សហគមន៍ទេសចរណ៍ព្រះរំកិល ជួបវិបត្តិអស់ផ្សោត នាំឱ្យបាត់ភ្ញៀវទេសចរឈានទៅខ្សត់ចំណូល

សង្គម

(ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅសហគមន៍ព្រះរំកិលនិង អ្នកដឹកភ្ញៀវទេសចរណ៍ និងមានតូបលក់ម្ហូបអាហារនៅសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល។(រូបថត៖ អ៊ឹង ស៊ា)។

ស្ទឹងត្រែង៖ នៅវេលាម៉ោង ៩ ព្រឹក ពន្លឺព្រះអាទិត្យបានរះចែងចាំងចំទូកទេសចរណ៍ដែលត្រូវបានគេចតចោលតាមមាត់ទន្លេ នៅតំបន់សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ។ បរិយាកាសនៅតំបន់ទេសចរណ៍មួយនេះហាក់ស្ងប់ស្ងាត់ ព្រោះមិនសូវមានសកម្មភាពភ្ញៀវទេសចរមកកម្សាន្តតាមដងទន្លេ គយគន់មើលទេសភាពដូចពីមុនឡើយ។ ហេតុនេះហើយទើបអ្នកប្រកបរបរដឹកភ្ញៀវទេសចរណ៍ ដើម្បីជីវភាពគ្រួសារបារម្ភពីការបន្តថយចុះនៃភ្ញៀវទេសចរ។ពលរដ្ឋ លើកឡើងថា រយៈពេលបីឆ្នាំចុងក្រោយនេះ មានការកត់សម្គាល់ពីសញ្ញាធ្លាក់ចុះភ្ញៀវទេសចរក្រោយសត្វផ្សោតអ៊ីរ៉ាវ៉ាឌី បានងាប់ជាបន្តបន្ទាប់ និងលែងឃើញមានវត្តមាននៅសហគមន៍ទេសចរណ៍ព្រះរំកិលទៀត។

ពេលវេលាបានរំកិលដល់ម៉ោង១១ ថ្ងៃត្រង់ទៅហើយ ទើបគេឃើញមានទូកទេសចរណ៍មួយត្រឡប់មកពីដឹកភ្ញៀវទេសចរ។ ទូកនោះ គឺជាទូករបស់លោក ផយ វណ្ណា។ លោក វណ្ណា លើកឡើងថា លោក ទើបតែដឹកភ្ញៀវទេសចរបានមួយជើងប៉ុណ្ណោះក្នុងថ្ងៃនេះ ដោយមួយសប្ដាហ៍អាចបានបី ទៅបួនជើង ព្រោះមិនសូវមានភ្ញៀវទេសចរមកលេងកម្សាន្ត។ លោក បន្តថា ភ្ញៀវទេសចរភាគច្រើនមកលេងសហគមន៍ទេសចរណ៍របស់លោក ព្រោះគេអាចគយគន់ព្រៃលិចទឹក មើលទេសភាពតាមដងទន្លេមេគង្គជាប់ព្រំដែនឡាវ ជាពិសេសទស្សនាសត្វផ្សោតលោតលេងកម្សាន្ត ។ តែយ៉ាងណា លោកអះអាងថា ក្រោយសត្វផ្សោតបានងាប់ ដោយកត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាមនុស្ស សហគមន៍របស់លោកបានបាត់វត្តមានសត្វផ្សោត។

លោកថា៖ «បើនិយាយពីការដែលមានផ្សោត គឹមាន (ភ្ញៀវ) ទេសចរហ្នឹង។ ដល់ពេលអត់ផ្សោតទេសចរក៏ថយចុះ។ បញ្ហាបាត់ភ្ញៀវទេសចរកាលនោះគឺកូវីដ ហើយបន្ទាប់គឺបាត់ផ្សោតហ្នឹងហើយ មកដល់ឥឡូវ។ កាលមុនសហកមន៍របស់យើងមានទូកទេសចរណ៍ដល់ទៅ២៨ ទូក នៅក្នុងសហគមន៍ដែលប្រចាំការផ្ទាល់ ដល់ឥឡូវនៅសល់ប្រហែល១០ ទូកអីហ្នឹង»។

