ពលករខ្មែរម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងការងារនៅថៃ

សង្គម

(រូបភាពអាជ្ញាធរ ថៃនៅកន្លែងនៅកន្លែងហេតុ ដែលស្ថិតនៅរោងចក្រគ្រឿងសង្ហារឹមមួយនៅទីតាំងនៅប្រទេសថៃ ។ (រូបភាពពី សារព័ត៌មាន The Pattaya News នៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៦ )។

ពលករខ្មែរម្នាក់ បានបាត់បង់ជីវិតក្នុងកំឡុងបំពេញការងារ ស្ថិតនៅរោងចក្រផលិតគ្រឿងសង្ហារឹមមួយកន្លែង ក្នុងស្រុកស្រីរ៉ាចា ខេត្តឈុនបុរី នៅប្រទេសថៃ ស្របពេលគ្នានេះអាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Pattaya News កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

យោងតាមសារព័ត៌មាន The Pattaya News បានបន្តថា អាជ្ញាធរថៃ បានកំណត់អត្តសញ្ញាណជនរងគ្រោះ ឈ្មោះថា លោក ហាវ ហាត (Hao Hat) មានអាយុ ៣៨ ឆ្នាំ ជាពលករខ្មែរ ដេកស្លាប់ ដោយបណ្តាលមកពី ជនរងគ្រោះកំពុងជួសជុលដំបូលលេចធ្លាយនៅរោងចក្រផលិតគ្រឿងសង្ហារឹមឈើ។
សារព័ត៌មានថៃនេះបានចុះផ្សាយថា សាក្សីម្នាក់អ្នកស្រី យូពីន ភឿងផៃសាន (Yupin Phuengphaisan) អាយុ ៤៣ ឆ្នាំ បាននិយាយថាបានឮសំឡេងបែកពីលើដំបូល មុនឃើញជនរងគ្រោះធ្លាក់ចុះមកដី។ 
សាក្សីនេះបន្តថា មូលហេតុគ្រោះថ្នាក់គឺបណ្តាលមកពីជនរងគ្រោះបានជាន់លើក្បឿងដំបូលចាស់ៗ ដែលមានសភាពផុយស្រួយ បាក់បែក បណ្តាលឲ្យបាត់បង់តុល្យភាព និងធ្លាក់ចុះមកក្រោម។

ការចុះផ្សាយសារព័ត៌មានThe Pattaya Newsចុះផ្សាយថា៖ « កម្លាំងនគរបាល និងក្រុមជួយសង្គ្រោះបានត្រួតពិនិត្យកន្លែងកើតហេតុ សួរចម្លើយសាក្សី និងប្រមូលភស្តុតាង។ ក្រោយមក សាកសពត្រូវបានក្រុមជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យឡាំឆាបាង ដើម្បីធ្វើកោសល្យវិច័យបឋម។ អាជ្ញាធរនឹងបន្តការស៊ើបអង្កេត និងបន្តនីតិវិធីផ្លូវច្បាប់»។

ធ្លាប់ជាមិត្តរួមការងាររបស់ជនរងគ្រោះ អ្នកស្រី ស្រី សា បានប្រាប់ប្រជាកាសែតថា នាងធ្លាប់ធ្វើការជាមួយលោក ហាវ ហាត អស់រយៈពេលប្រមាណ ៤ឆ្នាំ នៅប្រទេសថៃ ហើយបញ្ជាក់ថា ជនរងគ្រោះមានស្រុកកំណើតនៅខេត្តសៀមរាប។

អ្នកស្រីថា៖ «គាត់ធ្លាប់ធ្វើការងារជាមួយនឹងខ្ញុំប៉ុន្តែខ្ញុំចេញកន្លែងធ្វើការនឹងយូរហើយ។ កាលពីមុនធ្លាប់ធ្វើការងារជាមួយគ្នារយៈពេល៤ឆ្នាំដែល គាត់អ្នកនៅសៀមរាប»។
អ្នកស្រី បានបន្ថែមថា ជនរងគ្រោះមានប្រពន្ធ និងកូនម្នាក់ ដែលរស់នៅ និងធ្វើការជាមួយគាត់នៅប្រទេសថៃ ។

ចំណែកមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានឱ្យដឹងថា លោកមិនទាន់អាចបញ្ជាក់លម្អិតអំពីករណីនេះបាននៅឡើយទេ ដោយសារព័ត៌មាននៅមិនទាន់ច្បាស់លាស់ពីបណ្តាញពលករ។លោកនិយាយ​ថា ៖ «ខ្ញុំមិនអាចបញ្ជាក់បានទេ ដោយសារ ករណីនេះ ខ្ញុំបានសាក់សួរក្រុមបណ្តាញពលករ ថា មិនទាន់ដឹងច្បាស់លាស់ទេ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2179}" data-page="1" data-max-pages="1" data-start="1" data-end="1">