របរនេសាទលែងជាមុខរបរចម្បងរបស់អ្នកភូមិនៅតាមដងទន្លេមេគង្គ ព្រោះក្នុងទឹកទន្លេមិនសម្បូណ៌ត្រី

សង្គម

(មងដែលទុកព្យួរនៅក្រោមផ្ទះជាសញ្ញាថាអ្នកនេសាទមិនចេញទៅរកត្រី ។រូបភាពទន្លេម្ដុំកោះស្នែងក្នុងខេត្តស្ទឹងត្រែង)។ រូបភាពដើមខែមេសាដោយ អ៊ឹង ស៊ា)។

ស្ទឹងត្រែង៖ ព្រះអាទិត្យនាពេលព្រឹកព្រលឹម ចាំងចូលមកលើផ្ទៃទន្លេដ៏សែនស្ងប់ស្ងាត់នៅឯសហគមន៍កោះស្នែង ដែលជាកោះធំមួយ មានប្រជាជនប្រហែល ១០០០ នាក់រស់នៅទូទាំងភូមិចំនួនបួន ស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅក្នុងសហគមន៍នេសាទកោះស្នែងហាក់មានសភាពស្ងប់ស្ងាត់ ព្រោះប្រជាពលរដ្ឋបានចាកចេញទៅប្រកបរបររៀងៗខ្លួន ដើម្បីចិញ្ចឹមជីវិត។

តែយ៉ាងណាក្ដីអ្នកកាសែតប្រជាកាសែត សង្កេតឃើញមានមនុស្សមួយក្រុមកំពុងជជែកគ្នាយ៉ាងសកម្មពីរបៀបរស់នៅ និងការប្រកបរបររកស៊ីប្រចាំថ្ងៃ។ ពួកគេលើកឡើងថា ប្រជានេសាទមួយចំនួនធំហាក់លែងខ្វល់ខ្វាយពីការនេសាទជាចម្បងទៀតហើយ ។ ពួកគេលែងចាត់ទុករបរនេះជាមុខរបរគោលតែមួយមុខទៀត ក្រោយរកត្រីមិនសូវបាន។

អ្នកប្រកបរបរនេសាទ និងជាអនុប្រធានសហគន៍នេសាទកោះស្នែងផងនោះ លោក ថាលី ភក្ដី បានប្រាប់ថា ប្រជាពលរដ្ឋភាគច្រើនលែងទៅនេសាទជាប្រចាំដូចមុនៗទៀតហើយ បើគិតក្នុង១០០ គ្រួសារគឺមានមិនដល់១០គ្រួផងដែលនៅតែប្រកបរបរនេះ។ លោកបន្តថា ក្រោយទិន្នផលត្រីថយចុះគួរឱ្យកត់សម្គាល់ ប្រជានេសាទភាគច្រើនបានចាប់យករបរផ្សេងៗ ដើម្បីរកចំណូលប្រចាំគ្រួសារ ដោយចាត់ទុកការនេសាទជារបរបន្ទាប់បន្សំទៅវិញ។ លោកភក្ដី សង្កត់ធ្ងន់ថា ត្រីដែលអាចលក់បានថ្លៃ ដូចជាត្រីប៉ាសេអ៊ី ត្រីគល់រាំង និងត្រីត្រសក់ក្រមជាដើម ហាក់លែងសូវឃើញក្នុងទឹកសាបនៃទន្លេមេគង្គតទៅទៀត។

លោកថា៖ «ចំនួនត្រីបានធ្លាក់ចុះយ៉ាងខ្លាំង មិនដូចពីមុនទេ។ កាលពីមុន យើងអាចនេសាទត្រីដើម្បីលក់បន្ថែមប្រាក់ចំណូលរបស់យើង ប៉ុន្តែឥឡូវនេះ យើងអាចនេសាទសម្រាប់តែចិញ្ចឹមគ្រួសារប៉ុណ្ណោះ។ ភាគច្រើននៅខ្លះ ប្រហែល៦០ ភាគរយ ថាប៉ុណ្ណឹងចុះ។ អ្នកខ្លះក៏ទឹកវាប្រែប្រួលក៏ទៅរើសចន្ទីរវិញ។ ដូចថាខែណាគាត់រកមិនសូវបាន គាត់ក៏ទៅរើសចន្ទីរសិនហ្នឹងហើយ»។

លោកបន្ថែមថា៖ «ខាងក្រុមអ្នកនេសាទយើងក៏ចុះអភិរក្សត្រីដែរ សំខាន់ជាងគេគឺខែត្រីពងហ្នឹង។ ខែត្រីពងចាប់ផ្ដើមពីខែ៥ បើមែនទែនទៅខែ៦។ ដូចនិយាយអីចឹងអ្នកនេសាទឥលូវកីធ្វើចំណាកស្រុក។ អ្នកខ្លះមួយឆ្នាំ ពីរឆ្នាំមកស្រុកម្ដង ព្រោះការរកត្រីវាអាស្រ័យលើទឹកនឹង និងជម្រកត្រីពងល្អ»។