លោកបន្ថែមថា៖ «ជូនកាលមួយថ្ងៃមួយជើង ជូនកាលពីរបីថ្ងៃមួយជើងអីចឹងទៅ។ មួយទូកចឹងដាក់បានជូនពីរបីនាក់ ជូនបួនប្រាំនាក់។ ថ្ងៃខ្លះអត់ដល់បួនប្រាំថ្ងៃក៏មានដែរ។ ភ្ញៀវទេចរភាគច្រើនទៅមើលទេសភាពតាមដងទន្លេមេគង្គ ទៅមើលព្រៃលិចទឹក ទៅមើលជ្រោះអីចឹងទៅ មើលសត្វស្លាប ហើយបន្ទាប់មកក៏អាចថាជិះទូកតាមព្រំដែន (កម្ពុជា-ឡាវ) ជាយដែន»។

សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ជាតំបន់ទេសចរណ៍មួយ ស្ថិតនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ។ បើទោះបីបច្ចុប្បន្ន សត្វផ្សោតនៅរមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតបានបាត់បង់ជីវិតអស់ក៏ពិតមែន ភ្ញៀវទេសចរក៏នៅតែអាចទៅកំសាន្តនៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល ឬក៏ទទួលយកសេវាកម្មជិះទូកកំសាន្ត និងឆ្លងកាត់ទៅទស្សនាព្រំប្រទល់ប្រទេសឡាវវិញ។ នេះបើតាមការលើកឡើងរបស់អ្នកដឹកភ្ញៀវទេសចរ លោក វណ្ណា។

លោក វណ្ណា បន្តថា សហគមន៍ទេសចរណ៍ព្រះរំកិលអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សួនច្បារ អាហារដ្ឋាន និងការផ្សព្វផ្សាយពីសក្ដានុពលតំបន់ទេសចរណ៍មួយនេះ។ លោកថា៖ «អ្វីដែលយើងចង់បន្ថែមលើវិស័យទេសចរណ៍បន្ថែមទៀត ការបង្កើតការកែលម្អនៅតំបន់ទេចរណ៍យើងដូចជារម្មណីយដ្ឋានយើងត្រូវកែលម្អសួនច្បារ សំខាន់គឺការកែលម្អនៅកន្លែងយើងហ្នឹងហើយ ហេដ្ឋារចនាសម្ព័ន្ធអីចឹងទៅ»។

យោងតាមការស្រាវជ្រាវរបស់អង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទេសកម្ពុជា ការងាប់របស់ផ្សោតអ៊ីរ៉ាវ៉ាឌីភាគច្រើននៅក្នុងប្រទេសកម្ពុជាគឺបណ្តាលមកពីការនេសាទខុសច្បាប់ ជាពិសេសសំណាញ់ដែលជាប់នឹងព្រុយត្រី ហើយធ្វើឲ្យពួកវាលង់ទឹក។ ម្យ៉ាងទៀត ការនេសាទដោយចរន្តអគ្គិសនី និងគ្រឿងផ្ទុះក៏សម្លាប់ផ្សោតដោយផ្ទាល់ ឬបំផ្លាញការផ្គត់ផ្គង់អាហាររបស់ពួកវាផងដែរ។ ទំនប់វារីអគ្គិសនីក៏ជាកត្តារំខានដល់លំហូរទឹកទន្លេ និងផ្លូវធ្វើចំណាករបស់សត្វផ្សោត ដែលបង្កការលំបាកដល់ការរស់នៅរបស់ប្រភេទសត្វមួយនេះ។

អ្នកដឹកភ្ញៀវទេសចរណ៍ និងមានតូបលក់ម្ហូបអាហារនៅសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល លោក ធី ណយ លើកឡើងថា អ្នកប្រកបរបរដឹកភ្ញៀវទេសចរមួយចំនួនដែលពីមុនធ្លាប់ពឹងផ្អែកលើវិស័យទេសចរណ៍ទាំងស្រុង បានបោះបង់របរនេះ ដោយទៅធ្វើការចំណាកស្រុកជាដើម។ លោកថា រូបលោកផ្ទាល់មិនបានដឹកភ្ញៀវទេសចរទេនៅថ្ងៃដែលប្រជាកាសែតសម្ភាសន៍ ព្រោះលោកមិនទទួលបានការកក់ឡើយ។ លោកបន្ថែមថា សត្វផ្សោត ជាប្រភេទសត្វទឹកសាបដែលបានបាត់បង់ទាំងស្រុងនៅសហគមនទេសចរណ៍របស់លោក។ លោកណយ លើកឡើងទៀតថា ភ្ញៀវទេសចរ ចូលចិត្តមើលសត្វផ្សោតលេងទឹក ហើយក៏ធ្លាប់លេងជាមួយផ្សោតទៀតផង។

