វិបត្តិថាមពលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា រារាំងកំណើនសេដ្ឋកិច្ចប្រទេសនានាក្នុងតំបន់រួមទាំងកម្ពុជាផង

សង្គម

អាជីវករកំពុងលក់សាច់ជ្រូកក្នុងផ្សារតាមចញ្ចើមផ្លូវមួយនារាជធានីភ្នំពេញ។ (ថតដោយ៖ ហុងសេរីហ្វុង២០២៥)។

ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧។ ជម្លោះនោះនឹងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត វៀតណាមនិងកម្ពុជាផង។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលចេញផ្សាយនៅបំណាច់ខែមីនាឆ្នាំ២០២៦។

របាយការណ៍ស្រាវជ្រាវរបស់ADBនេះ រំលេចពីសេណារីយ៉ូហានិភ័យ ដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចដែលមានកម្ពុជាដែរនោះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។

របាយការណ៍ADB៖ «បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើននិងអតិផរណា។ ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍….»។ 

សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីADB លោក Albert Park បានមានប្រសាសន៍ថា៖«ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់​រយៈពេលវែង»។

ទាក់ទងនឹងវិបត្តិថាមពលនេះ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ មានប្រសាសន៍​ថា ស្ថានការណ៍នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានជះឥទ្ធិពលយ៉ាងខ្លាំងលើការនាំចូលនិងបញ្ជាទិញប្រេងនិងឧស្ម័នឥន្ធនៈមកកម្ពុជា។

លោកកែវ រតនៈ ៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការដាក់ចេញនូវគោលការណ៍នានា ដើម្បីគាំទ្រដល់ដៃគូសំខាន់ៗដែលជាក្រុមហ៊ុនវិនិយោគទាំងក្នុងនិងក្រៅប្រទេស សំដៅធានាការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់»។

តាមផេកផ្លូវការរបស់ក្រសួងរ៉ែនិងថាមពលបន្ទាប់ពីលោកជួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាលោក កែវ រតនៈ បញ្ជាក់ថារាជរដ្ឋាភិបាលប្ដេជ្ញាធ្វើយ៉ាងណាដោះស្រាយបញ្ហាថាមពល នៅពេលនេះ។ លោកបញ្ជាក់ទៀតថា កម្ពុជាមានគម្រោងប្រើថាមពលពលស្អាតជំនួសឱ្យធ្យូងថ្មនៅត្រឹមឆ្នាំ២០៤០ និងប្ដេជ្ញាកែលម្អគោលនយោបាយថាមពលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងជំរុញឱ្យមានការប្រើប្រាស់យានយន្ដអគ្គីសនីដូចយ៉ាង កង់បីអគ្គីសនីជាដើម។

ទោះជាយ៉ាងណាក្ដីកាលពីថ្ងៃទី១១ខែមេសា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅស្ងៀមទេ ដោយបានចាត់វិធានការចាំបាច់នានា។លោកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃ និងមានជំនឿចិត្តលើរូបលោក។

លោកហ៊ុន ម៉ាណែត៖«យើងចាត់វិធានការយើងមិនបាននៅស្ងៀមទេ»។

អតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតឱ្យដោះស្រាយបន្ទាន់ចំពោះមុខវិបត្តិថាមពលនេះដោយត្រូវកាត់បន្ថយពន្ធនាំចូល និងអាករពិសេស កាត់បន្ថយភាគរយនៃពន្ធលើតម្លៃបន្ថែម (VAT) ​ឬពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យតម្លៃលក់រាយនៅតាមស្ថានីយធ្លាក់ចុះភ្លាមៗ។
លោកចង់ឱ្យរាជការលុបបំបាត់កម្រៃសេវារដ្ឋបាលមិនចាំបាច់ កាត់បន្ថយការចំណាយលើការរៀបចំលិខិតស្នាម ឬកម្រៃផ្សេងៗដែលបូកបញ្ចូលក្នុងតម្លៃប្រេង។

លោក សុន ឆ័យស្នើឱ្យរាជការផ្ដល់ការឧបត្ថម្ភធនដល់កសិករ ជូនកសិករពិតប្រាកដឱ្យទទួលបានប្រេងមានតម្លៃសមរម្យ និងពិសេសជំរុញឱ្យកសិករមានលទ្ធភាពប្រើម៉ាស៊ីនដែលប្រើថាមពលព្រះអាទិត្យជំនួសម៉ាស៊ីនម៉ាសូត។ 

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងទីផ្សារ និងតម្លាភាពដែលរួមមានទាំងការត្រួតពិនិត្យតម្លៃប្រេង ការកំណត់តម្លៃប្រេងក្នុងតម្លៃសមស្របមួយ ដោយមានការត្រួត​ពិនិត្យតឹងរ៉ឹងជាងមុន ដើម្បីការពារកុំឱ្យក្រុមហ៊ុនឯកជន យកចំណេញហួសហេតុពេក ក្នុងពេលមានវិបត្តិ។ ម្យ៉ាងទៀតកម្ពុជាត្រូវបង្កើន​ទុន​បម្រុងប្រេងជាតិ ជំរុញឱ្យរដ្ឋមានឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីបញ្ចេញលក់ក្នុងតម្លៃធូរថ្លៃ នៅពេលដែលទីផ្សារពិភពលោកហក់ឡើងខ្លាំង។

លោកសុន ឆ័យ លើកឡើងថា៖« កម្ពុជាត្រូវកាត់បន្ថយចំណូលរដ្ឋ ដើម្បីរក្សាចំណាយពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជួយដល់កសិករ និងពលរដ្ឋដែលមានជីវភាពទន់ខ្យោយ»។លោកសុន ឆ័យ បន្ថែមទៀតថា រាជរដ្ឋាភិបាលចាំបាច់ត្រូវវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើន ជាពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការតម្រូវការប្រើប្រាស់ប្រេង។

របាយការណ៍ស្រាវជ្រាវរបស់ធានាគារអភិវឌ្ឍន៍អាស៊ីADB បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានា ពីការឆ្លើយតបគោលនយោបាយសំខាន់ៗមួយចំនួន។ អនុសាសន៍ដំបូងADB ផ្ដល់យោបល់ឱ្យ អាជ្ញាធររដ្ឋគួររក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង ក្រោមហេតុផលថា ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ 

អនុសាសន៍ទី២ គឺ ADB ថា រដ្ឋគួរគាំទ្រសារពើពន្ធដែលចាំបាច់ តែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ 

អនុសាសន៍ទី៣គឺសំដៅទៅ ធនាគារកណ្តាល។ ស្ថាប័ននេះ ជំរុញឱ្យធានាគារជាតិ គួរតែផ្តោតការតាមដានមើលនិន្នាការអតិផរណា(ទំនិញឡើងថ្លៃ)ហើយចាត់វិធានការអោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

អនុសាសន៍ចុងក្រោយ គឺរដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2247}" data-page="1" data-max-pages="1" data-start="1" data-end="1">