លោកភក្ដី ថា អ្នកប្រកបរបរនេសាទមួយចំនួនងាកមកចាប់របរជាអ្នកដឹកភ្ញៀវទេសចរ ដើម្បីរកចំណូលបន្ថែម ដោយដាក់វេនគ្នាចុះទូក។ លោកថា តំបន់ទេសចរណ៍នោះគឺ តំបន់ទេសចរណ៍កោះហាន ដែលមានឆ្នេរខ្សាច់សក្បុស ហើយភ្ញៀវទេសចរអាចជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។

លោកថា៖ «សហគមន៍យើងក៍ចាប់របរដឹកភ្ញៀវខ្លះ។ ជូនកាលគេដាក់វេណគ្នាទូកច្រើន។ មួយអាទិត្យអីអាចថាចុះទូកបានពីរជើង។ មួយជើងអី ផាត់ថ្លៃសាំងទៅ សល់បានបីបួនម៉ឺនទៅ តាមភ្ញៀវដើរជិតដើរឆ្ងាយ។ កោះហានឥលូវសម្បូរភ្ញៀវមកលេង»។

ប្រជានេសាទម្នាក់នៅសហគមន៍នេសាទកោះស្នែង ដែលប្រកបរបរដឹកភ្ញៀវទេសចរដែរនោះ លោក រស់ សុធា ក៏លើកឡើងស្រដៀងគ្នានឹងលោកភក្ដីដែរ។ លោកថា ប្រជានេសាទ ដែលយករបរនេសាទជារបរចម្បង ដើម្បីរកប្រាក់ចំណូលហាក់ចាកឆ្ងាយពីមុខរបរប្រពៃណីមួយនេះ។ លោកបន្ថែមថា ខ្លួនបានចាប់យករបរដឹកភ្ញៀវទេសចទៅលេងកោះហាន បន្ទាប់ពីការនេសាទ។ ទោះជាយ៉ាងណា លោកសុធា ត្អូញត្អែថា មុខរបរដឹកភ្ញៀវទេសចមានការលំបាកក្នុងការរកចំណូល ព្រោះប្រជានេសាទដទៃមួយចំនួនក៏ងាកមកចាប់របរនេះដូចរូបលោកដែរ។

លោកថា៖ «ទិន្នផលត្រីឆ្នាំណា សម្បូរក៏រៀងសម្បូរទៅ។ ឆ្នាំនេះក៏ដូចមិនសូវសម្បូរ។ ដល់ចឹងយើងមិនអាចពឹងលើរបរហ្នឹងទាំងស្រុងដូចកាលមុនៗ ដែលអាចរបានច្រើន»។

លោកបន្ថែមថា៖ «ឥឡូវក៏ចាប់របរដឹកភ្ញៀវខ្លះទៅ។ ហើយឥឡូវសាំងឡើងថ្លៃក៏មិនបានរត់។ ជូនកាលភ្ញៀវមកច្រើនក៏ទៅ ព្រោះទូកទេសចរណ៍មានដល់២០ទូក»។

របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍នេសាទអាស៊ីអាគ្នេយ៍បង្ហាញថាផលិតកម្មជលផលនៅកម្ពុជាបានធ្លាក់ចុះពី ៩០៨ ៥០៨ តោនក្នុងឆ្នាំ ២០១៩ មកត្រឹម ៨៦៦ ២៥០ តោនក្នុងឆ្នាំ ២០២៣ ដោយទាំងបរិមាណនិងតម្លៃបានធ្លាក់ចុះ។ របាយការណ៍នេះថា មានកត្តាជាច្រើនដែលរួមចំណែកដល់ការធ្លាក់ចុះនេះ រួមមានការរប្រែប្រួលអាកាសធាតុ ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ និងការនេសាទខុសច្បាប់។ បញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់បរិមាណត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍នេសាទទៀតផង។

មេឃុំកោះស្នែង លោក វ៉ាន់ សុំផន លើកឡើងថាទិន្នផលត្រីនៅសហគមន៍នេសាទកោះស្នែងកំពុងតែប្រឈមនឹងការថយចុះ ជាពិសេសប្រភេទត្រីជិតផុតពូជដូចជាត្រីប៉ាសេអ៊ី និងត្រីគល់រាំង ជាដើម។ លោកបន្តថា ទោះយ៉ាងណាសហគមន៍ និងដៃគូរពាក់ព័ន្ធបាន និងកំពុងធ្វើការអភិរក្សធនធានត្រីយ៉ាងសកម្ម ដោយធ្វើការល្បាតជាប្រចាំ និងការអនុវត្តច្បាប់លើការនេសាទខុសច្បាប់។ លោកទទួលស្គាល់ថា ដោយសារទិន្នផលត្រីធ្លាក់ចុះ ប្រជានេសាទបានចាប់យករបរផ្សេងៗ ដើម្បីរកចំណូលបន្ថែម មានទាំងការចំណាកស្រុកទៀតផង។

