គ្រួសារ និងNGOសោកស្ដាយដែលសាលាឧទ្ធរណ៍បាត់ដំបងមិនឱ្យលោក ហែម វណ្ណា នៅក្រៅឃុំ

សិទ្ធិមនុស្ស

(រូបភាពពីសមាគមការពារសិទ្ធិមនុស្សអាដហុក)

គ្រួសារ និងសមាគមការពារសិទ្ធិអ្នកកាសែត បង្ហាញការសោកស្ដាយចំពោះការបដិសេធរបស់សាលាឧទ្ធរណ៍បាត់ដំបងចំពោះការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បាត់ដំបងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្រេចកម្កល់ដីការសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ទុកជាបានការដដែល។

អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ប្រាប់ប្រជាកាសែតនៅថ្ងៃទី២ ខែមេសា ដោយខ្លីថា ការសម្រេចនេះដោយសាលាឧទ្ធរណ៍បាត់ដំបងសំអាងលើមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

អ្នកស្រីថា៖ «សម្រេចតំកល់ដីកាសម្រចរបស់សាលាដំបូង»។

ភរិយារបស់លោក ហែម វណ្ណា គឺអ្នកស្រី សែម ស្រីពៅ ថ្លែងប្រាប់ប្រជាកាសែតបណ្ដើរ យំបណ្ដើរតាមទូរស័ព្ទថា នេះជារឿងអយុត្តិធម៌ដែលសាលាឧទ្ធរណ៍បាត់ដំបងបដិសេធសំណើសុំនៅក្រៅឃុំរបស់ប្ដីគាត់ ព្រោះលោក វណ្ណា កំពុងមានបញ្ហាសុខភាពភ្នែក ជំងឺលើសឈាម លើសជាតិស្ករ និងរលាកតម្រងនោម។

អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍ថាអយុត្តិធម៌ ខ្ញុំគ្រាន់តែចង់ស្នើសុំឱ្យខាងសាលាឧទ្ធរណ៍បានដោះលែងប្ដីខ្ញុំចេញក្រៅឃុំ ដើម្បីឱ្យគាត់ជួយទ្រទ្រង់ក្នុងជីវភាពគ្រួសារ ហើយនិងបញ្ហាសុខភាពប្ដីខ្ញុំ ខ្ញុំព្រួយបារម្ភបញ្ហាសុខភាពប្ដីខ្ញុំ»

អ្នកស្រីបន្ថែមថា៖ «គាត់អត់បានធ្វើខុសដូចការចោទប្រកាន់ទេ ព្រោះអីគាត់គ្រាន់តែជាការផ្សាយព័ត៌មាន ធ្វើតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន[…]ប្ដីនាងខ្ញុំផ្សាយព័ត៌មាន ទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មានតែប៉ុណ្ណោះ ហេតុអីបានជាប្ដីនាងខ្ញុំជាប់ឃុំ មិនអាចស្នើសុំឱ្យចេញក្រៅឃុំបានអ៊ីចឹង»។

ចំណែកឯមេធាវីការពារក្ដីលោក ហែម វណ្ណា គឺលោកមេធាវី សេក សោភ័ណ យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងមិនឱ្យលោក ហែម វណ្ណា នៅក្រៅឃុំនៅពេលនេះ គឺផ្ទុយពីច្បាប់។

លោកថា៖ «ខ្ញុំយល់ថាអត់ត្រឹមត្រូវទេ ពីព្រោះការសម្រេចឃុំខ្លួនកូនក្ដីខ្ញុំហ្នឹងវាអត់មានអង្គហេតុដែលចាំបាច់ តាមមាត្រា ២០៥។ គឺវាមានតែការសន្និដ្ឋានរបស់ចៅក្រមស៊ើប វាអត់មានហេតុដែលត្រូវឃុំខ្លួនបណ្ដោះអាសន្នមុនសវនាការ ហើយកូនក្ដីខ្ញុំជាជនអត់ទោសនៅឡើយទេ អត់ទាន់មានសេចក្ដីសម្រេចណាមួយថាគាត់មានទោសអីទេណា៎ វាគ្រាន់តែជាការសង្ស័យ»។

ជាមួយគ្នានេះ លោកមេធាវី សេក សោភ័ណ ក៏ស្នើ ឱ្យតុលាការពន្លឿននីតិវិធីចំពោះសំណុំរឿងកូនក្ដីគាត់។

