ទីស្តីការគណៈរដ្ឋមន្រ្តីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដើម្បីកសាងកម្លាំងសម្រាប់វិស័យការពារជាតិ ក្នុងពេលជម្លោះព្រំដែនកម្ពុជា និងថៃកំពុងបន្ត។ ច្បាប់ស្ដីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ នៅមិនទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយស្របតាមបរិបទសង្គមបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការកែប្រែជាថ្មី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
សេចក្ដីប្រកាសនេះ សរសេរថា សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី មាន៨ ជំពូក និង២០ មាត្រា ដែលត្រូវបានរៀបចំឡើងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកឯមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និង ការពារមាតុភូមិ ដែលត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
សេចក្ដីប្រកាសនេះ ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនឹងអនុវត្តចំពោះពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ ដែលខុសពីច្បាប់ចាស់ដែលតម្រូវឱ្យពលរដ្ឋមានអាយុចាប់ពី១៨ ដល់៣០ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចនេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត។ សេចក្ដីព្រៀងច្បាប់ថ្មីធ្វើឡើងក្នុងគោលបំណងរួមចំណែកកសាងប្រទេសជាតិ និងមាតុភូមិ និងជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងវិស័យការពារជាតិ និងបណ្ដុះស្មារតីប្រជាពលរដ្ឋខ្មែរឱ្យស្នេហាជាតិ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ប្រាប់ប្រជាកាសែតថា រាជរដ្ឋាភិបាលបានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាទៅសភា ដើម្បីអនុម័តបន្ត។ តែយ៉ាងណា លោកថា នីតិវិធីអនុម័តច្បាប់ និងដាក់ឱ្យប្រើប្រើប្រាស់នៅពេលវេលាជាក់លាក់ណាមួយ គឺអាស្រ័យលើកិច្ចប្រជុំរបស់ព្រឹទ្ធសភានៅពេលខាងមុខ។
លោកថ្លែងថា៖ «រឿងសភាបើកកិច្ចប្រជុំអនុម័តពេលណា អាស្រ័យលើសភា។ រដ្ឋាភិបាលអត់ដឹងទេ។ ដឹងតែអនុម័តហើយយើងបញ្ជូនទៅសភា ហើយសភាអនុម័តហើយនីតិវិធីទៅព្រឹទ្ធសភា ហើយបានគេប្រកាសឱ្យប្រើ។ ប្រកាសឱ្យប្រើគេផ្សព្វផ្សាយហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់អះអាង ក្នុងពិធីខួបលើកទី៣២នៃការបង្កើតកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថាកាតព្វកិច្ចយោធាត្រូវធ្វើឡើងក្នុងរយៈពេល២ ឆ្នាំ បន្ថែមលើច្បាប់កាតព្វកិច្ចយោធាចាស់ឆ្នាំ២០០៦ ដែលមានតែរយៈពេល១៨ខែ។ លោកថា យុវជនដែលទទួលបានការបណ្ដុះបណ្ដាលនិងវិន័យ បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ពួកគេអាចនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមផងដែរ ខណៈអ្នកមានបំណងចង់បម្រើយោធាជាកងទ័ពអាជីពអាចដាក់ពាក្យធ្វើបន្តបាន។
នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា មើលឃើញថា នៅប្រទេសភាគច្រើន ជាពិសេសប្រទេសមហាអំណាច ប្រទេសដែលមានសន្តិភាពពេញលេញនិងមានសេដ្ឋកិច្ចរីកចម្រើន ការបំពេញកាតព្វកិច្ចយោធា ជាលក្ខខណ្ឌចាំបាច់សម្រាប់ពលរដ្ឋគ្រប់រូប។ លោកបន្តថា ដើម្បីឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាច្បាប់ផ្សេងៗទៀត អាចអនុវត្តបានពេញលេញ មានប្រសិទ្ធភាព និងសម្រេចគោលបំណងនៃច្បាប់ ការអនុវត្តត្រូវតែធ្វើឡើងដោយស្មើភាព តម្លាភាព សុក្រិត្យភាព យុត្តិធម៌ និងទូទៅ ដោយគ្មានតំបន់ហាមឃាត់ គ្មានការលើកលែង និងគ្មានការសម្របសម្រួល។
