សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ព្រមទាំងកាត់ទោសអ្នកពាក់ព័ន្ធនឹងការអធិប្បាយរឿង CLV-DTA ជាច្រើននាក់ទៀត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការសម្រេចនេះធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើអង្គសេចក្តីជុំចុងក្រោយនៃករណីនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលោកបណ្ឌិត សឺន ជុំជួន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីតុលាការថា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសកូនក្ដីលោកគឺ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដាក់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។
លោកថា កូនក្ដីលោកគឺកញ្ញា ពៅ លីតា ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ខណៈមួយរូបទៀត ត្រូវកាត់ទោសដាក់ពន្ធនាគារ ១៨ខែ តែទោសត្រូវព្យួរ។
លោកថា៖ «ដូចជាមិនស្មើភាពគ្នា សម្រាប់បទចោទដូចគ្នា ប៉ុន្តែការផ្តន្ទាទោសអត់ស្មើភាពគ្នាទេ មានខ្លះ២ឆ្នាំ មានខ្លះ២២ខែ មានខ្លះ១៨ខែជាដើមអត់ស្មើភាពគ្នា។ ប៉ុន្តែនៅក្នុងអង្គហេតុ ហើយការចោទប្រកាន់ដូចគ្នាទាំងអស់ អ៊ីចឹងអត់ស្មើភាពគ្នា គឺយើងយល់ឃើញថាវាមានភាពអយុត្តិធម៌សម្រាប់កន្លែងនេះ យើងពិបាកទទួលយកដែរ»។
ភរិយារបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រន គឺអ្នកស្រី ស៊ីង សុភីណា ប្រាប់ថាអ្នកស្រីមិនសប្បាយចិត្តទេដែលតុលាការសម្រេចឱ្យប្ដីគាត់ជាប់ពន្ធនាគារ។ តែយ៉ាងណាអ្នកស្រីទទួលយកការសម្រេចនេះសិន ដោយនឹងពិភាក្សាបន្តជាមួយមេធាវីរឿងប្ដឹងឧទ្ធរណ៍។
អ្នកស្រីថា៖ «សម្រាប់ការខកចិត្តវាធម្មតាទេ គ្រួសារនៅក្នុងឃុំ យើងអត់សប្បាយចិត្តទេ តាំងពីដំបូង។ ប៉ុន្តែយើងនឹងទទួលយក ព្រោះអីពួកគាត់ក៏ធ្វើតាមនីតិវិធីដែរ»។
ចំណែកឯបងស្រីបង្កើតរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណ ប្រាប់ថា អារម្មណ៍របស់គាត់មានភាពច្របូកច្របល់ នៅពេលដឹងពីការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញចំពោះករណីកញ្ញា ភឹង សោភា។
កញ្ញាថា៖ «រយៈពេលអាចថាកន្លងមកយូរដែរ អ៊ីចឹងនេះគឺជាថ្ងៃមួយដែលអាចថាខ្ញុំនិងគ្រួសារ ហើយនិងបងប្អូនដែលបានមកចូលរួមទាំងអស់ហ្នឹងគឺទន្ទឹងរង់ចាំពេលវេលាថ្ងៃនេះ អ៊ីចឹងទាក់ទងនឹងការប្រកាសព្រឹកមិញគឺអាចថាមានអារម្មណ៍ច្របូកច្របល់បន្តិច»។
កញ្ញាបន្ថែម៖ «អាចថាមិនសប្បាយចិត្តនឹងលទ្ធផល ប៉ុន្តែក៏នៅតែមានក្ដីសង្ឃឹមថាយើងអាចបន្តនីតិវិធីជាមួយនិងមេធាវី[…]ទីមួយរយៈពេលនៃការជាប់នៅក្នុងឃុំយូរហើយ គួរតែមានការព្យួរទោស ឬមួយក៏ការអនុវត្តត្រឹមដំណាក់កាលឃុំ ប៉ុន្តែដោយឡែកគឺមើលឃើញថា អនុវត្តទោស ២ឆ្នាំ ហើយនិងការផាកពិន័យតាមកំណត់នៃច្បាប់[…]វាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ»។
រីឯភរិយាលោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ ក៏មិនសប្បាយចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដូចគ្នា ព្រោះការដែលប្ដីគាត់ត្រូវបន្តជាប់នៅក្នុងពន្ធនាគារ វាប៉ះពាល់ជីវភាពគ្រួសារគាត់។
អ្នកស្រីថា៖ «អារម្មណ៍វាមិនសប្បាយចិត្តទេ ព្រោះអីការបិទសិទ្ធិគាត់ហ្នឹងអស់រយៈពេលជិត២ឆ្នាំហើយនៅខ្វះតែដូចជា៣ខែអីទៀតគ្រប់២ឆ្នាំហើយ។ អ៊ីចឹងជីវភាពក្នុងគ្រួសារវាដុនដាប»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងលោក សួស វិទ្យារ៉ាន់ឌី ព្រមទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថាការដែលសាលាដំបូងរាជធានីភ្នំពេញកាត់ទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស និងអ្នកពាក់ព័ន្ធនឹងការអធិប្បាយរឿង CLV-DTA ជាច្រើននាក់ទៀតនោះ ហាក់ដូចជាធ្ងន់ធ្ងរសម្រាប់ពួកគេ។
លោកថា៖ «ការផ្ដន្ទាទោសនេះវាហាក់ដូចជាធ្ងន់ធ្ងរសម្រាប់ពួកគាត់ ហើយតាមការពិតកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ ឬក៏ CLV នេះ រដ្ឋសភាជាតិក៏ដូចជារដ្ឋាភិបាលបានលុបចោលនូវកិច្ចព្រមព្រៀងនេះរួចទៅហើយ។ អ៊ីចឹងពួកគាត់ទាំងអស់គ្នាដែលទាក់ទងនឹងការរិះគន់ទៅលើកិច្ចព្រមព្រៀងនេះគួរតែដោះលែងឱ្យមានសេរីភាព»។
រីឯមន្ត្រីគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) ដែលបានចូលស្ដាប់ការប្រកាសសាលក្រមនៅសាលាដំបូង កញ្ញា ហេង គឹមសួ យល់ថាការសម្រេចរបស់តុលាការគឺអយុត្តិធម៌។
កញ្ញាថា៖ «ខ្ញុំគិតថា វាជាភាពអយុត្តិធម៌ ហើយខ្ញុំសង្ឃឹមថា ការដែលផ្ដន្ទាទោសនឹងមិនត្រូវបានទៅលើអ្នកផ្សេងទៀតទេ អ៊ីចឹងហើយខ្ញុំនៅតែមានសង្ឃឹមថាតុលាការនឹងផ្ដល់ភាពយុត្តិធម៌ជូនសកម្មជនផ្សេងៗទៀត ក៏ដូចជាសកម្មជន២៣តុលានេះផងដែរ»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV តាមរយៈវីដេអូលើបណ្តាញសង្គម។
សុំណុំរឿងក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពី CLV មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿង៕