លោកថា៖ «កាលមុនរកទូកឱ្យភ្ញៀវជិះអត់បានទេ។ កាលមុនមានផ្សោត ហើយខាងអេកូទេសចរណ៍គេក៏រៀបសណ្ដាប់ធ្នាប់ល្អដែរ។ វាមិនបាន១០០ ភាគរយ ហើយប្រជាពលរដ្ឋនៅតាមភូមិក៏មកលក់ដូរនៅហ្នឹង មានលក់ណែម សាច់អាំងអីគ្រប់ប្រភេទ។ ខាងអេកូទេសចរណ៍គេដាក់វេនគ្នាពីមុន ទូកណាទៅមើលផ្សោត ទៅកោះនេះ ហើយដាក់តម្លៃទៅ»។

លោកបន្ថែមថា៖ «ពេលកូវីដភ្ញៀវនៅ៧០ ភាគរយ ហើយភ្ញៀវក៏គេមកមើលផ្សោតតំបន់រ៉ាមសារ។ ដល់ពេលផ្សោតងាប់អស់ក៏មានគ្នាប្រហែល៤០ ភាគរយទេ ដែលមកមើលឫសឈើ គេទៅមើលទឹកធ្លាក់។ ក្រោយមកក៏មានរឿងលើប្រាសាទ (ជម្លោះព្រំដែនកម្ពុជា និងថៃ) ហើយផ្សោតក៏ងាប់អស់ទៀត។ ឥឡូវអត់ភ្ញៀវហ្នឹងហើយច្រើនតែកាលផ្សោតនៅមានភ្ញៀវរហូតហ្នឹងហើយ។ កាលផ្សោតនៅមិនខ្វះរបស់ហូបគេលក់ទេ ព្រោះភ្ញៀវគេមកពេញៗ»។

លោក ណយ លើកឡើងថា សត្វផ្សោតនៅសហគមន៍ទេសចរណ៍ព្រះរំកិលបាត់វត្តមានពី​សហគមន៍អស់រយៈពេលបីឆ្នាំមកហើយ។ លោកថា ឆ្អឺងផ្សោតត្រូវបានដាក់តាំងឱ្យភ្ញៀវទស្សនៅរោងសហគមន៍ ដើម្បីជាការនឹករលឹកដល់វត្តមាន និងសារៈសំខាន់របស់វាចំពោះសហគមន៍។

កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ អង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយដៃគូ ដើម្បីពិភាក្សាការងារស្តីពី ការពង្រឹង និងការចូលរួមការពារសត្វផ្សោតទន្លេមេគង្គ។ អង្គការនេះថា ឆ្នាំ ២០២៥ នេះមិនមានករណីសត្វផ្សោតស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ឡើយ។ យោងតាមទិន្នន័យអង្គការនេះ នៅក្នុងឆ្នាំ២០២៦ មានកូនផ្សោតកើតថ្មីចំនួន៤ ដែលធ្វើឱ្យផ្សោតសរុបមានចំនួន១១៦ ក្នុងនោះខេត្តក្រចេះជាខេត្តសម្បូរសត្វផ្សោតជាងគេនៅទន្លេមេគង្គកម្ពុជា។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ធ្លាប់អះអាងប្រាប់ប្រជាកាសែតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តធ្វើសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធដូចជាអង្គការមូលនិធិពិភពលោកដើម្បីអភិរក្សសត្វផ្សោត ក៏ដូចជាយាមល្បាត ការពារ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នានាដែលនាំឲ្យប៉ះពាល់ដល់ជម្រកផ្សោត។

