ក្រសួងការបរទេសកម្ពុជាប្រតិកម្មជាថ្មី ចំពោះករណីដែល ថៃសង់ប៉ុស្តិ៍យាមនៅប្រាសាទព្រះវិហារ និងការពង្រឹងតំបន់កាន់កាប់ច្រើនទីតាំង។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដែលពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតនៅទីតាំងជាច្រើន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
សេចក្ដីថ្លែងការណ៍ខាងលើ និយាយថា កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃសៅរ៍ ទី១៨ ខែមេសា បានពង្រឹងការកាន់កាប់ដោយសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅតំបន់ប្រាសាទព្រះវិហារ និងជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិជប់គគីរ សាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ នៃសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបន្តថា រីឯតំបន់ថ្មដូន កងកម្លាំងថៃ បានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវនៅភាគខាងកើតច្រកទ្វារថ្មដូនផងដែរ។ ចំណែកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ឯណោះវិញ កងកម្លាំងថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី នោឃុំថ្មដា ស្រុកវាលវែង។
កម្ពុជា បានចាត់ទុកសកម្មភាពរបស់កងកម្លាំងថៃនេះ ជាការរំលោភលើការប្ដេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ជាដើម។
ក្រៅពីការជំទាស់នឹងការឈ្លានពានរបស់ថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះបន្តទៀត ដើម្បីកាត់បន្ថយភាពតានតឹង និងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានគូសបញ្ជាក់ថា តាមរយៈទំព័រហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។
លោក បន្ថែមថា៖ «សកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ»។
ជុំវិញការពង្រីកការឈ្លានពានរបស់ថៃ អ្នកនយោបាយបក្សប្រឆាំងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្វែងរកយន្តការពីអន្តរជាតិ ដូចជា សមាគមអាស៊ាន និងការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិដើម្បីរកយុត្តិធម៌។
អនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ថៃនឹងមិនញញើតនោះទេ បើកម្ពុជាគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនោះ។ លោក ច័ន្ទរ័ត្ន ជំរុញឱ្យរាជរដ្ឋាភិបាលដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយកម្ពុជាក៏ត្រូវពង្រឹងសមត្ថភាពយោធាឱ្យរឹងមាំក្នុងការការពារខ្លួន ដែលលោកយល់ថា នៅពេលនេះ ពិភពលោកកំពុងប្រឈមមុខនឹងប្រទេសខ្លាំងឈ្លានពានប្រទេសខ្សោយ។
លោក អះអាងទៀតថា លុះត្រាតែកម្ពុជាមានកម្លាំងយោធាខ្លាំង ទើបអាចដាក់សម្ពាធឱ្យថៃងាកមករកតុចរចា និងគោរពតាមបទដ្ឋានអន្តរជាតិ។
លោក និយាយថា៖ «នៅរឿងមួយទៀតគឺ ការត្រៀមលក្ខណៈដើម្បីស្វ័យការពារ ប្រទេសនីមួយៗមានសិទ្ធិដើម្បីការពារ ដែនអធិបតេយ្យភាពខ្លួនឯងស្របតាមច្បាប់អន្តរជាតិ។ ដូច្នេះបើយើងមិនធ្វើអ្វីសោះ យើងធ្វើតែក្រដាសទាមទារ ថ្កោលទោស ខ្ញុំជឿថា គេនៅតែមកចឹង គេនៅតែធ្វើទង្វើបែបគឃ្លើនបែបហ្នឹង ព្រោះអត់មានអីខ្លាចចឹង គេយល់ថាយើងមិនហ៊ានប្រឈមសោះតែម្ដង»។
រីឯសមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា មានប្រសាសន៍ថា កម្ពុជាអាចរកយន្តការ អាស៊ាន ដែលដើរតួនាទីជាអ្នកធានាសន្តិភាព និងស្ថេរភាពក្នុងតំបន់ នៅពេលដែលថៃ បន្តរកលេសក្នុងការពន្យាពេលកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។លោក មុនីកា យល់ថា ជម្រើសដ៏ល្អរបស់កម្ពុជាមួយទៀត គឺការដាក់ពាក្យប្ដឹងទៅកាន់តុលាការអន្តរជាតិដើម្បីរកយុត្តិធម៌ ខណៈកន្លងមក កម្ពុជាធ្លាប់ឈ្នះក្ដី ថៃ ចំនួន២លើកមកហើយ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះការពង្រឹកការកាន់កាប់របស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា និងថ្កោលទោសចំពោះរឿងនេះ។ ស្របពេលជាមួយគ្នា លោក បុញ្ញឫទ្ធិ យល់ថា នេះជាពេលវេលាសមស្របសម្រាប់កម្ពុជាក្នុងការប្រមូលភស្តុតាងប្ដឹងទៅកាន់តុលាការអន្តរជាតិដើម្បីរកយុត្តិធម៌ផងដែរ។
លោក និយាយថា៖ «ហើយវាជាពេលវេលាដ៏ល្អ ដែលយើងមានភស្តុតាងគ្រប់គ្រាន់ ដែលអាចឈានទៅរកការប្ដឹងទៅតុលាការអន្តរជាតិ ICC និង ICJ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា លើកឡើងថា ការតវ៉ាតាមរយៈកំណត់ទូត និងការប្រើប្រាស់ច្បាប់អន្តរជាតិ មិនអាចហាមថៃឱ្យឈប់ឈ្លានពានភ្លាមៗបានឡើយ ដោយទាមទារពេលវេលាយូរនៅក្នុងការដោះស្រាយដោយសន្តិវិធី។ តែទោះជាយ៉ាងណា លោកយល់ថា ការតវ៉ាបែបការទូតនេះ ចង្អុលបង្ហាញថា កម្ពុជាមិនទទួលស្គាល់នោះទេ ចំពោះការកំណត់ខ្សែបន្ទាត់ព្រំដែនតាមរយៈកម្លាំងយោធា។
គួរជម្រាបជូនដែរថា ក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងថៃបានបន្តឈរជើងនៅលើទឹកដីកម្ពុជាច្រើនទីតាំង និងតំបន់តាមព្រំដែន ជាពិសេសទីតាំងរបស់ជនស៊ីវិលកម្ពុជា។ យោធាថៃក៏រារាំងមិនឱ្យជនភៀសសឹកកម្ពុជាត្រឡប់ចូលទៅលំនៅឋានរបស់ពួកគេវិញទៀតផង៕







