តុលាការខេត្តព្រះវិហារសម្រេចដោះលែងយុវតីដែលបើកម៉ូតូដួលបណ្ដាលឱ្យអ្នកជិះពីក្រោយស្លាប់នៅក្រៅឃុំបណ្តោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការដើម្បីបន្តនីតិវិធីតាមច្បាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
ការដោះលែងយុវតីរូបនេះ គឺធ្វើឡើងបន្ទាប់ពីឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវលិខិតរបស់ឪពុកម្តាយបង្កើតរបស់ជនរងគ្រោះ ដែលមានខ្លឹមសារថាមិនប្តឹងផ្តល់ទៅលើយុវតីដែលជាអ្នកឌុបនេះទេ ប៉ុន្តែសាលាដំបូងខេត្តព្រះវិហារអះអាងថា ពុំទាន់ទទួលបានលិខិតនេះ ដើម្បីដាក់ចូលជាឯកសារក្នុងសំណុំរឿងនៅឡើយ។
តាមការបញ្ជាក់ពីសាលាដំបូងខេត្តព្រះវិហារឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍មួយដោយយុវតីម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿន ហើយបានធ្លាក់ក្រឡុកតាមផ្លូវបណ្តាលឱ្យដួល បង្កឱ្យអ្នកជិះនៅខាងក្រោយរងរបួសចំក្បាល និងបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកនារីជាអ្នកបើកម៉ូតូបានរងបួស។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ យុវតីជាអ្នកបើកម៉ូតូត្រូវបានតុលាការចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ»។
ចំណាត់ការនេះ ត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ការចោទប្រកាន់របស់តុលាការ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ដោយមតិភាគច្រើនថាមិនសមហេតុផល ដែលមិនគួរដាក់បន្ទុកទោសលើយុវតីអ្នកឌុបនោះទេ ដោយពួកគាត់យល់ថា បញ្ហាផ្លូវមានក្រឡុកច្រើនគួរតែជាបន្ទុក និងការទទួលខុសត្រូវរបស់អាជ្ញាធរឬក្រសួងពាក់ព័ន្ធដែលខ្វះការត្រួតពិនិត្យ និងការយកចិត្តទុកដាក់។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា នៅថ្ងៃទី២១ ខែមេសានេះ បានពន្យល់ថា ការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬដោយមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិចរាចរណ៍តម្រូវ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
នៅក្នុងធាតុផ្សំនៃបទល្មើសនេះ «អ្នកដទៃ» គឺសំដៅទៅលើគ្រប់បុគ្គលទាំងអស់ក្រៅពីអ្នកបើកបរខ្លួនឯងផ្ទាល់ (ជនបង្ក) ដោយក្នុងនោះ រាប់ទាំងអ្នកដែលជិះជាមួយផង (អ្នករួមដំណើរក្នុងឡាន ឬអ្នកជិះពីក្រោយលើម៉ូតូ)។
ប្រភពដដែលបន្ថែមថា ចំណុចសំខាន់ គឺត្រូវកំណត់ថា តើគ្រោះថ្នាក់ពិតជាត្រូវបានបង្កឡើងដោយការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬការមិនគោរពវិធានចរាចរណ៍ ដោយអ្នកបើកបរដែរឬទេ ដូចជា បើកបរក្នុងស្ថានភាពស្រវឹង ឬបើកបរក្នុងល្បឿនលឿនហួសការកំណត់ជាដើម។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានលើកឡើងករណីស្រដៀងគ្នានេះដែលកើតឡើងនៅប្រទេសបារាំងកាលពីឆ្នាំ២០២៣ ហើយតុលាការទើបនឹងជំនុំជម្រះ និងចេញសាលក្រម កាលពីចុងខែមីនា ២០២៦ថ្មីៗនេះ។
ករណីនៅប្រទេសបារាំង ជនបង្កបានបើកបើកម៉ូតូវ៉ាជែងដោយធ្វេសប្រហែស ហើយទៅបុកឡាន បណ្តាលឱ្យខ្លួនឯងរបួសធ្ងន់ធ្ងរ ចំណែកមិត្តភ័ក្តិដែលជិះពីក្រោយលើម៉ូតូបានស្លាប់។ តុលាការបារាំងបានសម្រេចផ្តន្ទាទោសអ្នកបើកម៉ូតូឱ្យជាប់ពន្ធនាគារពីបទ «មនុស្សឃាតដោយអចេតនា» ព្រមទាំងតម្រូវឱ្យសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀត។
លោក សេង ឌីណា បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ ការស៊ើបអង្កេត គឺផ្តោតលើចំណុចសំខាន់ចំនួន២ គឺទីមួយបើកបរក្នុងល្បឿនលឿនលើផ្លូវគ្រួសក្រហម និងទីពីរ គឺបើកបរក្នុងស្ថានភាពស្រវឹង៕







