អភិបាលកិច្ចឌីជីថលនិងក្រមសីលធម៌សម្រាប់មន្ត្រី តម្លៃនៃវិជ្ជាជីវៈក្នុងលំហប្រព័ន្ធផ្សព្វផ្សាយសង្គម

អភិបាលកិច្ច

លោកបណ្ឌិត ប៉ា ចន្ទរឿនប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាកំពុងបំពេញការងារ ។ (រូបលោកបង្ហោះតាមគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន)

ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) បានក្លាយជាឧប​ករណ៍ដ៏មាន ឥទ្ធិពលសម្រាប់ការផ្តល់សេវាសាធារណៈ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋនិងពលរដ្ឋ។ ទោះជាយ៉ាងណា កន្លងមកមានករណីទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន​​សាធារណៈមួយចំនួន បានបង្ហោះសារដែលមាន លក្ខណៈលេងសើច ខ្វះវិជ្ជាជីវៈ និងសតិសម្បជញ្ញៈ។ តួយ៉ាងខ្លឹមសារដែលបានបង្ហោះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅនាពេលថ្មីៗនេះ ដែលបានលើកឡើងថា៖ “ការធ្វើ សំបុត្រមរណ:ភាពគឺធ្វើនៅសាលាឃុំ/សង្កាត់សាមីខ្លួនមិនបាច់ទៅដោយផ្ទាល់ទេ អាចឱ្យក្រុមគ្រួសារទៅធ្វើជំនួសបាន”បានក្លាយជាប្រធានបទដែលគួរឱ្យព្រួយបារម្ភនិងជាចំណុចឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់នៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័នរដ្ឋ។

ក្នុងនាមជាអ្នកធ្វើការលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ, ប្រជាធិបតេយ្យឌីជីថល (digital democracy) និងអ្នកបណ្តុះបណ្តាលអក្ខរកម្មឌីជីថល (digital literacy) ខ្ញុំយល់ឃើញថាករណីខាងលើនេះមានចំណុចគន្លឹះចំនួន ៤ ដែលយើងត្រូវពិចារណា៖

១. វិបត្តិនៃសតិសម្បជញ្ញៈនិងអក្ខរកម្មឌីជីថលរបស់មន្ត្រី

ការប្រើប្រាស់ភាសាខ្វះតក្កវិជ្ជាលើប្រធានបទដ៏រសើបដូចជា “មរណភាព” ឆ្លុះបញ្ចាំងពីការខ្វះ អក្ខរកម្ម ឌីជីថល (Digital Literacy) យ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការភាន់ច្រឡំរវាងការចង់បានភាពស្និទ្ធស្នាល (Engagement) និងការលេងសើចដែលខ្វះការសង្វេគយល់ (empathy)។ ក្នុងនាមជាពលរដ្ឋឌីជីថលគំរូ មន្ត្រីរដ្ឋបាលត្រូវយល់ដឹងពីបរិបទ (Contextual Intelligence) និងផលប៉ះពាល់នៃ “ដានឌីជីថល” (Digital Footprint)។ សារមួយដែលបង្ហោះទៅនឹងស្ថិតនៅឋិតឋេរ ហើយកំហុសដែលកើតចេញពីការលេងសើចខ្វះវិជ្ជាជីវៈបែបនេះ បានធ្វើឱ្យចុះខ្សោយនូវតម្លៃ និងភាពម៉ឺងម៉ាត់នៃរដ្ឋបាលសាធារណៈ។

២. ការគោរពសេចក្តីថ្លៃថ្នូរក្នុងលំហប្រជាធិបតេយ្យឌីជីថល

អភិបាលកិច្ចល្អក្នុងយុគសម័យឌីជីថលចាប់ផ្តើមចេញពីការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ការធ្វើសំបុត្រមរណភាពគឺជាកិច្ចការរដ្ឋបាលដែលពោរពេញដោយទុក្ខសោករបស់គ្រួសារពលរដ្ឋ។ ការបង្ហោះសារដែលខ្វះការត្រិះរិះពិចារណា គឺជាអវត្តមាននៃបញ្ញាស្មារតីចំពោះទុក្ខ​សោករបស់ពលរដ្ឋ និងជាការរំលោភលើសេចក្តីថ្លៃថ្នូរនៃសេចក្តីស្លាប់។ ក្នុងប្រព័ន្ធប្រជាធិប​តេយ្យ ស្ថាប័នរដ្ឋមានកាតព្វកិច្ចកសាងបរិយាកាសទំនាក់ទំនងដែលពោរពេញដោយការសង្វេគយល់ (Empathy) និងការផ្តល់តម្លៃដល់ពលរដ្ឋដែលម្ចាស់អំណាច។

