(ភ្នំពេញ)៖ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហមុនី ទទួលបានការវះកាត់ព្យាបាលព្រះរោគនៅមន្ទីរពេទ្យប៉េកាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងដែលចេញផ្សាយនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
ក្រសួងព្រះបរមរាជវាំង លើកឡើងថា ស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។
ប្រភពដដែលបន្តថា ៖«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន»។
ក្រសួងបន្តទៀតថា ៖« ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្ដនៅក្នុងមន្ទីរពេទ្យប៉េកាំង» ។
ក្រសួងព្រះបរមរាជវាំងបានស្រង់ព្រះរាជតម្រិះរបស់ព្រះមហាក្សត្រដែលបានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ។
ប្រមុខដឹកនាំព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរសារក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា រូបលោកនិងកូនប្រុសពីរនាក់បានទៅដល់ទីក្រុងប៉េកាំងដើម្បីបង្គំគាល់ព្រះមហាក្សត្រដែលកំពុងទទួលការព្យាបាលព្រះរោគ។
លោក ហ៊ុន សែន ៖«ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ»។
លោកបន្ថែមថា ៖«សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦»។
លោក ហ៊ុន សែន ឆ្លៀតថ្លែងអំណរគុណចំពោះប្រធានាធិបតីចិនចំពោះកិច្ចអន្តរាគមន៍ទាំងឡាយក្នុងការព្យាបាលព្រះរោគព្រះមហាក្សត្រខ្មែរ។
គណបក្សជំនាន់ថ្មីដែលមានលោក មាជ សុវណ្ណារ៉ា ជាប្រធានបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៩ខែមេសាដោយបង្ហាញក្ដីបារម្ភពីព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រនិងបួងសួងសូមឱ្យព្រះអង្គជាសះស្បើយពីព្រះរោគ។
គណបក្សជំនាន់ថ្មី៖«ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានក្តីកង្វល់ដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថាលោកបារម្ភជាខ្លាំងចំពោះព្រះរាជសុខភាពព្រះមហាក្សត្រ។ លោកបន្ថែមថាព្រះអង្គជានិមិត្តរូបនៃការផ្សះផ្សារជាតិ ជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលជាទីសង្ឃឹមរបស់ប្រជារាស្ត្រ។
ក្នុងនាមរូបលោកនិងក្នុងនាមតំណាងបក្សជំនាន់ថ្មីលោកសុវណ្ណារ៉ា ថ្លែងថា: ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងសូមឱ្យដំណើរការវះកាត់ព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ឆាប់ជាសះស្បើយពីព្រះរោគាពាធ និងមានព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរជារៀងដរាបតទៅ»។
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងព្រះរាជសារបញ្ជាក់ថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានរកឃើញថាព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ដែលព្រះចាំបាច់ត្រូវបន្តគង់ព្យាបាលព្រះរោគ។ នេះបើតាមការបញ្ជាក់ក្នុងព្រះរាជសារចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៕







