តំណាងសហគមន៍ព្រៃឈើចំនួន៥ មកពីខេត្តកំពង់ស្ពឺ រតនគិរី កំពត និងមណ្ឌលគិរី បានលើកឡើងថា ការបន្តកាប់បំផ្លាញព្រៃឈើ ការខ្វះការគាំទ្រផ្នែកគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតែជាបញ្ហាចម្បងដែលរារាំងដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ។ ពួកគេស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជំរុញការគាំទ្របន្ថែមលើវិស័យទេសចរណ៍សហគមន៍ ការអភិរក្សធនធានធម្មជាតិ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឲ្យសហគមន៍អាចរស់នៅបានដោយចីរភាព និងកាត់បន្ថយការពឹងផ្អែកលើការកាប់ព្រៃ។
ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសន្ទនាទៅលើការគាំទ្រផ្នែកគោលនយោបាយ ឆ្ពោះទៅរកគំនិតផ្តួចផ្តើម និងនវានុវត្តន៍សម្រាប់សហគមន៍ការពារព្រៃឈើ” ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងសហគមន៍ព្រៃឈើ អង្គការសង្គមស៊ីវិល សហគមន៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធជាង៤០នាក់។
អនុប្រធានសហគមន៍ព្រៃឈើពូរ៉ាង ខេត្តមណ្ឌលគិរី លោក ថុល វារៈ បានលើកឡើងនៅក្នុងវេទិកាថាតំបន់ការពារធនធានធម្មជាតិទឹកជ្រោះល្បែងកែ មានផ្ទៃដីជិត ១ ពាន់ហិកតា និងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ដូចជា ទឹកជ្រោះ ភ្នំ ព្រៃធម្មជាតិ សត្វព្រៃ និងវប្បធម៌ជនជាតិដើមភាគតិច។ លោកបន្តថាចំពោះប្រាក់ចំណូលសហគន៍រសព្វថ្ងៃនេះគឺបានមកពីការលក់កាបូន និងវិស័យទេសចរណ៍។
លោកបញ្ជាក់ថា សហគមន៍ចង់អភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍សហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងជួយប្រជាពលរដ្ឋឱ្យមានមុខរបរនៅក្នុងសហគមន៍ផ្ទាល់។
លោក ថុល វារៈ បានលើកឡើងថា៖«ចំណុចខ្វះខាតនៅឡើយមិនទាន់មានការអភិវឌ្ឍដូចពេជ្យមិនទាន់ច្នៃ ឥលូវនេះកំពុងតែអភិវឌ្ឍជាតំបន់ CPA និងកំពុងស្នើសុំលុយដើម្បីអភិវឌ្ឍ»។
ទោះជាយ៉ាងណា លោកថា បញ្ហាប្រឈមធំគឺការកាប់បំផ្លាញព្រៃឈើ និងភាពមិនច្បាស់លាស់អំពីដីសមូលហភាពរបស់សហគមន៍ដែលត្រូវបានកាន់កាប់ ចំពោះការបាត់បង់ដីសហគមន៍ និងការខ្វះការអភិវឌ្ឍតំបន់ទេសចរណ៍នៅឡើយ។
លោកបានលើកឡើងអំពីសហគមន៍ត្រពាំងជោ ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ក្នុង១៤ភូមិ មានពលរដ្ឋ ៤៧២ គ្រួសារ លើផ្ទៃដីទំហំ ១,៥២៩ ហិកតា។ សហគមន៍ត្រពាំងជោ បានចងក្រងនៅឆ្នាំ២០១១ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ដូចគ្នានេះដែរ ប្រធានសហគមន៍ត្រពាំងជោ ខេត្តកំពង់ស្ពឺ លោក សឺង សុខុម បានលើកឡើងថា សហគមន៍កំពុងប្រឈមនឹងការបាត់បង់ព្រៃឈើ និងការខ្វះការចូលរួមពីអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
លោកបាននិយាយថា៖«បើបាត់បង់ព្រៃឈើ សត្វកម្រ និងធនធានធម្មជាតិ ក្មេងជំនាន់ក្រោយនឹងមិនស្គាល់ទៀតទេ។ យើងចង់ឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអភិរក្សព្រៃ និងជួយឲ្យសហគមន៍ក្លាយជាតំបន់ទេសចរណ៍ពេញលេញ»។
