អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី ជំរុញឱ្យពលរដ្ឋចូលរួមការពារដើមសំរ៉ង ជៀសវាងកាប់រំលំប្រមូលផ្លែ

សង្គម

(មន្ត្រីបរិស្ថានបានឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពកាប់ដើម ប្រមូល ផ្លែសំរ៉ង ក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តរតនគិរី។ (រូបភាពក្រសួងបរិស្ថាននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦)។

អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី ជំរុញឱ្យពលរដ្ឋចូលរួមការពារដើមសំរ៉ង ជៀសវាងកាប់រំលំប្រមូលផ្លែ។នេះបើតាមសេចក្ដីណែរនាំនេះចុះហត្ថលេខា ដោយអភិបាលស្រុកតាវែង លោក ហេង សាវឿន នៅថ្ងៃទី១០ ខែមេសា និងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី១៥ខែមេសា២០២៦។

អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី ជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ រួមទាំងឃុំ ភូមិ សហ​គមន៍ និងកងកម្លាំងពាក់ព័ន្ធ ចូលរួមគ្រប់គ្រងការប្រមូល និងការនាំចេញផ្លែសំរ៉ងឲ្យមានរបៀបរៀបរយ និងស្របច្បាប់។ 

សេចក្តីណែនាំលើកឡើងថាបញ្ហាសំខាន់បច្ចុប្បន្ន គឺការកាប់បំផ្លាញដើមសំរ៉ង និងការប្រមូលផ្លែខ្ចីដោយខុសច្បាប់ ដែលកំពុងធ្វើឲ្យធនធានធម្មជាតិថយចុះ និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ ទោះបីដើមសំរ៉ងនៅតែផ្តល់ផលរៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែទិន្នផលមិនមានស្ថិរភាព ដោយសារតែសកម្មភាពបំផ្លាញទាំងនេះ។

សេចក្តីណែនាំប្រាប់ថា៖ «១ .ហាមឃាត់រាល់ការប្រមូលផ្លែសំរ៉ងខ្ចីដែលមិនទាន់ទុំល្អ ដោយការបំផ្លាញដើមសំរ៉ងតាមគ្រប់រូបភាព ២.ហាមយកឧបករណ៍ខុសច្បាប់ និងឧបករណ៍សង្ស័យអាចបង្ករជាបទល្មើស មហន្តរាយដល់ធនធានធម្មជាតិ (ដើមសំរ៉ង) ដូចជា រណាយន្ត រណាដៃ ពូថៅ ចូលទៅក្នុងព្រៃសំរ៉ងនៃតំបន់ឧទ្យានជាតិវីរៈជ័យឬព្រៃសហគមន៍»។

សេចក្តីណែនាំបន្តថា៖«ក្នុងករណីរកឃើញមានការប្រព្រឹត្តល្មើសនឹងការណែនាំខាងលើ ក្រុមការងារចម្រុះ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកតាវែង និងស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន»។

មេឃុំតាវែងលើ នៃខេត្តរតនគិរី លោក យឿត ម៉ៅ បានប្រាប់ថា ឆ្នាំនេះផ្លែសំរ៉ងមិនទាន់អាចប្រមូលបាននៅឡើយទេ ដោយសារតែផ្លែសំរ៉ងនៅខ្ចីនៅឡើយ ហើយទិន្នផលក៏ហាក់បីដូចជាតិចជាងឆ្នាំមុន។ 

លោកមានប្រសាសន៍ថា៖ «ព្រួយបារម្ភនឹងហើយ បើគេកាប់របស់ខុសច្បាប់សំខាន់ធនធានខ្លួនឯង ធនធានបើយើងកាប់បំផ្លាញដូចសម្លាប់មនុស្សដែរ បើយើងអត់កាប់គឺផលប្រយោជន៍រួមទាំងអស់គ្នា។ ពេលកាប់អានឹងគ្រាន់តែខុសច្បាប់ ប៉ុន្តែណែនាំហើយល្មើស យើងព្រួយបារម្ភ ទី១លំបាកគ្រួសារ បើទោះបីគេចាប់បំភ្លឺក្តី យើងព្រួយបារម្ភពិបាកកូនចៅប្រពន្ធនៅក្រោយនែក ពេលគាត់ជាប់ទោស»។

លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានដែលជាគណៈកម្មការកំពុងរៀបចំចុះផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋបន្ថែម ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់អំពីរឿងនេះបន្ទាប់ពីអភិបាលស្រុកបានចេញសេចក្តីប្រកាសណែនាំមួយនេះ។

លោកក៏បានសង្កេតឃើញថា ករណីកាប់បំផ្លាញភាគច្រើនពាក់ព័ន្ធនឹងពីអ្នកក្រៅតំបន់ ដោយ​​ប្រជាពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនគោរពតាមការណែនាំ។

លោកបានបញ្ជាក់ថា ផ្លែសំរ៉ងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប្រហែល ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយអាចជួយឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចរកចំណូលបានពី ១លាន ទៅ ២លានរៀលក្នុងមួយរដូវកាលប្រមូលនេះ។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីបរិស្ថានបានឃាត់ខ្លួនមនុស្ស ៣នាក់ដោយសារអ្នកទាំងបីបានកាប់ដើមសំរ៉ង និងប្រមូលផ្លែខ្ចី នៅក្នុងតំបន់ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរៈជ័យ ហើយបានរឹបអូសផ្លែសំរ៉ងប្រមាណ ៨០គីឡូក្រាម និងបានបញ្ជូនសង្ស័យ៣នាក់ទៅតុលាការសាលាដំបូងខេត្តរតនគីរី។ នេះបើយោងការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦។

ក្រសួងរិស្ថានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួម និងហាមពលរដ្ឋ កាប់ រំលំដើម សំរងដើម្បីយកផ្លែ ដ្បិតវានឹង មិនត្រឹម តែ ជាទង្វើល្មើសច្បាប់ និងវាក៏ធ្វើឱ្យបា ត់បង់ ប្រភេទ ជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផង ដែរ។

មន្ត្រីសម្របសម្រួលគម្រោង នៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក សំប៉យ ចាន់សុភា បានឲ្យដឹងថា កន្លងមកមានការកាប់ដើមសំរ៉ងកើនឡើង ហើយមន្ត្រីឧស្សានុរក្សមិនអាចគ្រប់គ្រងបានទាំងស្រុងទេ។

លោកបានពន្យល់ថា នៅតំបន់ដែលមានការរៀបចំជាសហគមន៍ព្រៃឈើ ឬតំបន់ការពារ មានការគ្រប់គ្រងល្អជាង និងអាចកាត់បន្ថយបទល្មើសបាន។

លោកបានលើកឡើងថា៖«នៅតំបន់មួយចំនួនបានចុះបញ្ជីជា សហគមន៍តំបន់ការពារឬក៏ចុះជាតំបន់ផ្សេងៗទៀតដូចខាងឃុំ ប៊យនេះគឺចុះបញ្ជីសហគមន៍ព្រៃឈើអីចឹងទៅ គឺមានការគ្រប់គ្រងរបស់គណៈកម្មការ សហគមន៍តំបន់ការពារ សហគមន៍តំបន់ព្រៃឈើអីចឹងទៅអានឹងកាត់បន្ថយវាដែល ដែលការគ្រប់គ្រងវាប្រសើរជាង»។

លោកថា តំបន់តាវែងគួរត្រូវបានពង្រីកការរៀបចំសហគមន៍ការពារធម្មជាតិបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិ និងតួនាទីក្នុងការគ្រប់គ្រងធនធានតាមប្រពៃណី។

សូមជម្រាបជូនថាដើមសំរ៉ង ជាប្រភេទរុក្ខជាតិ ដែលផ្លែរបស់វាអាចបរិភោគបាន ដែល ធ្វើឱសថព្យាបាលជម្ងឺ ធ្វើឱសថព្យាបាលជម្ងឺ កែឆ្នៃធ្វើជាម្ហូប អាហារ និងបង្អែមលៀងមាត់ជាដើម៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2253}" data-page="1" data-max-pages="1" data-start="1" data-end="1">