យុវជនមិនសូវចាប់អារម្មណ៍នឹងបុណ្យពុទ្ធសាសនាធំៗ តែមានទំនោរខ្លាំងលើបុណ្យបរទេស

សង្គម

(ចៅអធិការវត្តព្រះពុទ្ធមានបុណ្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដឹកនាំសិស្ស-និស្សិត ឱ្យស្គាល់ពីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ពិសេសហាត់សមដង្ហែក្នុងពិធីបុណ្យវិសាខបូជា។ រូបភាព៖ ផេកហ្វេសប៊ុកវត្តព្រះពុទ្ធមានបុណ្យ)។

ក្រុមនិស្សិតនៅរាជធានីភ្នំពេញសង្កេតឃើញថា យុវជន និងក្មេងៗជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍នឹងពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនានោះទេ ដោយចាត់ទុកត្រឹមថាជាថ្ងៃឈប់សម្រាកធម្មតាមួយ ប៉ុន្តែបែរជាមានទំនោរខ្លាំងលើពិធីបុណ្យនៅក្នុងវប្បធម៌បរទេស។

ការលើកឡើងនេះ គឺនៅក្នុងថ្ងៃពិធីបុណ្យវិសាខបូជា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ សិស្សានុសិស្ស និងមន្រ្តីរាជការទូទាំងប្រទេស បានឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយនេះ។

និស្សិតឆ្នាំទី៣ នៃសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា យុវជនមួយចំនួនមិនសូវចាប់អារម្មណ៍នឹងពិធីបុណ្យនៅក្នុងព្រះពុទ្ធសាសនា ដូចជាពិធីបុណ្យវិសាខបូជាជាដើម ដោយពួកគេដឹងត្រឹមតែថា វាជាថ្ងៃឈប់សម្រាកសាធារណៈ។

លោកបញ្ជាក់ថា៖ «យុវជនសម័យនេះដឹងច្រើនតាមរយៈបច្ចេកវិទ្យា ប៉ុន្តែការយល់ដល់ខ្លឹមសារអប់រំផ្លូវចិត្តឱ្យបានស៊ីជម្រៅ គឺនៅទាមទារការបន្តស្វែងយល់ និងការណែនាំបន្ថែមទៀត ដើម្បីកុំឱ្យថ្ងៃបុណ្យនេះ ក្លាយជាត្រឹមតែថ្ងៃឈប់សម្រាកធម្មតាមួយ»។

និស្សិតដដែលយល់ថា ការធ្វើបុណ្យ ឬការរៀនសូត្រពីព្រះធម៌ ពុំចាំបាច់ទាល់មានវ័យចាស់ និងមានធនធានគ្រប់គ្រាន់ បានចាប់ផ្ដើមធ្វើបាននោះទេ ព្រោះមានតែពេលដែលមានកម្លាំង មានប្រាជ្ញាស្មារតីចងចាំល្អ ក្នុងវ័យក្មេងនេះទេ ទើបមានឱកាសច្រើន។

ជាមួយគ្នានេះដែរ ព្រះតេជព្រះគុណ នឿម សុភីរស្មី គង់នៅវត្តព្រះពុទ្ធមានបុណ្យមានថេរដីកាថា ក្រៅពីការផ្សព្វផ្សាយព្រះធម៌តាមរយៈការសម្ដែងធម៌ទេសនាតាមកម្មវិធីបុណ្យ វិទ្យុ និងទូរទស្សន៍ ព្រះសង្ឃ ឬទីវត្តអារាម គួរតែមានតួនាទីបញ្រ្ជាបការផ្សព្វផ្សាយព្រះធម៌ នៅតាមបណ្ដាញសង្គមផ្សេងៗឱ្យត្រូវទៅតាមគោលដៅពោលគឺ ផ្សព្វផ្សាយខ្លីៗ ងាយយល់ ដូចជាការផ្សព្វផ្សាយរបស់ព្រះភិក្ខុ គូ សុភាព ជាដើម។
ព្រះតេជព្រះគុណបន្តថា៖ «ការផ្សព្វផ្សាយព្រះធម៌ ត្រូវធ្វើតាមបែបលក្ខណៈវិទ្យាសាស្ត្រព្រោះយុវជនជំនាន់ក្រោយនេះមិនងាយជឿ ឬចាប់អារម្មណ៍អ្វីមួយដោយងាយៗឡើយ»។