លោកនិយាយថា៖ «ចំណុចទី១ ខ្ញុំយល់ថាការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅពេលនេះគឺជាសេចក្ដីត្រូវការតាមការពង្រឹងវិស័យការពារជាតិរបស់យើង ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពកងទ័ពរបស់យើង ក៏ដូចជាការត្រៀមខ្លួនឱ្យយើងមានចំនួនកងទ័ពគ្រប់គ្រាន់ និងមានកងទ័ពបម្រុង ហើយក៏ជាឱកាសមួយដែលធ្វើឱ្យយុវជនរបស់យើងអាចចូលរួមចំណែកក្នុងបុព្វហេតុនៃការការពារអធិបតេយ្យ និងបូរណភាពទឹកដី ហើយសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងការកសាងកត្តិយសសម្រាប់ប្រជាជាតិផងដែរ»។
លោកបន្តថា៖ «ប៉ុន្តែក្ដីបារម្ភមួយនៃការបំពេញកាតព្វកិច្ចយោធា គេបារម្ភមួយ គេបារម្ភលើតម្លាភាព ភាពស្មើគ្នាក្នុងការអនុវត្ត គឺបារម្ភខ្លាចការអនុវត្តទៅមិនមានលក្ខណៈទូទៅ ហើយមិនមានភាពសុក្រិត្រយុត្តិធម៌ ហើយការអនុវត្តជាក់ស្ដែងបានតែកូនអ្នកក្រ រីឯកូនអ្នកមានអាចថាមានឈ្មោះក្នុងកាតព្វកិច្ចដែរក៏ប៉ុន្តែពួកគេអត់បានចូលក្នុងបន្ទាយ ឬក៏កូនអ្នកដែលមានខ្សែមានមុខមានមាត់ មានឈ្មោះជាអ្នកបំពេញកាតព្វកិច្ចចូលបន្ទាយហ្វឹកហាត់ក្លាយជាទាហានកាតព្វកិច្ចពិតប្រាកដ»។
លោកបណ្ឌិត គិន ភា បន្តលើកឡើងថា រដ្ឋាភិបាលត្រូវតែមានវិធានការច្បាស់លាស់ក្នុងការត្រួតពិនិត្យ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដើម្បីសម្រេចគោលបំណងនៃច្បាប់ ហើយត្រូវតែហ៊ានផ្ដន្ទាទោសអ្នកទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសកងទ័ព ឬការអនុវត្តច្បាប់នេះ។
ស្រដៀងគ្នាដែរ អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធាមានសារៈសំខាន់សម្រាប់កសាងធនធានការពារជាតិ និងប្រឆាំងពីការឈ្លានពាន ជាពិសេសក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រដែនជាមួយប្រទេសថៃ។ លោកថា ការអនុវត្តកាតព្វកិច្ចយោធាគួរតែត្រូវបានអនុវត្តតាំងពីព្រឹទ្ធសភាចេញច្បាប់ស្ដីពីកាតាព្វកិច្ចយោធាឆ្នាំ ២០០៦។ លោកបន្ថែមថា ដើម្បីឱ្យច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលត្រូវត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងកងទ័ព និងអំពើពុករលួយ ដើម្បីធានាថាការអនុវត្តច្បាប់នេះមានតម្លាភាព។
លោកថា៖ «បញ្ហាថ្មីៗរវាងថៃ និងកម្ពុជា សង្គ្រាមដែលយើងឆ្លងកាត់នេះវា ការរៀបចំដើម្បីឱ្យមានច្បាប់ក្នុងការធ្វើកាតព្វកិច្ចយោធានេះវាមានសារៈសំខាន់ ហើយមែនទែនទៅយើងត្រូវធ្វើតាំងពីដើមមកម្ល៉េះ ទោះបីប្រទេសមិនមានសង្គ្រាម ដូចជាថៃក៏គេមាន វៀតណាមក៏គេមានដែរ តែយើងហាក់ធ្វេសប្រហែស។ យើងគិតពីសន្តិភាពច្រើនពេក»។
លោកបន្ថែមថា៖ «យើងដឹងហើយថាការរើសទាហានថ្មីយើងត្រូវយកទៅដាក់នៅក្នុងប្រព័ន្ធដែលមានស្រាប់។ បើយើងមើលប្រព័ន្ធគ្រប់គ្រងយោធាមានស្រាប់ ក៏វាមានការទទួលរងការរិះគន់ច្រើនពីអំពើពុករលួយផ្សេងៗឱ្យធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងកងទ័ពដែលមានបច្ចុប្បន្នឱ្យមានប្រសិទ្ធភាពខ្ពស់»៕