ជាអ្នកធ្លាប់ទៅលេងសហគមន៍ទេសចរណ៍ព្រះរំកិល លោក កែម មាន និយាយថាសហគមន៍ទេសចរណ៍មួយនេះអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ប្រសិនបើសហគមន៍ និងអ្នកពាក់ព័ន្ធអាចរក្សាបាននូវធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គដូចជាដើមឈើ ព្រៃលិចទឹក និងធនធានត្រីជាដើម។ លោកបន្តថា លោកចូលចិត្តជិះទូកមើលថ្ងៃលិច សត្វស្លាប និងព្រៃលិចទឹក។ ប្រសិនបើសហគមន៍ព្រះរំកិលអាចកែច្នៃបែបធម្មជាតិ និងមានសេវាកម្មល្អ សហគមន៍ទេសចរណ៍នៅតែអាចរកចំណូលពីវិស័យទេសចរណ៍ ទោះបីគ្មានវត្តមានផ្សោតក៏ដោយ។

លោកថា៖ «មានអារម្មណ៍ថាសប្បាយ មានអារម្មណ៍ថាប្លែកភ្នែក ហើយលក្ខណៈថាវាធ្វើឱ្យយើងធូរអារម្មណ៍។ កាលបងទៅជាក្រុម ហើយនៅហ្នឹងមានម្ហូបលក់ច្រើន ហើយគេនាំបងជិះទូកតាមដងទន្លេហ្នឹង មានឃើញព្រៃលិចទឹកមានឃើញសត្វស្លាប ទេសភាពថ្ងៃលិច និយាយទៅចូលចិត្ត ហើយមានអារម្មណ៍ថាវាប្លែកភ្នែកដោយសារយូរៗយើងទៅម្ដងចឹងទៅណា»។

លោកបន្ថែមថា៖ «សម្រាប់សក្ដានុពល ទោះបីផ្សោតនៅហ្នឹងបាត់បង់ក៏នៅមានលក្ខណៈធនធានធម្មជាតិផ្សេងៗទៀតដែលយើងអាចទស្សនាដូចជា ព្រៃលិចទឹក សត្វស្លាប ជិះទូកមើលថ្ងៃលិច។ តំបន់ទេសចរណ៍ហ្នឹងល្អ បើសិនជាយើងអាចទៅលេងបានក៏យើងអាចជួយជីវភាពសហគមន៍ ទាក់ទងនឹងវិស័យអេកូទេសចរណ៍»។

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន ទទួលស្គាល់ថាសត្វផ្សោតជាផលិតផលទេសចរណ៍មួយដ៏សំខាន់។ តែយ៉ាងណាលោកថា មន្ទីរទេសចរណ៍ខេត្តបានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍មួយនេះជាមួយមន្ទីរអភិវឌ្ឍជនបទ ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗ។ លោកបន្ថែមថា ទោះជាយ៉ាងណា ភ្ញៀវទេសចរនៅតែអាចទៅទស្សនាព្រៃលិចទឹក ឬទៅទស្សនាតំបន់តាមព្រំដែនឡាវបាន។

លោកថា៖ «មន្ទីរទេសចរណ៍ខេត្តបានដាក់ចេញនូវផែនការដើម្បីជម្រុញវិស័យទេសចរណ៍ខេត្តស្ទឹងត្រែង។ ទី១យើងបានផ្សព្វផ្សាយតាមរយៈមន្ទីរ ហើយក៏មានការសហការជាមួយអ្នករៀបចំមាតិកា បានជួយផ្សព្វផ្សាយគ្នា។ ទី២ យើងបានអភិវឌ្ឍសេវាកម្មទេសចរណ៍ដែលយើងមាន ហើយនឹងពង្រីកគោលដៅបន្ថែមផងដែរ»។

លោកបន្ថែមថា៖ «ផ្សោតជាផលិតផលដ៏ទាក់ទាញមួយ នៅសហគមន៍ទេសចរណ៍ព្រះរំកិលហ្នឹង ប៉ុន្តែបើទោះជាអស់ផ្សោតបច្ចុប្បន្នយើងនៅរក្សាបាននូវប្រវត្តិផ្សោតសម្រាប់ផ្សព្វផ្សាយដល់ភ្ញៀវទេសចរ។ តាមរយៈក្រសួងអភិវឌ្ឍជនបទក៏ជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងរៀបចំរម្មណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលឡើងវិញ»។