ក្រៅពីនេះ ព្រះអង្គឃើញមានការបើកជាវគ្គអប់រំចិត្តខ្លីៗដល់យុវជន ព្រោះក្នុងបរិបទសម័យបច្ចេកវិទ្យា យុវជន និងក្មេងៗជំនាន់ក្រោយងាយនឹងមានបញ្ហាផ្លូវចិត្ត ងាយនឹងបោះបង់ ឬការបាក់ទឹកចិត្តជាដើម។ 

និស្សិតឆ្នាំទី៥ ជំនាញគីមីចំណីអាហារ កញ្ញា មី ចេនឡា បានឱ្យដឹងថា កញ្ញាពុំដឹងនោះទេថាថ្ងៃនេះជាថ្ងៃពិធីបុណ្យវិសាខបូជា គឺបានដឹងនៅពេលសាលាជូនដំណឹងឱ្យឈប់សម្រាក និងបានចូលមើលក្នុងប្រតិទិន។ ប៉ុន្តែកញ្ញាផ្ទាល់ក៏បានយល់ដឹងពីសារៈសំខាន់ធំៗនៃពិធីបុណ្យនេះផងដែរ។

យុវតីមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មួយរូបនេះ ក៏ចង់ឱ្យយុវជនដទៃទៀត ស្វែងយល់ និងចងចាំឱ្យបានច្បាស់ពីពិធីបុណ្យពុទ្ធសាសនាធំៗឱ្យបានច្រើន ព្រោះថាប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយពលរដ្ឋភាគច្រើនក៏ជាអ្នកកាន់ព្រះពុទ្ធសាសនាដែរ។

កញ្ញា មី ចេនឡា បន្ថែមថា៖ «ជាក់ស្ដែងដូចជាបុណ្យវិសាខបូជា យើងគ្រប់គ្នាប្រាកដជាទៅវត្តហើយ ដូច្នេះប្រជាពលរដ្ឋយើងគួរតែដឹង និងចងចាំឱ្យបានច្បាស់ថាបុណ្យសាសនាធំៗរបស់យើងថ្ងៃណា យ៉ាងហោចណាស់យើងតាំងចិត្តឱ្យបានជ្រះថ្លាក្នុងថ្ងៃហ្នឹងឱ្យបានច្រើន»។

ព្រះតេជព្រះគុណ នឿម សុភីរស្មី គង់នៅវត្តព្រះពុទ្ធមានបុណ្យសង្កត់ធ្ងន់ថា ប្រសិនបើយុវជនគ្រប់រូបអាចចងចាំពីពិធីបុណ្យវិសាខបូជា និងពិធីបុណ្យផ្សេងទៀតក្នុងព្រះពុទ្ធសាសនា ពិតជាការប្រសើរ ព្រោះថារាល់ពិធីបុណ្យក្នុងព្រះពុទ្ធសាសនាមិនត្រឹមតែរំឭកអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនាសម័យពុទ្ធកាលប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវខ្លឹមសារអប់រំតាមបែបមាគ៌ាព្រះពុទ្ធសាសនាដល់យុវជន និងពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋានទាំងអស់ឱ្យប្រកាន់យកនូវអហិង្សាធម៌ មានសន្តិភាពក្នុងចិត្ត ផ្សាយនូវមេត្តាចិត្ត ការអត់ធ្មត់ និងការរស់នៅប្រកបដោយសុភមង្គលទាំងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកគ្រប់រូបចាត់ទុកថាជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗទាំង៣នាសម័យពុទ្ធកាល គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន។

ពិធីបុណ្យវិសាខបូជានេះ មានសារ:សំខាន់ចំពោះយុវជន និងពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនាដូចជារំឭកដល់ព្រឹត្តិការណ៍ដ៏មហាមង្គលក្នុងព្រះសាសនា និងជម្រុញឱ្យមានគុណធម៌ បណ្ដុះនិងផ្សព្វផ្សាយអហិង្សានិយមក្នុងសង្គមដែលផ្ដល់សារសុទ្ធសាធ ផ្នែកសន្តិភាព និងការយល់ដឹងចំពោះគ្នា។

ជាងនេះទៅទៀត ពិធីបុណ្យនេះក៏ជួយបណ្ដុះសន្តិភាពក្នុងចិត្ត បង្កើនមេត្តាចិត្ត ការអត់ធ្មត់ និងការរស់នៅប្រកបដោយសុភមង្គល ព្រមទាំងធ្វើឱ្យមានការជួបជុំ បង្ហាញសាមគ្គីភាព និងធ្វើឱ្យសង្គមមានសុខសន្តិភាព៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2414}" data-page="1" data-max-pages="1" data-start="1" data-end="1">