លោកលើកឡើងថា៖«គោលបំណងរបស់ខ្ញុំ គឺសំណូមពរជាពិសេសរាជរដ្ឋាភិបាលអាជ្ញាធរពាក់ព័ន្ធចូលរួមអភិរក្សព្រៃសហគន៍មេត្តាធម្មជាតិវាមានសក្កានុពលច្រើនមែនទែន វាជាជម្រកសត្វដែលនៅសេសសល់ចុងក្រោយ បើបាត់បង់សត្វដែលកម្រ អីចឹងក្មេងជំនាន់ក្រោយវាមិនស្គាល់។ អីចឹងដើម្បីក្លាយជាតំបន់ទេសចរណ៍ពិតប្រាកដជាពិសេសសហគន៍ទេចរណ៍ចូលរួមផ្តល់បទពិសោធន៍ ឬក៏ចែករំលែកទាក់ទិនទៅលើផ្លូវច្បាប់ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ពេញលេញ»។
ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) អ្នកស្រី ឆាយ ស៊ីវលីន បានមើលឃើញថា សហគមន៍ព្រៃឈើភាគច្រើនមានធនធានធម្មជាតិដ៏មានតម្លៃ ប៉ុន្តែខ្វះជំនាញសេវាកម្មទេសចរណ៍ ដូចជា បដិសណ្ឋារកិច្ច ការរៀបចំម្ហូបអាហារ អនាម័យ និងការផ្សព្វផ្សាយ។
អ្នកស្រីបានបញ្ជាក់ថា សហគមន៍ទាំងនេះ ត្រូវការការបណ្តុះបណ្តាលបន្ថែម និងការគាំទ្រពីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដី ដើម្បីអាចទទួលបានអាជ្ញាប័ណ្ណ និងអភិវឌ្ឍខ្លួនទៅជាសហគមន៍ទេសចរណ៍ពេញលេញ។
អ្នកស្រីលើកឡើងថា៖ «យើងមិនទាន់បានជួយគឺថ្មីសុទ្ធទើបចូលលើកទី១ ហើយយើងភ្ញាក់ផ្អើរមែនទែន នៅពេលដែលសហគន៍ទាំងអស់អត់ទាន់យល់ដឹង។ ជួយផ្តល់យោបល់ និងជួយជូនដំណឹងទៅកាន់ក្រសួងទេចរណ៍ មន្ទីរទេសចរណ៍ ឲ្យគេទៅសិក្សាមើលជួយរៀបចំមើល គួរតែផ្តល់ជាអាជ្ញាប័ណ្ណ ឲ្យគាត់ឬយ៉ាងណា និងជួយឱ្យមានសកម្មភាព និងសិក្សាទៅលើសហគមន៍របស់គាត់ និងជួយដាក់ភ្ញៀវទៅកាន់គាត់»។
ជុំវិញបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានសង្កេតឃើញថាសហគមន៍អ្នកការពារព្រៃឈើមិនត្រឹមតែប្រឈមនឹងបទល្មើសព្រៃឈើប៉ុណ្ណោះទេ ថែមទាំងជួបបញ្ហាសុវត្ថិភាព និងការខ្វះការគាំទ្រផ្នែកច្បាប់។
លោកលើកឡើងថា៖ «កែប្រែចុងក្រោយក៏ជាឧបសគ្គមួយ សហគមន៍ព្រៃឈើមួយចំនួន ពីមុនសហគមន៍ព្រៃឈើស្ថិតនៅក្រោមក្រសួងកសិកម្មប៉ុន្តែឥលូវនេះគេចង់ប្រែក្លាយមកជាព្រៃការពារធម្មជាតិអ៊ីចឹងត្រូវស្ថិតក្នុងក្រសួងបរិស្ថានវិញអីចឹងការផ្លាស់ប្តូរប្រែប្រួលគោលនយោបាយថ្នាក់ជាតិនិងក៏ជាឧបសគ្គមួយ ដែលគាត់ធ្លាប់ធ្វើការងារជាមួយកសិកម្ម ប៉ុន្តែគាត់រៀបចំខ្លួនពួកគាត់ធ្វើជាមួយបរិស្ថាន។ អីចឹងសង្គមស៊ីវិលយើងក៏យើងជួយសហគមន៍ ធ្វើម៉េចឲ្យគាត់មានផែនការគ្រប់គ្រងព្រៃឈើរបស់គាត់នៅពេលមានសហគមន៍ផែនការគ្រប់គ្រងគាត់នឹងមានសកម្មភាពធ្វើអ្វីហើយ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែជំរុញការសហការរវាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ការគាំទ្រជាក់ស្តែងដល់សហគមន៍ ពិសេសលើការបង្កើតតំបន់អេកូទេសចរណ៍ និងការពង្រឹងសេដ្ឋកិច្ចគ្រួសារ។
លោកបន្តថា៖« សហគមន៍ជាក់លាក់ដូចជាព្រៃមាត្តាធម្មជាតិយើងចង់ឲ្យមានការចាប់ផ្តើមពីការជួយពីថ្នាក់ជាតិ ពីក្រសួងទេសចរណ៍ សហគមន៍ទេសចរណ៍ និងក្រសួងបរិស្ថានដើម្បីផ្តល់ក្តីសង្ឃឹម ប្រជាសហគមន៍ទាំងអស់នោះ ដើម្បីឲ្យគាត់ដឹងខ្លួនឯងថា គាត់មិននៅឯកោទេ ការការពារព្រៃឈើនេះគឺជាការពារប្រយោជន៍ជាតិ»៕