មេភូមិអន្លង់ស្វាយ ឃុំព្រះរំកិល លោក យ៉ាន់ ស៊ុន តាក់ លើកឡើងថា ការបាត់បង់សត្វផ្សោតពិតជាជះផលអវិជ្ជមានដល់វិស័យអេកូទេសចរណ៍នៅសហគមន៍ព្រះរំកិល ព្រោះផ្សោតជាកត្តាទាក់ទាញទេសចរណ៍ដ៏ចម្បងនៅតាមសហគមន៍នាដងទន្លេមេគង្គ។ តែយ៉ាងណា លោកថា រដ្ឋបាលឃុំគាំទ្រដោយក្រសួងអភិវឌ្ឍជនបទកំពុងតែកែច្នៃសួនច្បារបែបធម្មជាតិ បង្កើតផ្សារសម្រាប់ភ្ញៀវទេសចរទិញវត្ថុអនុស្សាវរីយ៍ ក៏ដូចជាត្រីពីសហគមន៍ និងបន្តផ្សព្វផ្សាយបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។

លោកលើកឡើងថា៖ «ចាំមើលគេចប់ការសាងសង់រួច រៀបចំគណកម្មការ ផ្សព្វផ្សាយពង្រឹងវិស័យអេកូឡើងវិញ។ ភាគច្រើនប្រជាពលរដ្ឋយើងគាត់ចូលរួមច្រើនណាស់ដែរ ប៉ុន្តែវាពិបាកត្រង់ថាគណកម្មការអេកូទេសចរណ៍រៀបចំមិនដើរ ដោយសាររឿងផ្ទៃក្នុងរបស់គេ។ និយាយទៅពិបាកនិយាយគ្នា។ លុះត្រាតែធ្វើការសហការគ្នាបានល្អទើបសហគមន៍ហ្នឹងវាដើរល្អ»។

លោកបន្ថែមថា ផ្សោតនៅសហគមន៍ពីមុនមានសរុប១៣ ក្បាល តែយូរៗទៅក៏ងាប់អស់ដោយកត្តាមនុស្ស ដូចជាការនេសាទខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់អគ្គិសនី។ ទោះជាយ៉ាងណា លោកមិនជឿថាសត្វផ្សោតស្លាប់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនៅខ្សែទឹកខាងលើនៃខេត្តស្ទឹងត្រែងក្នុងប្រទេសឡាវនោះឡើយ។ លោកថា៖ «គេចោទថាបាត់ផ្សោតដោយសារឡាវសាងសង់វារីអគ្គិសនី ខ្ញុំថារឿងអីថាត្រូវងាប់បើទឹកខាងយើងវាមិនប្រែប្រួលអីផង។ ខ្ញុំថាវាអត់មានអីក្រៅពីចរន្តភ្លើងទេតាមមើលទៅ (ឧបករណ៍ឆក់អគ្គិសនី)»។

តែបើតាមរបាយការណ៍របស់គណកម្មការទន្លេមេគង្គ (MRC) ការនេសាទខុសច្បាប់មិនមែនជាការគំរាមកំហែងតែមួយមុខដែលធ្វើឱ្យសត្វផ្សោតប្រឈមមុខនឹងការបាត់បង់នោះទេ។ របាយការណ៍នេះថា ការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើនៅក្នុងប្រទេសឡាវជាប់នឹងកម្ពុជា បង្កឱ្យមានបម្រែបម្រួលទឹកទន្លេមេគង្គក្រោម នៅពេលទឹកទំនប់ហូរធ្លាក់ចុះមក ហើយអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គផងដែរ។

អ្នកដឹកភ្ញៀវទេសចរណ៍ លោក ណយ សង្កត់ធ្ងន់ថា៖ «បើផ្សោតកើតនៅកន្លែងយើងវាល្អហ្នឹងហើយ។ បីឆ្នាំហ្នឹងអស់ផ្សោតមែនទែន។ បើមានផ្សោតមិនដឹងល្អយ៉ាងម៉េច។ ឱ្យតែមានខាងយើងគេរៀបចំហើយ សូម្បី គ្រាប់បែកផ្ទុះ ខាងសហគមន៍គេអត់ឱ្យមានទេ។ ឱ្យតែឃើញមានផ្សោតមួយ សម្បីសន្ទួចមួយអត់ឱ្យដាក់ផង។ គេឱ្យដកចេញ ហើយត្រីក៏សម្បូរទៀត។ ផ្សោតវាស៊ីចំណីត្រី វាអត់ស៊ីអីទេ ក្រៅពីត្រី»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2269}" data-page="1" data-max-pages="1" data-start="1" data-end="1">