លោកថា៖ «គេទម្លាក់លុយមកឱ្យយើងយកទៅចុះល្បាតជាមួយឧទ្យានុរក្សអីចឹងណា សហការជាមួយមន្ត្រីប៉ុស្តិ៍។ បើនិយាយពីថយវាថយ ហើយតែបើនិយាយពីថយវាថយអាពូជកម្រនោះណា។ វាមិនមានតែម្ដង មិនគ្រាន់តែថយទេ។ ជាពិសេសក្រោយពីទំនប់ (វារីអគ្គិសនី) សេសាន្ត សាងសង់មក គឺអត់តែម្ដង។ នៅតែត្រីធម្មតា ដូចជាត្រីឆ្ពិនអីហ្នឹង ដូចជាអត់អីទេ»។

លោកបន្ថែមថា៖ «គិតទៅគេចង់ប្ដូរមុខរបរគេ តែម្ដងណា ព្រោះនេសាទវាមិនងាយឯណា។ ទៅទាំងយប់ទាំងថ្ងៃ ជូនបានៗ ជូនអត់ៗ ហើយចំណូលក៏វាមិនទៀង។ សម្បីកូនខ្ញុំមុននេសាទខួបប្រាំងខួបវស្សា ឥឡូវវាមកចិញ្ចឹមជ្រូក។ […] អ្នកខ្លះក៏ធ្វើខាងទេសចរណ៍។ ពីមុនវាអត់សូវល្បីទេ ទើបតែឥឡូវទេច្រើនមែនទែន បម្រើសេវាឱ្យភ្ញៀវ»។

ប្រធានសហគមន៍នេសាទសាមឃួយ ដែលបានចូលរួមធ្វើការស្រាវជ្រាវលើគម្រោងការសង្កេតទិន្នផលត្រីនៃដងទន្លេមេគង្គជាមួយអង្គការភូមិខ្ញុំ លោក ប៊ូ ចាន់ណាក់ លើកឡើងថា ប្រភេទត្រីមួយចំនួនប្រឈមនឹងការផុតពូជ ដោយសារការប្រែប្រួលអាកាសធាតុ វិបត្តិលំហូទឹកសាបនៃទន្លេមេគង្គ ដោយសារកត្តាវារីអគ្គិសនីដែលរំខានដល់ផ្លូវត្រី។

លោកថា៖ «បើសិនយើងគិតទៅវាអាចថាបាត់បង់ច្រើន។ បើកាលមុនអាចថាមានគ្រប់ទីកន្លែង ដោយសារយើងមើលទៅវារិអគ្គិសនី។ អាងត្រីប៉ាសេអ៊ីអីហ្នឹងវាត្រូវការទឹកហូរខ្លាំងទើបអាចរស់បាន។ បើសិនអានៅលើវារីហ្នឹង បើសិនវាមានក៏វាមិនអាចបង្ករកំណើតបានដែរ»។

លោកបន្ថែមថា៖ «ប្រភេទត្រីតូចៗដែលយើងអាចនេសាទបានភាគច្រើនគឺត្រីឆ្ពិន ត្រីឆ្កែង ត្រីក្រឡឹងហាយអីហ្នឹង។ ត្រីរៀលអីក៏សម្បូរដូចកាលមុនដែរ។ ដោយសារកាលមុនដល់រដូវដល់ខែវាៗអាចត្រីទឹកសាបវាឡើងមក ដល់ពេលគេបិទទំនប់មកវាលែងចរាចរណ៍ មានតិចតួច»។

បន្ថែមពីលើនេះរបាយការណ៍របស់គណកម្មការទន្លេមេគង្គ (MRC) បង្ហាញថា ការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនៅក្នុងប្រទេសឡាវជាប់នឹងកម្ពុជា បង្ករឱ្យមានបម្រែបម្រួលទឹកទន្លេមេគង្គក្រោម នៅពេលទឹកទំនប់ហូរធ្លាក់ចុះមក ហើយអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ក្នុងក៏បង្ករការរំខានដល់ផ្លូវដែលត្រីធ្វើដំណើរ ជាពិសេសនារដូវត្រីពង។

រហូតមកដល់បច្ចុប្បន្ន មានទំនប់វារីអគ្គិសនីជាង ១៦០ ដែលដំណើរការតាមបណ្តោយទន្លេមេគង្គ និងដៃទន្លេរបស់វា រួមទាំងទំនប់វារីអគ្គិសនីចំនួន ១៣ នៅលើដងទន្លេមេ។ លើសពីនេះទៅទៀត គម្រោងវារីអគ្គិសនីចំនួន ៨៨ កំពុងដំណើរការនៅក្នុងអាងទន្លេមេគង្គក្រោម ដែលមានសមត្ថភាពបង្កើតអគ្គិសនីលើសពី ១៣, ២៥៧ មេហ្គាវ៉ាត់។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យទន្លេមេគង្គប្រចាំឆ្នាំ ២០២៣-២០២៤ ដោយមជ្ឈមណ្ឌល Stimson៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2250}" data-page="1" data-max-pages="1" data-start="1" data-end="1">