គ្រូបង្រៀនដែលជាប់ទោសព្រោះនិយាយពីព្រំដែន លោក នូ ភារម្យ ត្រូវបានសាលាដំបូងខេត្តកណ្តាលឲ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ លោកត្រូវបានចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីបញ្ហាព្រំដែនកម្ពុជា–ថៃលើបណ្តាញសង្គមកាលពីខែកុម្ភៈឆ្នាំ២០២៦។
ប្រពន្ធរបស់លោកនូ ភារម្យ គឺអ្នកស្រី ហែម ស្រីអូន បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីមានអារម្មណ៍សប្បាយចិត្តខ្លាំង បន្ទាប់ពីប្តីត្រូវបានដោះលែង។ អ្នកស្រីបានបញ្ជាក់ថា លោក ភារម្យត្រូវបានដោះលែង កាលពីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។
អ្នកស្រីប្រាប់ថាប្តីរបស់អ្នកស្រីមិនពាក់ព័ន្ធនឹងនយោបាយ និងមានបញ្ហាសុខភាព ដែលជាហេតុផលមួយក្នុងការស្នើសុំឲ្យមានការដោះលែងបែបនេះ។
អ្នកស្រីនិយាយថា៖ «ទី១ បងភារម្យមិនមានអ្នកនយោបាយ និងមិនមែនអ្នកបក្សប្រឆាំង ហើយណាមួយសុខភាពគាត់មិនអំណោយផល ហើយណាមួយខ្ញុំពិបាកខ្លាំងណាមួយ បំណុល ផ្ទះផងកូនតូចៗផង ហើយខ្ញុំក៏ធ្វើលិខិតស្នើរសុំទោសសម្តេចឲ្យដោះលេងវិញអីចឹងខ្ញុំធ្វើរហូត ធ្វើលិខិតផងធ្វើវីដេអូផង អីចឹងហាទើបគេដោះលេង»។
អ្នកស្រីបន្តថា៖ «សរសើរថ្នាក់ដឹកនាំបានដោះស្រាយលឿនៗ សូមបីរតែថ្ងៃបុណ្យក៏អន្តាគមន៍ឲ្យគេមកដោះស្រាយរឿងគាត់មកភ្លាមៗ អគុណថ្នាក់ដឹកនាំ »។
ក្នុងអំឡុងពេលដែលលោក នូ ភារម្យ ត្រូវបានឃុំខ្លួន អ្នកស្រី ហែម ស្រីអូន បានផ្ញើលិខិតសុំ ព្រមទាំងធ្វើជាវីដេអូ ក្នុងការអន្តរាគមន៍តាមបណ្តាញសង្គមទៅកាន់ នាយករដ្ឋមន្រីហ៊ុន ម៉ាណេត ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីស្នើសុំដោះលែងប្តីរបស់អ្នកស្រី។
តាមលិខិតដីកាបង្គាប់ឲ្យដោះលែង ដែលអ្នកសារព័ត៌មានទទួលបាន បានបង្ហាញថា តុលាការបានបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តកណ្តាល ដោះលែងជនជាប់ចោទឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៤៩ឆ្នាំ ជាគ្រូបង្រៀនឯកជន ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៧។
ក្នុងដីកាដោះលែងបន្តថា លោក នូ ភារម្យ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ហើយការដោះលែងនេះ ត្រូវអនុវត្ត ប្រសិនបើជនជាប់ចោទមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។
ជាមួយគ្នានេះ មន្រ្តីសិទ្ធិមនុស្សពី សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានមានប្រសាសន៍ថា ការដោះលែងនេះអាចជាការឆ្លើយតបនឹងសំណើរបស់មេធាវី ដែលបានស្នើសុំឲ្យដោះលែងជនជាប់ចោទ។
លោកបានថ្លែងថា៖ «ការដោះលែងលោក នូភារម្យដែលជាគ្រូបង្រៀនម្នាក់នៅសាលាឯកជនមួយនេះវាគឺជាការស្នើសុំរបស់មេធាវីស្នើសុំឲ្យដោះលែងប៉ុន្តែតុលាការបានសម្រេចឲ្យដោះលែងនៅក្រៅឃុំ។មូលហេតុដោយសារតែ លោកនូភារម្យនេះបើយើងពិនិត្យមើលការចោទប្រកាន់ញុះញង់ឲ្យមានការវឹកវរដល់សង្គមនេះគឺវាមិនពាក់ព័ន្ធជាមួយអីធ្ងន់ធ្ងរដូចការចោទប្រកាន់នោះទេ»។
លោក យី សុខសាន្ត បាននិយាយថា សង្គមស៊ីវិលចង់ឃើញការដោះលែងជនជាប់ចោទឲ្យរួចផុតពីបទចោទទាំងស្រុង មិនមែនត្រឹមតែដោះលែងឲ្យនៅក្រៅឃុំប៉ុណ្ណោះទេ ហើយបានអំពាវនាវឲ្យអាជ្ញាធរគោរពសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកថ្លែងប្រាប់ថា៖«ទីពីរការសម្រេចដោះលែងនេះគឺយើងមើលឃើញប្រហែលជាយល់ថាការស្នើសុំរបស់គាត់របស់មេធាវីគឺមានការត្រឹមត្រូវប៉ុន្តែសម្រាប់អង្គការ ស៊ីវិលមានការខកចិត្តដែរគួរឲ្យដោះលែងឲ្យរួចផុតបទចោទមិនមែនមានន័យថាដោះលែងឲ្យនៅក្រៅឃុំសម្រាប់សង្គមស៊ីវិលស្នើសុំឲ្យរួចបទចោទហើយអ្វីដែលយើងមើលឃើញ»។
សូមជម្រាបជូនថា លោក នូ ភារម្យ អាយុ ៤៧ ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជននៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្ទះរបស់លោក បន្ទាប់ពីបង្ហោះវីដេអូបញ្ចេញមតិអំពីជម្លោះព្រំដែនកម្ពុជា–ថៃលើហ្វេសប៊ុក។ លោក ភារម្យ ក៏ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត មុនបញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី៤ ខែកុម្ភៈ តុលាការបានសម្រេចចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕







