ស្នងការនគរបាលរាជធានីភ្នំពេញ និយាយថា នគរបាលបានឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនឹងការកៀរគរពលរដ្ឋខ្មែរនិងចិន ដើម្បីតវ៉ាបិទផ្លូវដែលឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សានៅខាងមុខធនាគារជាតិ ក្នុងខណ្ឌសែនសុខ កាលពីថ្ងៃចន្ទ។
ការចាប់ខ្លួនពលរដ្ឋខ្មែរទាំងពីរនាក់ កើតមានឡើងបន្ទាប់ពីពលរដ្ឋខ្មែរនិងចិនប្រមាណ១០០នាក់ ដែលជាអតិថិជនរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ បានប្រមូលផ្ដុំគ្នាតវ៉ារកដំណោះស្រាយនៅខាងមុខធនាគារជាតិ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ដែលនាំឱ្យមានការបង្កហិង្សា។
បណ្ដាញព័ត៌មានក្នុងស្រុក និងពលរដ្ឋនៅកន្លែងកើតហេតុ បានបង្ហោះវីដេអូ ដែលបង្ហាញអំពីសកម្មភាពប្រតាយប្រតប់គ្នារវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរមូលដ្ឋាន។ ក្នុងវីដេអូ គេសង្កេតឃើញមានបុរសជនជាតិចិនមួយរូប រងរបួសត្រង់ក្បាលនិងហូរឈាម។ បើតាមអង្គការលីកាដូ មានមនុស្សជាច្រើនក្រុមរុញច្រានគ្នាយ៉ាងហិង្សា ខណៈដែលកងកម្លាំងសន្តិសុខត្រូវបានឃើញថា មានកាន់ដំបងធម្មតា និងដំបងឆក់។
លីកាដូ បន្ថែមថា អ្នកតវ៉ាម្នាក់ ដែលត្រូវបានគេស្គាល់ថាជាជនជាតិចិន ប៉ុន្តែមិនស្គាល់ឈ្មោះ ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌវាយឱ្យរបួសក្បាល ដោយផ្អែកតាមសាក្សី និងវីដេអូខ្លីមួយចំនួនដែលថតបាននៅកន្លែងតវ៉ា។
លុះនៅថ្ងៃអង្គារ ទី២៨ ខែមេសានេះ ស្នងការដ្ឋានរាជធានីភ្នំពេញ បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុកថា ក្នុងហេតុការណ៍ខាងលើ នគរបាលបានចាប់ខ្លួនបុរសពីរនាក់ ជុំវិញការដឹកនាំមនុស្សឱ្យធ្វើបាតុកម្មខុសច្បាប់ និងឈានដល់ហិង្សា។ ក្នុងនោះ សមត្ថកិច្ច អះអាងថា មានបុរសម្នាក់ជាមេខ្លោងដឹកនាំឱ្យធ្វើបាតុកម្ម និងឈានដល់ការបង្កហិង្សា នាវេលាម៉ោងជាង៧ ព្រឹក ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា បានទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី ថា សំណុំរឿងនេះ នៅមិនទាន់បញ្ជូនមកសាលាដំបូងនៅឡើយ។
អតិថិជនម្នាក់របស់ក្រុមហ៊ុន ហួយ វ័ន ផេ ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភចំពោះការចាប់ខ្លួន ប្រាប់ប្រជាកាសែតថា ពលរដ្ឋដែលសមត្ថកិច្ចចាប់ខ្លួននោះ គឺជាជនរងគ្រោះដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុន ខណៈលោកនិងពលរដ្ឋផ្សេងទៀត មិនបានដឹងជុំវិញការដកអាជ្ញាបណ្ណរបស់ធនាគារជាតិ និងការជម្រះបញ្ជីចប់សព្វគ្រប់លើក្រុមហ៊ុន ហួយវ័ន ផេ នោះទេ។
