ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ សហការគ្នាចាត់វិធានការផាកពិន័យទៅលើម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីចូលរួមក្នុងប្រតិបត្តិបង្រ្កាបមុខសញ្ញាដែលសំងំខ្លួនប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ឬបង្កអសន្តិសុខនៅក្នុងសង្គម។
ការចាប់ផ្តើមផាកពិន័យលើម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ធ្វើឡើងស្របតាមអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសអន្តរក្រសួងចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ តែទើបឃើញផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា នេះ។
អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ មាន៧ជំពូក និងចែកចេញជា ២៤មាត្រា។ ខ្លឹមសារនៃអនុក្រឹត្យគឺសំដៅកំណត់នូវការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
បើតាមអនុក្រឹត្យខាងលើ ម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ និងស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ត្រូវរងការពិន័យជាប្រាក់ចំនួន ៤ លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
មួយរយៈពេលចុងក្រោយនេះ កម្លាំងនគរបាលបានចុះបង្រ្កាបទីតាំង និងអគារជាច្រើនកន្លែង ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបរបស់អាជ្ញាធរ ក៏មានការបណ្ដេញជនជាតិបរទេសជាច្រើននាក់ចេញពីកម្ពុជា។
បន្ថែមពីនេះ មាត្រា១២ នៃអនុក្រឹត្យពាក់ព័ន្ធបញ្ហាខាងលើតម្រូវឱ្យប្រធានអង្គភាព និងមា្ចស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ កត់ត្រាការស្នាក់នៅទាំងអស់ចូលក្នុងបញ្ជី ហើយអន្តរក្រសួងក៏នឹងផាកពិន័យលើម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ប្រសិនបើធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងមាត្រា១៦ ស្តីពីការគ្រប់គ្រងគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាព ដោយពិន័យជាប្រាក់ចំនួន ៤សែនរៀល ដោយមិនទាន់គិតពីព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែលនេះ៕







