ក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មលើលោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា និងសហការី រួមទាំងស្ថាប័នពាក់ព័ន្ធចំនួន២៨ ដោយចោទថា ពាក់ព័ន្ធនឹងអំពើឆបោកតាមបច្ចេកវិទ្យា តាមរយៈការផ្ដល់ទីតាំងឆបោកជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលមានគោលដៅបោកប្រាស់លុយពីពលរដ្ឋអាមេរិករាប់លានដុល្លារ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិក ចុះថ្ងៃទី២៣ ខែមេសា ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំរបស់លោក កុក អាន គឺ Crown Resorts ដែលគ្រប់ដណ្ដប់កាស៊ីណូ រមណីយដ្ឋាន និងអគារផ្សេងៗនៅក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ ក្រុងបាវិត និងទីតាំងផ្សេងទៀតនៅកម្ពុជា ត្រូវបានប្តូរទៅជាបរិវេណដែលឧក្រិដ្ឋជនធ្វើការក្លែងបន្លំវិនិយោគទ្រព្យសកម្មឌីជីថល និងការឆបោកផ្សេងទៀត។
ក្រសួងរតនាគារអាមេរិក អះអាងថា ជនរងគ្រោះដែលត្រូវបាននាំទៅកាន់បរិវេណទាំងនោះ រាយការណ៍ថា ពួកគេ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានកេងប្រវ័ញ្ចដោយជនឆបោកដែលមានមូលដ្ឋាននៅឯអចលនទ្រព្យនោះ ហើយត្រូវបានបង្ខំឱ្យលួចប្រាក់ពីជនរងគ្រោះ រួមទាំងជនជាតិអាមេរិកផង។
អាមេរិក បន្តថា លោក កុក អាន គឺជាម្ចាស់ទីតាំងទាំងនេះដែលមានក្រុមហ៊ុនធំ Crown Resorts ហើយទទួលបានប្រាក់ចំណូលពីការជួលអគាររបស់ខ្លួន។ លោកក៏ផ្តល់សេវាកម្ម និងបុគ្គលិកដល់អគារនោះផងដែរ រួមទាំងឯកសណ្ឋានឆ្មាំសន្តិសុខ តាមរយៈក្រុមហ៊ុន Anco Brothers Co Ltd (Anco Brothers) ដែលជាសម្ព័ន្ធក្រុមហ៊ុនរបស់លោក។
ក្រៅពីនេះ សហការីជិតស្និទ្ធរបស់លោក កុក អាន ក៏ទទួលបានប្រាក់ចំណេញពីការបោកប្រាស់តាមអ៊ីនធឺណិតដែលផ្តោតលើជនជាតិអាមេរិក និងអ្នកដទៃទៀត។ សហការីម្នាក់ក្នុងចំណោមសហការីទាំងនេះគឺលោក ឫទ្ធី រស្មី ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលគ្រប់គ្រងក្រុមហ៊ុនបោកប្រាស់។ លោក រស្មី គឺជាប្រធានក្រុមហ៊ុន K99 Culture and Media Co Ltd (ហៅកាត់ថា K99 Group) ដែលជាប្រតិបត្តិករកាស៊ីណូដែលមានអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជា កន្លែងដែលជនរងគ្រោះនៃការជួញដូរត្រូវបានបង្ខំឱ្យបោកប្រាស់ជនជាតិអាមេរិក និងអ្នកដទៃ។
ចំណែកសហការីអាជីវកម្មពីរនាក់របស់លោក រស្មី គឺលោក អៃ ប៉ោង (Aik Paung) និងលោក សៃ អ៊ុង លីន (Sai Aung Linn) ដែលកើតនៅប្រទេសភូមា ហើយទទួលបានសញ្ជាតិខ្មែរ ខណៈពេលកំពុងវិនិយោគក្នុងឧស្សាហកម្មបោកប្រាស់នៅក្នុងប្រទេសកម្ពុជា។
ទាំងលោក អៃ ប៉ោង និងលោក សៃ អ៊ុង លីន គឺជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Nan Hai ហើយលោក សៃ អ៊ុង លីន បានដាក់ពាក្យសុំអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន Nan Hai។ ពួកគេក៏ជាម្ចាស់ក្រុមហ៊ុន Xihu Resort Hotel Co Ltd (Xihu) ដែលជាក្រុមហ៊ុនមួយផ្សេងទៀតដែលដំណើរការកាស៊ីណូក្រុងព្រះសីហនុ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន K99 Group។
រតនាគារអាមេរិក រកឃើញថា ក្រុមហ៊ុនល្បែងស៊ីសងដែលដំណើរការនៅក្នុងក្រុមហ៊ុន Xihu ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការលាងលុយកខ្វក់ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ក៏ដូចជាការជួញដូរមនុស្សសម្រាប់ការបោកប្រាស់តាមអ៊ីនធឺណិត។
ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយពីលោក កុក អាន បានទេដោយទូរសព្ទចូល តែមិនមានអ្នកទទួល។ យ៉ាងណា ក្រោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រ ទី២៤ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា ត្រឹមរយៈពេល៩ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបង្រ្កាបអំពើឆបោកតាមអនឡាញជាង២៥០ករណី ក្នុងនោះមានកាស៊ីណូ៩១ទីតាំង ត្រូវបានបង្រ្កាប និងកសាងសំណុំរឿងបានចំនួន១១២ករណី ទៅតុលាការដែលមានជនសង្ស័យជាង១ពាន់នាក់។
ចំណែកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយបណ្ដាប្រទេសជាដៃគូ អង្គការអន្តរជាតិ ដើម្បីផ្លាស់ប្ដូរព័ត៌មាននិងបច្ចេកទេសរួមគ្នា។
ជុំវិញការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងរតនាគារអាមេរិក បានសហការជាមួយអង់គ្លេស ដោយដាក់ទណ្ឌកម្មក្រុមហ៊ុន Prince Group ដែលជាក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធចំនួន ១៤៦នាក់ ទាក់ទិននឹងដំណើរការមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលផ្តោតលើពលរដ្ឋអាមេរិក និងអង់គ្លេស។
ជាមួយគ្នានេះ នៅដើមខែកញ្ញា ឆ្នាំ២០២៥ ក្រសួងរតនាគារអាមេរិក ក៏បានដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួន១២ និងបុគ្គលចំនួន៧រូប ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងភូមា ជុំវិញការសម្របសម្រួលការជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនជាតិអាមេរិក និងដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជាលោក លី យ៉ុង ផាត់ លើក្រុមហ៊ុនសម្ព័ន្ធ L.Y.P. Group របស់គាត់ ដែលមានសណ្ឋាគារ និងរមណីយដ្ឋានចំនួនបួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងរតនាគារអាមេរិក និយាយថា ឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍កំពុងកំណត់គោលដៅជនជាតិអាមេរិកកាន់តែខ្លាំងឡើងតាមរយៈប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសារប្រតិបត្តិការឆបោកដែលចេញពីតំបន់អាស៊ីអាគ្នេយ៍ ដោយកើនឡើង ៦៦ភាគរយបើធៀបនឹងឆ្នាំមុន៕







