រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់មន្ត្រីក្រោមឱវាទ ចុះស៊ើបអង្កេត លើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប បន្ទាប់ពីមានការលើកឡើងថា ជាប់ពាក់ព័ន្ធការទារប្រាក់ពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ។ នេះបើយោងការផ្សព្វផ្សាយលើបណ្តាញសង្គមក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។
បណ្ដាញសង្គមរបស់ក្រសួងបរិស្ថានលើកឡើងថា រដ្ឋមន្ត្រីក្រសួងក្រសួងបរិស្ថាន អ៊ាន សុផល្លែត បានបញ្ជាឲ្យចុះស៊ើបអង្កេត កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយឲ្យមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចុះទៅដល់ទីតាំងរោងចក្រខ្នាតតូចកែច្នៃដំណាប់ស្វាយ ឈ្មោះ “ហុង ចេងហ្វាង” ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងនោះមានតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែ ដើម្បីសួរព័ត៌មានពាក់ព័ន្ធ និងប្រមូលភស្តុតាង ស្វែងរកការពិត។
ការផ្សព្វផ្សាយនេះបន្តថា ៖«ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជា របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយពីរោងចក្រចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍ វាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយ បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ»។
អ្នកនាំពាក្យក្រសួងបរិស្ថានឆ្លើយដោយខ្លី ប្រាប់ប្រជាកាសែតថា ក្រសួងកំពុងចាត់ការរឿងនេះ។ លោក ខ្វៃ អាទិត្យា៖ «យើងកំពុងបន្តនីតិវិធី»។
បើតាមសំឡេងរបស់តំណាងរោងចក្រដែលត្រូវបានចែកចាយលើបណ្តាញសង្គម កាលពីខែមីនា ឆ្នាំ២០២៦ បានចោទប្រកាន់ លើមន្រ្តីមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ២នាក់បានទារប្រាក់ចំនួន ១៥០០ដុល្លារ ពីរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង។ ប៉ុន្តែក្រោយចរចា ភាគីរោងចក្រ និងមន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺនោះបានព្រមព្រៀងគ្នាលើប្រាក់ចំនួន ៦០០ដុល្លារ ថែមទាំងឲ្យខាងរោងចក្រធ្វើលិខិតបញ្ជាក់ថា ពួកគាត់ចុះមកធ្វើការធម្មតា ដោយមិនជំរិតទារប្រាក់នោះឡើយ។
សារសំឡេងនៅក្នុងវីដេអូនេះនិយាយថា ៖« ធ្វើស៊ីបណ្តោយថ្ងៃមុននឹងអស់ ៦០០($) មកដល់គៀបរកស៊ីលុយ យកម៉ង ។ បាញ់ពីកុងធនាគារអត់យកទេ ទារលុយសុទ្ធអីចឹង ចិនឲ្យលុយសុទ្ធថ្ងៃនឹង [….]ពេលខ្ញុំហុចលុយឲ្យគាត់នឹងអត់ទទួលទេ គាត់ឲ្យខ្ញុំឡើងលើឡាន ហុចលុយនៅលើឡាន»។
មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ បាននិយាយថា ក្រសួងបរិស្ថានចាត់វិធានការស៊ើបអង្កេតករណីនេះគឺជាជំហានវិជ្ជមាន ប៉ុន្តែ កញ្ញាមើលឃើញថា មន្ត្រីមិនគួររង់ចាំតែបញ្ជាពីថ្នាក់លើទេ ត្រូវមានសកម្មភាពឆាប់រហ័ស ដើម្បីទប់ស្កាត់បញ្ហាដែលអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។
កញ្ញាក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងតឹងរ៉ឹង ព្រោះប្រសិនបើមិនដោះស្រាយបានត្រឹមត្រូវ នឹងអាចបង្កើតភាពពុករលួយជាប្រព័ន្ធ និងបន្តប៉ះពាល់ដល់ធនធានធម្មជាតិ និងសុខភាពប្រជាពលរដ្ឋនាពេលអនាគត។
កញ្ញាប្រាប់ថា៖ «ខ្ញុំគិតថាគួរតែចាត់វិធានការឲ្យបានតឹងរ៉ឹងខ្លាំងមែនទែនពីព្រោះប្រសិនជាយើងនៅតែបណ្ដែតបណ្ដោយបែបនេះនឹងនៅមានករណីនេះបន្តបន្ទាប់ទៀតហើយវានឹងធ្វើឲ្យត្រីក៏ដូចជាធនធានធម្មជាតិសុខភាពសាធារណៈនិងត្រូវបានប៉ះពាល់»។
គួរបញ្ជាក់ផងដែលថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមីនា រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងនឹងស៊ើបអង្កេតករណីនេះឲ្យដល់ទីបញ្ចប់ មិនអនុញ្ញាតឲ្យមានអំពើខុសឆ្គងឡើយ ហើយមន្ត្រីដែលប្រព្រឹត្តខុសនឹងត្រូវទទួលខុសត្រូវ រីឯអ្នកគ្មានកំហុសនឹងទទួលបានយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា៖«ក្រសួងបរិស្ថាននឹងមិនទុកឱ្យករណីនេះចប់ ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាត ឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»។
តែយ៉ាងណាមិញ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៤ ខែមេសា នេះ ក៏បានចេញលិខិតមួយបដិសេធលើការចោទប្រកាន់មន្ត្រីខ្លួន និងបានចាត់ទុកការចោទប្រកាន់នោះថា មានចេតនាញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យមានការយល់ច្រឡំលើមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ ក្នុងលិខិតដដែលនោះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក៏បានព្រមានប្រើវិធានការច្បាប់លើអ្នកដែលចែកចាយព័ត៌មាននោះទៀតផង៕