៣. ជំនឿចិត្តនិងសន្តិសុខព័ត៌មាន

ទំព័រហ្វេសប៊ុកផ្លូវការគឺជា “មុខមាត់” របស់រដ្ឋាភិបាលក្នុងពិភពឌីជីថលនិងជាប្រភពព័ត៌មានយោង (Reference Point) ដែលពលរដ្ឋទុកចិត្ត។ នៅពេលដែលស្ថាប័នសាធារណៈបង្ហោះព័ត៌មានខ្វះគុណភាព ឬមានលក្ខណៈលេងសើចហួសហេតុ វានឹងបង្កើតឱ្យមានការបាត់បង់ជំនឿចិត្ត (Erosion of Trust)។ ប្រសិនបើរដ្ឋមិនអាចធ្វើជាគំរូនៃទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈទេ នោះវានឹងបង្កឱកាសឱ្យមាន ការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) និងការបាត់បង់សណ្តាប់ធ្នាប់ផ្នែកព័ត៌មានក្នុង សង្គមឌីជីថល។

៤. ទំនួលខុសត្រូវឌីជីថល (Digital Accountability)

គោលការណ៍គ្រឹះនៃពលរដ្ឋឌីជីថលគឺការទទួលខុសត្រូវ។ នៅពេលមានកំហុសកើតឡើង ស្ថាប័ន​មិនគួរ ត្រឹមតែលុបការបង្ហោះនោះចោលស្ងាត់ៗឡើយ ប៉ុន្តែការបង្ហាញ “តម្លាភាពនៃកំហុស” (Error Transparency) តាមរយៈការបំភ្លឺឬសុំទោសជាសាធារណៈគឺជាសញ្ញានៃភាពចាស់ទុំនៃស្ថាប័ន។ នេះទើប ហៅថាជាការអនុវត្តអភិបាលកិច្ចល្អ ដែលរដ្ឋហ៊ានទទួលស្គាល់ការខ្វះចន្លោះ និងបង្ហាញឆន្ទៈក្នុងការកែ លម្អ។

អនុសាសន៍សម្រាប់ការកែលម្អ

ដើម្បីកុំឱ្យករណីស្រដៀងគ្នានេះកើតមានឡើងជាថ្មីទៀត ខ្ញុំសូមផ្តល់ជាមតិយោបល់ដូចខាងក្រោម៖
• ការរៀបចំក្រមសីលធម៌ឌីជីថល៖ ស្ថាប័នរដ្ឋគួរមានសេចក្តីណែនាំនិងក្រមសីលធម៌សម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media guidelines and code of ethics) ដែលផ្ដោតលើភាពត្រឹមត្រូវ, តក្កវិជ្ជា និង សីលធម៌វិជ្ជាជីវៈ។ កាលពីឆ្នាំ២០១៧ និង ២០១៩ ខ្ញុំបានបោះពុម្ពផ្សាយកូនសៀវភៅស្តីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលសៀវភៅនេះអាចក្លាយជាឯកសារយោងសម្រាប់ការបង្កើត សេចក្តីណែនាំនិងក្រមសីលធម៌សម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ស្ថាប័ននីមួយៗ។

• ការបណ្តុះបណ្តាលមន្ត្រី៖ បង្កើនការបណ្តុះបណ្តាលដល់មន្ត្រីអំពីអក្ខរកម្មឌីជីថលនិងរបៀបទំនាក់ទំនងសាធារណៈក្នុងយុគសម័យឌីជីថល និងការរក្សាតុល្យភាពរវាងភាពស្និទ្ធស្នាល និងភាពម៉ឺងម៉ាត់នៃរដ្ឋបាលសាធារណៈ។

• យន្តការត្រួតពិនិត្យនិងរចនាសម្ព័ន្ធគ្រប់គ្រង៖ ស្ថាប័ននីមួយៗត្រូវមានក្រុមការងារគ្រប់គ្រងខ្លឹមសារច្បាស់លាស់ (Content Audit) និងមានយន្តការឆ្លងយោបល់ឱ្យបានហ្មត់ចត់មុននឹងការបង្ហោះជាសាធារណៈ។

ជាទីបញ្ចប់ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថាប័នរដ្ឋ មិនមែនជាការងារសម្រាប់​តែអ្នកចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការងារដែលទាមទារនូវវិជ្ជាជីវៈខ្ពស់,តក្កវិជ្ជាច្បាស់លាស់ និងសីលធម៌ដ៏វិសេសវិសាលផងដែរ។ រាល់ការចុចបញ្ជូន (Post) នីមួយៗ ត្រូវតែជាការបម្រើផលប្រយោជន៍រួមនិងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស៕

(ដោយ៖បណ្ឌិត ប៉ា ចន្ទរឿន )

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2344}" data-page="1" data-max-pages="1" data-start="1" data-end="1">