មន្ត្រីជាន់ខ្ពស់ចិន២រូបទស្សនកិច្ចកម្ពុជាចំពេលកម្ពុជារងវិបត្តិព្រំដែននិងឧក្រិដ្ឋកម្ម​អន​ឡាញ

ទំនាក់ទំនងអន្តរជាតិ

(មន្ត្រីជាន់ខ្ពស់ទាំងពីរចាកចេញពីយន្ដហោះមកជាន់ដីកម្ពុជា។រូបភាពថ្ងៃទី២២ខែមេសា​២០២៦ ។)រូបភាពAKP)។

មន្ត្រីជាន់ខ្ពស់ចិន២រូបទស្សនកិច្ចកម្ពុជាចំពេលកម្ពុជារងវិបត្តិព្រំដែនខ្មែរថៃ និងឧក្រិដ្ឋកម្មអនឡាញ។មន្ត្រីចិនទាំងពីររូបមាន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិ លោក តុងជុនមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ«២+២» រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនដែលថ្លែងប្រាប់អ្នកសារព័ត៌មានពីទីក្រុងប៉េកាំង។

អ្នកទាំងពីរបានជាន់ដីកម្ពុជាហើយនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា កិច្ចសន្ទនានេះសម្រេចឡើងតាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីងកាលពីខែមេសា២០២៥កន្លងទៅ។ប្រភពដដែលបន្តថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយនិងសន្តិសុខនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា៖«យន្ដការថ្មីនេះជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរទស្សនៈ​លើបញ្ហាតំបន់និងពិភពលោក»។

កម្ពុជាជាប្រទេសទី២បន្ទាប់ពីឥណ្ឌូនេស៊ីដែលចិនសម្រេចរៀបចំកិច្ចសន្ទនានេះឡើង។ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូប នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយហ៊ុន សែន និង ហ៊ុន ម៉ាណែត។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត យង់ ពៅ លើកឡើងថា ទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា ក្រោមឆ័ត្រមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិឆកោណត្បូងពេជ្រ។ លោកថា ដំណើរនេះក៏ស្របនឹងច្បាប់ធម្មនុញ្ញUN និងជាសិទ្ធអធិបតេយ្យក្នុងគោលបំណងរួមគ្នាការសាងទំនុកចិត្ត ធានាស្ថេរភាពតំបន់និងសកល។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងយោធា កម្ពុជា-ចិន បានបង្កើតទំនា់ទំនងជាមួយគ្នាជាប្រពៃណី រួមទាំងការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ជំនួយបច្ចេកទេសយោធា ការសាងសង់កំពង់ផែរាម។

លោក យង់ ពៅ៖«កិច្ចសន្ទនានេះបង្កើនជំនឿចិត្ត និងជាថាមពលថ្មីនៃយុទ្ធភូមិសាស្ត្រ​(Geostrategic) ដើម្បីរក្សាលំនឹងភូមិសាស្ត្រនយោបាយកម្ពុជាក្នុងតំបន់។ យើងរំពឹងថា ជំនួបនេះនឹងនាំមកនូវផ្លែផ្កាគុណភាពខ្ពស់នៃទំនាក់ទំនងកម្ពុជា-ចិន លើវិស័យយោធា ខណៈដែលកម្ពុជាកំពង់ត្រូវការពង្រឹងសមត្ថភាពជាចាំបាច់និងបន្ទាន់»។

លោកយង់ ពៅបន្ថែម៖«គេតែងវាយតម្លៃកម្ពុជាលម្អៀងទៅនេះទៅនោះ ប៉ុន្តែកម្ពុជាតែងរក្សាលំនឹងភូមិសាស្ត្រនបាយរបស់ខ្លួន»។

ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី ក៏ជាអាជ្ញាកណ្ដាលមួយក្នុងជម្លោះព្រំដែនខ្មែរថៃដែរ។ ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមអនឡាញភាគីកម្ពុជាទើបផ្ដល់កាដូជូនចិនដោយចាប់បញ្ជូនឧក្រិដ្ឋជនអន្តរជាតិសំខាន់ៗពីររូបទៅឱ្យអាជ្ញាធរចិន។ ក្នុងនោះចៅហ្វាយធំព្រីនស៍គ្រុប លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scamចាប់បញ្ជូន ពីកម្ពុជាទៅចិនវិញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦និងម្ចាស់ភាគហ៊ុនធំ ហួយវន់ផេ លោកលី សុង (LI XIONG)ដែលជាមេខ្លោងឆបោកនិងលាងលុយត្រូវបញ្ជូនទៅប្រទេសចិននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ប្រទេសចិនទើបបានផ្ដល់នាវាពីរគ្រឿងជូនកម្ពុជាដើម្បីបម្រើសេវាយោធាជើងទឹក។

សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក គង់ ម៉ូនីកា មានប្រសាសន៍ថា កម្ពុជាត្រូវធានាឱ្យមានតុល្យភាពក្នុងការធ្វើទំនាក់ទំនងដើម្បីបម្រើប្រយោជន៍ជាតិ។

លោកគង់ម៉ូនីកា៖«យើងខ្ញុំស្វាគមន៍ចំពោះទំនាក់ទំនងកម្ពុជាចិន ប៉ុន្តែទំនាក់ទំនងត្រូវតែធានាឯករាជ្យភាពរបស់កម្ពុជាក៏ដូចជាផលប្រយោជន៍របស់ជាតិជាចំណុចអាទិភាពរបស់កម្ពុជា។មិនត្រឹមតែមានទំនាក់ទំនងជាមួយចិនទេកម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសផ្សេងៗទៀតដើម្បីធានាថាកម្ពុជាមានគោលនយោបាយមួយដែលសមស្រប បម្រើឱ្យផលប្រយោជន៍របស់ប្រទេសជាតិ»។

អ្នកឃ្លាំមើលបញ្ហាភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី សរសេរក្នុងហ្វេសប៊ុករបស់លោក ថា ចិនពិតជាមានឧបករណ៍គ្រប់គ្រាន់ក្នុងការជួយរដ្ឋាភិបាលភ្នំពេញឱ្យចាកចេញពីអន្ទាក់ព្រំដែន ប៉ុន្តែជោគជ័យនៃសេណារីយ៉ូទាំងនេះ ក៏អាស្រ័យទៅលើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការគ្រប់គ្រងប្រតិកម្មតបតពីក្រុមអ្នកនយោបាយថៃ និងការរក្សាមុខមាត់ឱ្យភាគីថៃ ផងដែរ។

លោកបញ្ជាក់៖«ប្រសិនបើចិនអាចសម្របសម្រួលឱ្យមានដំណោះស្រាយ ឈ្នះ-ឈ្នះ ដែលថៃមិនបាត់បង់មុខមាត់ ហើយកម្ពុជាទទួលបានការធានាព្រំដែនពិតប្រាកដ នោះវានឹងក្លាយជាសមិទ្ធផលដ៏ធំបំផុតនៃសម្ព័ន្ធភាព ២+២ កម្ពុជា-ចិន ដែលនឹងកែប្រែប្រវត្តិសាស្ត្រនៃទំនាក់ទំនងត្រីភាគីនេះជារៀងរហូត»។

បើតាមគម្រោងបន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យីក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់។លោកវ៉ាងយីក៏នឹងបន្តដំណើរទៅថៃនិងមីយ៉ាន់ម៉ាដែរបន្ទាប់ពីទស្សនកិច្ចនៅកម្ពូជា៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2324}" data-page="1" data-max-pages="1" data-start="1" data-end="1">