លោក អះអាងថា លោកនៅមានប្រាក់ជាង១ម៉ឺនដុល្លារ ដែលត្រូវបានបង្កកនៅក្នុងគណនេយ្យរបស់ក្រុមហ៊ុន ហួយវ័ន ផេ ដែលប្រាក់នេះ ជាចំណូលរបស់លោកបានមកពីការជួលរថយន្តឱ្យជនជាតិចិនរយៈពេលជាច្រើនឆ្នាំ ហើយលោកគ្រោងនឹងដកប្រាក់ទាំងនេះ ទៅបង់សងថ្លៃទិញរថយន្តវិញ។
តែយ៉ាងណាក៏ដោយ ពលរដ្ឋរូបនេះ លើកឡើងថា លោកគ្មានសង្ឃឹមថា នឹងបានប្រាក់ត្រលប់មកវិញឡើយ ដោយនិយាយថា «ស្រុកខ្មែរបងដឹងហើយ។ គ្មានសង្ឃឹមទាល់តែសោះ»។
ជាងនេះទៅទៀត ក្រោយមានការចាប់ខ្លួនពលរដ្ឋបែបនេះ លោកថា ប្រសិនបើលោកបន្តតវ៉ាទៀត នឹងប្រឈមការវាយដំ និងជាប់ពន្ធនាគារ។ លោកបន្ថែមថា៖ «ចឹងពួកខ្ញុំប្រជាជនធម្មតា ខ្ញុំអត់ដឹងត្រូវធ្វើម៉េចទៀតទេ»។
លោកបន្តថា៖ «វាពិតជាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ប្រជាជនសាមញ្ញគ្មានអំណាចដូចខ្ញុំ។ (បញ្ហាកើតឡើង) អំឡុងពេលខែ ១១ ថ្ងៃ ២៤, ២៥ ឆ្នាំ ២០២៥»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការតវ៉ារបស់ពលរដ្ឋ ក៏ព្រោះតែការចង់បានដំណោះស្រាយដែលមិនគួរកើតមានករណីហិង្សា ហើយឈានដល់ការចាប់ខ្លួន និងចោទប្រកាន់នោះទេ។
លោកបន្ថែមថា ស្ថាប័នពាក់ព័ន្ធត្រូវរិះរកដំណោះស្រាយឱ្យជនរងគ្រោះដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុន ហួយវ័ន ឬលើកហេតុផលសមរម្យដែលធ្វើឱ្យពលរដ្ឋមានទំនុកចិត្តក្នុងការរង់ចាំ ឬស្វែងរកដំណោះស្រាយតាមយន្តការអ្វីមួយ។
លោកនិយាយថា៖ «យើងមើលទៅមិនគួរឱ្យមានអំពើហិង្សានិងការចាប់ខ្លួនកើតឡើង ព្រោះនាំឱ្យមានការរិះគន់ច្រើនតទៅទៀតទៅលើបញ្ហាហ្នឹង។ ពលរដ្ឋខ្មែរនិងជនជាតិចិនរងគ្រោះលើបញ្ហាហ្នឹង ហើយដំណោះស្រាយមិនទាន់ឃើញកើតមាន បែរជាមានអំពើហិង្សា ការចាប់ខ្លួនទៅវិញ»។
ជុំវិញករណីនេះ ធនាគារជាតិកម្ពុជា កន្លងមក លើកឡើងថា ក្រុមហ៊ុន ហួយវ័ន ផេ ដែលជាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ត្រូវបានបញ្ចប់ការជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ហេតុដូចនេះហើយ ធនាគារជាតិ ថា ចំពោះពលរដ្ឋដែលអះអាងថា ជាម្ចាស់បំណុលរបស់គ្រឹះស្ថាន ហួយវ័ន ផេ ក្រោយពេលដកអាជ្ញាបណ្ណ និងរំលាយ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិឡើយ។ យ៉ាងណាក៏ដោយ ធនាគារជាតិកម្ពុជា ក៏បានណែនាំឱ្យពលរដ្ឋទាំងនោះ មានសិទ្ធិក្នុងការស្វែងរកដំណោះស្រាយតាមរយៈតុលាការ និងច្បាប់ជាធរមាន។
អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខទីស្នាក់ការកណ្តាលរបស់ធនាគារជាតិជាលើកទីបួនហើយ បន្ទាប់ពីការតវ៉ាលើកមុនៗនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
រីឯធនាគារជាតិកម្ពុជា អះអាងថា មានពលរដ្ឋប្រមាណ២០០នាក់ នៅមានការពាក់ព័ន្ធនឹងអតីតគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស៕







