ក្រសួងការបរទេសកម្ពុជាពន្យល់ថា ទោះបីថៃចង់ដកខ្លួនជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជាក្តី ក៏ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈត្រូវបានសម្រេចពេញលេញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ គឺឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់កម្ពុជា និងថៃ។
ក្រសួងការបរទេសអះអាងបន្ថែមថា ការចុះហត្ថលេខានេះ ត្រូវបានរៀបចំដោយក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
ការចេញមកពន្យល់របស់ក្រសួងការបរទេសកម្ពុជា គឺក្រោយពីភាគីថៃបានលើកឡើងពីបំណងលុបចោលអនុស្សារណៈឆ្នាំ២០០១ ឬ MOU44 ស្តីពីការដោះស្រាយបញ្ហាព្រំដែនទឹកជាមួយកម្ពុជា។
ដំណោះស្រាយតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ។ តំបន់ត្រួតស៊ីគ្នានេះមានទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េ ដែលអាចស្តុកទុកប្រេង និងឧស្ម័នរហូតដល់ ៥០០ លានបារ៉ែល នៅក្រោមបាតសមុទ្រ និងត្រូវការពេលយ៉ាងហោចណាស់៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិចេញពីឈូងសមុទ្រ។
ក្រៅពីនេះ សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងកម្ពុជា-ថៃ ដែលធ្លាប់បានទាមទារតាំងពីដើមទសវត្សរ៍១៩៧០មកម្ល៉េះ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១។
ក្រសួងការបរទេសបញ្ជាក់ថា អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជន។
ក្រសួងការបរទេសចាត់ទុកជារឿងគួរឱ្យសោកស្តាយ ប្រសិនបើថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះសម្រេចបានកាលពីឆ្នាំ២០០១។
ក្រៅពី MOU44 ឆ្នាំ២០០១ ភាគីថៃក៏មានបំណងលុបអនុស្សារណៈឆ្នាំ២០០០ ឬ MOU43 ស្តីពីការដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជាដែរ ហើយគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃកាលពីពេលថ្មីៗនេះ ក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលថ្មីរបស់លោក អានុទីន ចាន់វីរៈគុល ឱ្យលុបចោល MOU43 នេះដែរ ក្នុងស្ថានភាពនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅមិនទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ៕







