អំឡុងពេលជំនួបប្រជុំនៃកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» លើកទី១ រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ចិន នៅរាជធានីភ្នំពេញ សមភាគីចិន ប្រកាសគាំទ្រកម្ពុជាក្នុងការធ្វើទំនើបកម្មយោធាទាំងជើងគោក ទឹក និងកងទ័ពអាកាសដើម្បីការពារជាតិ។
រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារចិន បានធ្វើទស្សកិច្ចការងារនៅកម្ពុជា នាថ្ងៃទី២២, ២៣ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំ «២+២» រវាងប្រមុខការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ។ ក្រៅពីនេះ មន្រ្តីជាន់ខ្ពស់ចិន ក៏មានជំនួបដាច់ដោយឡែកជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ផងដែរ។
កិច្ចសន្ទនាយុទ្ធសាស្ត «២+២» នេះ ធ្វើឡើងក្រោមការឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជា-ចិន អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មកកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ សីហា ថ្លែងថា អំឡុងពេលកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែមេសា សមភាគីចិន និយាយថា ចិនគាំទ្រកម្ពុជាក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួនទាំងដែនគោក ដែនទឹក និងកងទ័ពអាកាសដើម្បីការពារជាតិ។ នេះបើតាមការសរសេររៀបរាប់របស់លោក សីហា លើទំព័រហ្វេសប៊ុក។
លោក សីហា បន្ថែមថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។
រីឯលទ្ធផលប្រជុំនៃកិច្ចសន្ទនា «២+២» លើកទី១ ប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្រ្ត បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងខ្លួន តំបន់ និងសកលលោក។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា ចេតនារបស់ចិនដែលបង្កើតកិច្ចសន្ទនា ២+២ និងឈានដល់ ៣+៣ គឺជាការចង់ចងភ្ជាប់កម្ពុជាឱ្យកាន់តែស្អិតរមួតក្នុងវិស័យសន្តិសុខយុទ្ធសាស្ត្រតាមបែបទំនើប។
លោកនិយាយថា៖ «ចិនមានបំណងប្រែក្លាយកម្ពុជាឱ្យទៅជាបន្ទាយយុទ្ធសាស្ត្រដ៏រឹងមាំមួយនៅអាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក»។
លោកបន្ថែមថា ការបញ្ចូលក្រសួងមហាផ្ទៃកម្ពុជា ក្នុងកិច្ចសន្ទនា ៣+៣ សបញ្ជាក់ថា ចិនចង់ពង្រីកការគ្រប់គ្រងសន្តិសុខពីកិច្ចការព្រំដែន រហូតដល់សន្តិសុខផ្ទៃក្នុង ដើម្បីធានាថា រដ្ឋាភិបាលកម្ពុជាមានស្ថិរភាពដាច់ខាត ដែលជាខែលការពារដល់ការវិនិយោគ និងគម្រោងផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន។
លោកបន្តថា៖ «ក្នុងកែវភ្នែករបស់ចិន កម្ពុជាគឺជាដៃគូដែលគេអាចទុកចិត្តបំផុតក្នុងការអនុវត្ត «សន្តិសុខសកល» តាមបែបចិន ដែលមិនសូវខ្វល់ពីរឿងលក្ខខណ្ឌសិទ្ធិមនុស្ស ប៉ុន្តែផ្តោតខ្លាំងលើការរក្សាអំណាចរដ្ឋ»។
ចំណែកឯក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់ចិនទាំងពីររូប លោក ហ៊ុន ម៉ាណែត ក៏បានលើកយកការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ ប្រាប់ភាគីចិន។
ក្រៅពីនេះ នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីចិន ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ, ការពារជាតិ សន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។
យ៉ាងណាក៏ដោយ សារព័ត៌មានសិង្ហបុរី The Straits times រាយការណ៍ថា រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានស្នើឱ្យលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។
ចំណែកនៅក្នុងកិច្ចប្រជុំយុទ្ធសាស្រ្ត ២+២ លោក យី ក៏បានសម្តែងការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះប្រទេសកម្ពុជាក្នុងការកែលម្អទំនាក់ទំនងជាមួយប្រទេសថៃ ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់វេទិកាទំនាក់ទំនងសម្រាប់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ ដែលជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើកក្នុងឆ្នាំ ២០២៥។ នេះបើតាមសារព័ត៌មាន South China Morning Post។
អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ មានប្រសាសន៍ថា ក្នុងជំនួបជាមួយប្រមុខការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្លែងថា ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការផ្លាស់ប្ដូរឡើយ។
រីឯអ្នកតាមដានភូមិសាស្រ្តនយោបាយលោក វណ្ណលី អះអាងថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ចិនអាចជួយពន្លត់ភ្លើងបានតាមរយៈឥទ្ធិពលសេដ្ឋកិច្ច ព្រោះចិនទំនងចង់ឃើញភាគីទាំងពីរងាកមកសហការគ្នាលើបញ្ហាថាមពលប្រេងក្នុងបាតសមុទ្រដែលត្រួតស៊ីគ្នា ក៏ដូចជាបង្កើនស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន។
លោកបន្តថា៖ «ជារួម ដំណើរទស្សនកិច្ចនេះ មិនមែនធ្វើឡើងដើម្បីសន្តិភាពតាមបែបមនុស្សធម៌សុទ្ធសាធឡើយ ប៉ុន្តែវាគឺជាការរៀបចំសណ្តាប់ធ្នាប់តំបន់ឱ្យស្របតាមផលប្រយោជន៍យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងតែប៉ុណ្ណោះ»៕







