ចាងហ្វាងកាសែតអនឡាញ HR News TV អំពាវនាវតុលាការខេត្តកំពង់ចាមឱ្យផ្ដល់យុត្តិធម៌

សង្គម

(ចាងហ្វាងសារព័ត៌មានអនឡាញ HR News TV នៅកំពង់ចាម លោក ហង្ស រដ្ឋា កំពុងអធិប្បាយព័ត៌មាន។ (រូបថតពីវីដេអូព័ត៌មាន HR News TV )។

ចាងហ្វាងសារព័ត៌មានអនឡាញ HR News TV លោក ហង្ស រដ្ឋាអំពាវនាវតុលាការខេត្តកំពង់ចាមឱ្យផ្ដល់យុត្តិធម៌ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ។ លោកបញ្ជាក់ថាលោកនឹងចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ តាមការកោះហៅ ហើយលោករំពឹងថាតុលាការនឹងស្វែងរកយុត្តិធម៌ជូនលោក។

តាមរយៈដីការកោះចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមលោក អ៊ាង សុគន្ធ បានកោះហៅ ម្ចាស់ហ្វេសប៊ុក អេច អ ញូស ធីវី HR News TV លោក ហង្ស រដ្ឋា ដើម្បីធ្វើការស្ដាប់ចម្លើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩ព្រឹក។

ដីការកោះ៖ «ដើម្បី៖ ធ្វើការស្ដាប់ចម្លើយ។ អំពីរឿងហេតុ៖ បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តិទៅនៅតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ទី៧ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈពាក្យបណ្ដឹងរបស់ឈ្មោះ ភោគ សាវុធ(អភិបាលស្រុកកងមាស) ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដាក់មកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម»។

ចាងហ្វាងសារព័ត៌មានអនឡាញ HR News TV ហង្ស រដ្ឋា បានប្រាប់ប្រជាកាសែតថា ករណីដែលតុលាការខេត្តកំពង់ចាមកោះហៅលោក គឺពាក់ព័ន្ធការផ្សាយព័ត៌មានរបស់លោកពីរឿងចាក់ដីយកចំណីបឹងកោះគោ ក្នុងភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ពីសំណាក់ម្ចាស់សិប្បកម្មឡឥដ្ឋម្នាក់ ។លោកអះអាងថា ព័ត៌មានដែលលោកផ្សាយនោះជាការពិត ហើយលោកបានធ្វើការនេះដោយគោរពតាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

លោកថាលោកនឹងទៅតាមការកោះហៅរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

លោក ហង្ស រដ្ឋា៖ « ខ្ញុំនៅតែជឿជាក់ថា តុលាការខេត្តកំពង់ចាមនឹងផ្ដល់យុត្តិធម៌ដល់ខ្ញុំ ដោយសារមូលហេតុអីខ្ញុំនៅតែជឿជាក់? ទី១គឺខ្ញុំផ្សាយប្រភពព័ត៌មានពិត បឹងមានការចាក់ចូលមែន។ មានការសាងសង់របងចូលបឹង ចាក់ដីចូលបឹង[…]ហើយកាលដែលមុនខ្ញុំផ្សព្វផ្សាយ ខ្ញុំបានទំនាក់ទំនងទៅគ្រប់ទាំងអស់»។

ចាងហ្វាងសារព័ត៌មានអនឡាញរូបនេះឱ្យដឹងថា លោកក៏រងបណ្ដឹងចំនួន២ផ្សេងទៀត ចំពោះការផ្សាយដដែលនេះ គឺបណ្ដឹងពីប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម លោក អ៊ុម វិបុលនិងពីម្ចាស់សិប្បកម្មឡឥដ្ឋលោក ស្រ៊ុន ម៉េងលី។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ប្រាប់ថាលោកមិនទាន់ទទួលបានព័ត៌មានពីករណីចាងហ្វាងសារព័ត៌មានអនឡាញ HR News TV ហង្ស រដ្ឋា នៅឡើយទេ។

លោកថា៖ «សំទោសអូន ពូអត់ទាន់បានទទួលព័ត៌មានហ្នឹងដែរអូន»។

ជុំវិញរឿងនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ប្រាប់ថា លោកក៏មិនទាន់ទទួលបានព័ត៌មានពីករណីនេះដូចគ្នា។ តែយ៉ាងណាលោកយល់ថា ការប្ដឹងផ្ដល់អ្នកសារព័ត៌មានមិនផ្ដល់ផលចំណេញដល់ប្រទេសជាតិទេ ព្រោះអ្នកកាសែតដើរតួជាអ្នកឃ្លាំមើលផលប្រយោជន៍សាធារណៈ។

លោកថា៖ «សម្រាប់ខ្ញុំៗថាយើងកុំជ្រើសរើសយកមធ្យោបាយប្តឹងផ្តល់ ក៏ប៉ុន្តែផ្ទុយទៅវិញយើងជ្រើសរើសយកមធ្យោបាយពន្យល់ត្រឡប់ទៅវិញ ព្រោះយើងមន្ត្រីសាធារណៈជាធម្មតាគឺទទួលរងនូវការឃ្លាំមើលការពិនិត្យតាមដានរបស់សាធារណៈជនទូទៅ គឺជារឿងមួយដែលត្រឹត្រូវ​ហើយ[…]ដូច្នេះខ្ញុំគិតថាយើងគួរតែជំរុញឱ្យមន្រ្តីទាំងអស់ហ្នឹងគាត់អាចបំពេញតួនាទីហ្នឹងបានទើបជារឿងមួយត្រឹមត្រូវ»។

របាយការណ៍របស់ខេមបូចាឱ្យដឹងថា ឆ្នាំ២០២៤ មានឧបទ្ទវហេតុចំពោះ អ្នកសារព័ត៌មាន ៤១ករណី ប៉ះពាល់អ្នកកាសែត៦០នាក់។ ៦៨ភាគរយនៃ៤១ករណីនេះ គឺអ្នកកាសែតត្រូវចោទប្រកាន់តាមផ្លូវច្បាប់រួមមាន បទញុះញង់ និងបទបរិហារកេរ្តិ៍៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2289}" data-page="1" data-max-pages="1" data-start="1" data-end="1">