដែលតែងតែបញ្ចេញសំឡេង និងងើបឈរដើម្បីបន្តជីវិត និងទាមទាររកយុត្តិធម៌។

កញ្ញាបន្ថែម៖ «មិនមែនថា នៅពេលពួកគាត់ទទួលបានទង្វើទាំងអស់ហ្នឹងពីពួកព្រៃផ្សៃអស់ហ្នឹង ហើយត្រូវតែកាប់សម្លាប់គេវិញទេ ប៉ុន្តែបើអាច គឺយើងត្រូវក្លាហានងើបឈរ រកយុត្តធម៌សម្រាប់ខ្លួនឯង។ […]ខ្ញុំចង់ឱ្យគាត់[អ្នកដឹកនាំរឿង]ចេញជាសៀវភៅ ឬខ្សែរឿងខ្នាតវែងតែម្ដង ព្រោះខ្ញុំចង់ដឹងទៀតថា ទៅថ្ងៃខាងមុខទៅតួអង្គពីរនាក់ម្ដាយកូន ពួកគាត់ជ្រើសរើសយកការរស់នៅបែបណា ហើយពួកគាត់ទាមទាររកយុត្តិធម៌សម្រាប់ខ្លួនគាត់វិញយ៉ាងដូចម្ដេច»។

ទាក់ទិននឹងបញ្ហានេះដែរ នាយិកាប្រតិបត្តិនៃអង្គការ ក្លាហាន Klahaan អ្នកស្រី ម៉ៅ ម៉ាប់ ឱ្យដឹងថា អំពើរំលោភសេពសន្ថវៈ នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងបន្តកើតមាន ហើយករណីខ្លះមានលក្ខណៈធ្ងន់ធ្ងររហូតដល់ជនរងគ្រោះត្រូវបានសម្លាប់ និងករណីខ្លះជាករណីរំលោភបូក ដែលភាគច្រើនអ្នកប្រព្រឹត្ត គឺជាអ្នកស្និទ្ធស្នាល ជាអ្នកជិតខាង ហើយករណីខ្លះទៀតអាចជាសាច់ញាតិនៅក្នុងផ្ទះតែមួយ។

អ្នកស្រី ម៉ៅ ម៉ាប់៖ «យើងមិនបានដឹងច្បាស់អំពីចំនួនករណីរំលោភដែលបណ្តាលឱ្យមានកូននោះទេ ប៉ុន្តែពិតជាមានករណីនេះកើតឡើង ហើយភាគច្រើនមិនត្រូវបាននិយាយ ឬផ្សព្វផ្សាយជាទូទៅនោះទេ ព្រោះអាចវាពាក់ព័ន្ធកិត្តិយស សេចក្តីថ្លៃថ្នូរបស់ជនរងគ្រោះ ម្យ៉ាងបច្ចុប្បន្ននេះសង្គមយើងនៅមានវប្បធម៌ស្តីបន្ទោសជនរងគ្រោះនៅឡើយ»។ 

អ្នកស្រីបន្ត៖ «នៅពេលនិយាយចេញ ជនរងគ្រោះប្រឈមនឹងការមាក់ងាយពីសហគមន៍ ករណីនេះពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះដូចជា បាក់ទឹកចិត្ត បាត់បង់ការគោរពដល់ខ្លួនឯង មានអារម្មណ៍ថាអាម៉ាស់ មានជំងឺផ្លូវចិត្ត បាត់បង់ការសិក្សា បាត់បង់ការងារ ឬអាចឈានទៅធ្វើអត្តឃាត»។ 

នាយិការូបនេះពន្យល់ថា អំពើរំលោភសេពសន្ថវៈ គឺជាទម្រង់មួយ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាសកម្មភាព នៃការបង្ខំឱ្យរួមភេទដោយការប្រើកម្លាំង ឬការគំរាមកំហែង ឬការប្រើស្ថានភាពអំណាច ឬភាពងាយរងគ្រោះ និងដោយមិនមានការព្រមព្រៀងពីជនរងគ្រោះ។ ដោយឡែកករណីជនរងគ្រោះមានកូន សិទ្ធិក្នុងការសម្រេចចិត្តជាជម្រើសបុគ្គល មានតែស្ត្រីរងគ្រោះទេ ដែលមានសិទ្ធិសម្រេចថាគួរធ្វើបែបណាចំពោះកូន គួរទុក ឬរំលូត ព្រោះរូបកាយគាត់ ជាជម្រើសគាត់។ អ្នកស្រីឱ្យដឹងទៀតថា អំពើរំលោភសេពសន្ថវៈ គឺជាបទឧក្រិដ្ឋមិនអាចដោះស្រាយ ឬសម្របស្រួលក្រៅប្រព័ន្ធតុលាការបានទេ ហើយអាជ្ញាធរមិនត្រូវព្យាយាមធ្វើដូច្នេះឡើយ។ ការទទួលសំណងរដ្ឋប្បវេណី មិនមែនមានន័យថាបណ្តឹងអាជ្ញារត្រូវបានរំលត់នោះទេ ដូច្នេះអាជ្ញារត្រូវជំរុញ និងពន្លឿននិតិវិធីទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ 