លោកបន្ថែមថា៖ «មានតែចង់បាននីតិវិធីហ្នឹងឱ្យលឿនដើម្បីឱ្យដឹងថា កូនក្ដីខ្ញុំមានទោស ឬក៏អត់។ ឱ្យមានសវនាការឆាប់ៗទៅ»។

មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវធ្វើឡើងបានក្នុងករណីចាំបាច់ដូចជា ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី រារាំងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬរារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត។ បន្ថែមពីនេះគឺដើម្បីរក្សាភស្ដុតាង ឬតម្រុយជាសម្ភារៈ ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ការពារសន្ដិសុខឱ្យជនត្រូវចោទ ឬដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឱ្យមានការច្របូកច្របល់ ដែលបណ្ដាលមកពីបទល្មើស។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី យល់ថា ការដែលសាលាឧទ្ធរណ៍បាត់ដំបងបដិសេធសំណើសុំនៅក្រៅឃុំរបស់ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា គឺជាសញ្ញាមួយបង្ហាញពីគំរាមកំហែងដល់អ្នកសារព័ត៌មាន។

លោកថា៖ «ការសម្រេចនេះបង្ហាញអំពីទំនោរនៃស្ថានភាពមួយដែលការប្ដឹងផ្ដល់ ការចោទប្រកាន់វានៅតែជាការគំរាមកំហែង»។

លោកថា ការគំរាមកំហែង និងការរឹតត្បិតសេរីភាពសារព័ត៌មាន នឹងធ្វើឱ្យប៉ះពាល់ដល់លំហូរនៃការផ្សព្វផ្សាយព័ត៌មាន និងធ្វើឱ្យមានបញ្ហាប្រឈមផ្នែកសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា។ ការណ៍នេះ លោក ណុប វី ស្នើសុំអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ចំពោះអ្នកសារព័ត៌មាន ព្រមទាំងស្នើតុលាការឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មានជំនួសឱ្យការប្រើច្បាប់ព្រហ្មទណ្ឌចំពោះអ្នកសារព័ត៌មាន។

លោកបន្ថែមថា៖ «ខ្ញុំនៅតែទទួចស្នើសុំទៅដល់ភាគីពាក់ព័ន្ធ ជាពិសេសគឺអាជ្ញាធរមានសមត្ថកិច្ច រាជរដ្ឋាភិបាលសុំឱ្យទម្លាក់ចោលនូវរាល់ការចោទប្រកាន់ទាំងឡាយលើអ្នកសារព័ត៌មាន ដើម្បីឱ្យពួកគាត់អាចបន្តកិច្ចការងាររបស់ពួកគាត់ដោយមិនមានការគំរាមកំហែង ការបំភិតបំភ័យ ភ័យខ្លាចចំពោះការប្ដឹងផ្ដល់ផ្សេងៗ»។

លោក ណុប វី បន្តថា៖ «ហើយក៏ស្នើដល់តុលាការសុំមេត្តាពិចារណានៅក្នុងការប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់ច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ ដែលវាអាចនឹងចូលរួមចំណែកនៅក្នុងការកាត់បន្ថយ ឬក៏ធ្វើឱ្យលំហការងាររបស់អ្នកសារព័ត៌មានគឺថាបានល្អប្រសើរមកវិញ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងដោយបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា នោះជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកថា៖ «នេះជាសេចក្តីសម្រេចរបស់តុលាការលើសំណុំរឿង គឺអំណាចឆន្ទានុសិទ្ធិ អំណាចឯករាជ្យរបស់តុលាការ។ យ៉ាងណា ក្រសួងព័ត៌មានតែងតែខ្នះខ្នែងជួយជ្រោមជ្រែងដល់អ្នកសារព័ត៌មាន និងកំពុងពិនិត្យមើលដំណើរការនីតិវិធីនេះ»។

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចាប់ខ្លួនចាងហ្វាងកាសែត HVNN លោក ហែម វណ្ណា ក្រោយពីលោកបានរាយការណ៍ពីករណីហិង្សាលើជនបរទេសដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។

សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់លោកពីបទ«ស្តាប់ ឬថតពាក្យសម្តីឯកជន» និង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៃក្រមព្រហ្មទណ្ឌ ព្រមទាំងបានបញ្ជូនលោក ហែម វណ្ណា ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2143}" data-page="1" data-max-pages="1" data-start="1" data-end="1">