គ្រួសារនិងអង្គការការពារសិទ្ធិមនុស្សអំពាវនាវដល់សាលាដំបូងខេត្តតាកែវឱ្យដោះលែងសកម្មជននយោបាយដែលមានពិការភាព លោក ភុន យុទ្ធ នៅពេលប្រកាសសាលក្រមនាចុងខែមេសា ឆ្នាំ២០២៦។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីសាលាដំបូងខេត្តតាកែវបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជននយោបាយ លោក ភុន យុទ្ធ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្នាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍»។
ភរិយារបស់លោក ភុន យុទ្ធ គឺអ្នកស្រី មុំ វិត ប្រាប់ប្រជាកាសែតថា នៅក្នុងសវនាការ មន្ត្រីតុលាការបានចោទសួរស្វាមីគាត់ដោយប្រើសំឡេងសំឡុត ធ្វើឱ្យលោក យុទ្ធ មិនអាចឆ្លើយតបវិញបាន។
អ្នកស្រីថា៖ «តុលាការនិយាយសំឡុតៗទៅយើងរកពាក្យនិយាយអី ដូចថាយើងខុសយើងមិនខុស យើងអត់ត្រូវអ៊ីចឹង[…]យើងរកពាក្យអីនិយាយៗនិយាយបន្តិចខុស និយាយនោះក៏ខុសអ៊ីចឹង យើង រកដូចថាភ្លេចភ្លាំងភ្លេចភ្លាំង»។
ស្ត្រីដែលមានពិការភាពត្រង់ជើងស្ដាំវ័យ៣៨ឆ្នាំរូបនេះស្នើសុំតុលាការដោះលែងប្ដីគាត់ឱ្យជួបជុំគ្រួសារវិញ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំឱ្យសំណូមពរឱ្យតុលាការ សុំឱ្យដោះលែងប្ដីខ្ញុំទៅ។ បើគាត់ខុស លែងទោសឱ្យគាត់ទៅ ហើយគាត់មិនខុសក៏លែងទោសឱ្យទៅ[…]ក្រុមគ្រួសារខ្ញុំវាពិបាកខ្លាំង […]ប្ដីខ្ញុំជនពិការផង ហើយណាមួយខ្ញុំជាជនពិការ ហើយណាមួយកូនខ្ញុំវារៀន ខ្ញុំត្រូវការប្ដីខ្ញុំជាជំហរៗគ្រួសារ ចិញ្ចឹមជីវិតក្រុមគ្រួសារប្ដីប្រពន្ធកូន»។
ប្រជាការសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវលោក ង៉ែត ដាវុធ បានទេនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បទចោទដែលសាលាដំបូងខេត្តតាកែវចោទលោក ភុន យុទ្ធ គឺធ្ងន់ធ្ងរ ពីព្រោះថាលោក ភុន យុទ្ធ ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសពីរករណីមកហើយពីបទញុះញង់ដដែលនេះ នៅខេត្តសៀមរាប និងនៅខេត្តតាកែវ។
លោកឱ្យដឹងថាសាលាដំបូងខេត្តតាកែវនឹងប្រកាសសាលក្រមចំពោះសំណុំរឿងលោក ភុន យុទ្ធ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ហើយនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូរូបនេះសង្ឃឹមថា តុលាការនឹងដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពវិញ។
លោកថា៖ «អ៊ីចឹងយើងគ្រាន់តែសង្ឃឹមថា តុលាការលោកនឹងពិចារណា ហើយអាចដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពឡើងវិញទីមួយដោយសារតែលោកជាជនពិការ ហើយជីវភាពក្រីក្រ មានកូនប្រពន្ធដែលត្រូវចិញ្ចឹមទៅទៀត»។
កាលពីថ្ងៃទី ២៩ តុលា ឆ្នាំ២០២៥ សមត្ថលកិច្ចខេត្តតាកែវបានចាប់ខ្លួនសកម្មជននយោបាយលោក ភុន យុទ្ធ នៅផ្ទះរបស់លោកក្នុងស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីលោកបានបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែកលោក ភុន យុទ្ធ ធ្លាប់ត្រូវបានតុលាការផ្ទន្ទាទោសដាក់ពន្ធនាគារ២ដងមកហើយ ដោយលើកទី១ តុលាការខេត្តសៀមរាបបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល១៨ខែពីបទញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ លើកទី២តុលាការខេត្តតាកែវបានកាត់ទោសលោកដាក់ពន្ធានាគាររយៈពេល ១៨ខែ និងរឹបអូសទូរស័ព្ទ១គ្រឿង ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង៕