អ្នកស្រីរៀបរាប់យ៉ាងដូច្នេះ៖ «ចំពោះការផ្សះផ្សារបួសផ្លូវចិត្ត គឺជារឿងមួយដែលពិបាកនឹងសះជា ប៉ុន្តែការទទួលបានយុត្តិធម៌ ការទទួលបានសំណងរដ្ឋប្បវេណី ក៏ជាវិធីសាស្រ្តមួយនៃការផ្សះផ្សារបួសផ្លូវចិត្តផងដែរ គួបផ្សំនឹងការគាំទ្រនានាពីភាគីពាក់ព័ន្ធដូចជាក្រុមគ្រួសារ សហគមន៍ និងរដ្ឋ»។

ជាដំណោះស្រាយ អ្នកស្រី ម៉ៅ ម៉ាប់ លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើនការយល់ដឹងដល់សាធារណជនអំពីច្បាប់ ការព្រមព្រៀងផ្លូវភេទ ស្វ័យភាពរាងកាយ និងសមភាពយេនឌ័រ ដូចជាជំរុញឱ្យភាគីពាក់ព័ន្ធមានការពង្រឹងការអនុវត្តច្បាប់ បញ្ឈប់វប្បធម៌និទណ្ឌភាព បង្កើនទំនុកចិត្តលើប្រព័ន្ធតុលាការពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការពន្លឿននីតិវិធីច្បាប់ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដាក់ទោសទណ្ឌដល់ជនប្រព្រឹត្តឱ្យបានតឹងរឹងតាមច្បាប់ បង្កើតវប្បធម៌ដែលមានការគាំទ្រ និងយល់ចិត្តដល់ជនរងគ្រោះ បញ្ឈប់វប្បធម៌ស្តីបន្ទោស ស្តាប់ដោយមិនមានការវិនិច្ឆ័យ និងយកចិត្តទុកដាក់ចំពោះជនរងគ្រោះជាដើម។

ត្រលប់មករឿងខ្លី «សំនៀងផ្កាលើវាលខ្សាច់» អ្នកស្រី គឹម សោភា បានប្រើពេលប្រមាណ ៦ឆ្នាំ លើការអភិវឌ្ឍសាច់រឿងមួយនេះ ហើយដើម្បីសម្រេចជាសមិទ្ធផល អ្នកស្រីធ្វើការជាមួយក្រុមសិល្បករជាស្ត្រីសំខាន់ៗ ក្នុងនោះមានអ្នកនាង រ៉េត សារីតា ជាផលិតករ (Delegate Producer) អ្នកនាង ម៉ា រីណែត សម្ដែងជាតួអង្គម្ដាយ អ្នកនាង ស៊ីន សេដ្ឋសុជ្ឈតា និពន្ធចម្រៀង និងបទភ្លេង និងជាអ្នកចម្រៀង និងវិចិត្រករគំនូរដោយអ្នកនាង ញឹម សុភាព ជាដើម។

អ្នកស្រី សោភា៖ «ក្រុមការងារភាគច្រើន តាមផ្នែកសំខាន់ៗ ក្នុងការងារយើងមានភាគច្រើនសុទ្ធតែស្រីៗ ប៉ុន្ដែយើងមានប្រុសៗនៅជួយជ្រោមជ្រែងយើងពីក្រោយ ខាងបច្ចេកទេសជាដើម អ៊ីចឹងយើងមានអារម្មណ៍មានមោទនភាពមែនទែន អ៊ីចឹងយើងមើលទៅក្រុមការងាររបស់យើងមានអារម្មណ៍មានសុវត្ថិភាពមែនទែន»។

តាមរយៈសាច់រឿងមួយនេះ អ្នកស្រី គឹម សោភា ចង់ផ្ញើសារទៅកាន់ជនរងគ្រោះនៃការរំលោភបំពានទាំងអស់ថា «អ្នកមិនមែននៅម្នាក់ឯងទេ តាមរយៈការស្រលាញ់ ក្ដីមេត្តា គឺយើងឃើញ យើងយល់ពីពួកគាត់»។ ដូចគ្នានឹងបទចម្រៀង «បំពេរឈូកតូច» ដែលជាចម្រៀងក្នុងរឿងនេះ អ្នកស្រី សោភា ថាជាចម្រៀងមួយច្រៀងរៀបរាប់ពីការព្រមទទួលស្គាល់អំពីអតីតកាល ដោយព្យាយាមបំពេរអារម្មណ៍អ្នកទស្សនាជាមួយក្ដីស្រលាញ់ ក្ដីអាណិត និងបន្តទៅមុខទៀតសម្រាប់ជីវិត។

អ្នកស្រី គឹម សោភា៖ «នេះចេតនារបស់ខ្ញុំ ក្នុងការយករឿងហ្នឹង មកធ្វើរឿង យើងដឹងថាយើងអត់អាចកែអតីតអ្នកណាបានទេ តែអ្វីដែលយើងអាចធ្វើបាន យើងចង់ឱ្យសង្គមស្រាយចំណង កុំចងពួកគាត់បន្ថែម កុំដាក់សម្ពាធលើពួកគាត់បន្ថែម ព្រោះគាត់ត្រូវបានគេធ្វើបាបហើយ សង្គមដាក់សម្ពាធលើគាត់ទៀត អ៊ីចឹងការឈឺចាប់ហ្នឹងវាផ្ទួន ដែលខ្ញុំចង់ឱ្យយើងផ្ដោតលើការផ្ដល់ក្ដីស្រលាញ់ ក្ដីមេត្តាគ្នាទៅវិញទៅមក ជាជាងអើសរើង មើលងាយមើលថោកគ្នា»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2130}" data-page="1" data-max-pages="1" data-start="1" data-end="1">