អង្គភាពច្រកចេញចូលតែមួយក្នុងរាជធានីខេត្តទាំង២៥ បន្ថែមការផ្ដល់សេវាតាមប្រព័ន្ធ​អនឡាញ

អភិបាលកិច្ច

(រូបថត ថតពីទំព័រអង្គភាពច្រកចេញចូលតែមួយនិង រូបភាពផ្សព្វផ្សាយរបស់អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ។រួបផ្សាយតាមបណ្ដាញសង្គមនិងវេបសាយ)។

ក្រសួងមហាផ្ទៃ ដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅគ្រប់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីខេត្តទាំង២៥។ នេះបើតាមក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ទោះជាយ៉ាងណាក្ដីអង្គភាពទាំងអស់នោះនៅដំណើរការសេវាដោយផ្ទាល់ដដែល ដោយបន្ថែមសេវាតាមអនឡាញតាមអាសយដ្ឋាន https://onlinedmk.owso.gov.kh

ក្រសួងមហាផ្ទៃលើកឡើងថា ប្រជាពលរដ្ឋអាចស្នើសុំសេវាអនឡាញរបស់អង្គភាពច្រកចេញចូលតែមួយបាន២៥រាជធានី ខេត្ត ពីគ្រប់ទីកន្លែង និងពេលវេលាធ្វើការដែលបានកំណត់។ ក្រសួងមហាផ្ទៃបន្ថែមថា ការដាក់ដំណើរការប្រព័ន្ធអនឡាញនេះ ជាការពង្រឹង និងលើកកម្ពស់គុណភាពប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល សម្រាប់ផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ មានភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយទៀត ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ ក្នុងដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងរដ្ឋាភិបាលឌីជីថល។

លោក ស សុខា ថ្លែងយ៉ាងដូច្នេះ៖ «មន្ត្រីអនុវត្តផ្ទាល់ លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងដាច់ខាតនូវអំពើពុករលួយ និងត្រូវបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ចំពោះមន្ត្រីអសកម្ម។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រង និងបែងចែកចំណូលដែលបានពីកម្រៃសេវាឱ្យបានត្រឹមត្រូវ និងមានតម្លាភាពតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈដែលបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក សួស ប្រាថ្នា ឱ្យដឹងដែរថា តាមរយៈការដាក់ដំណើរការកម្មវិធីតាមប្រព័ន្ធអនឡាញនេះ ប្រជាពលរដ្ឋអាចសន្សំបានទាំងពេលវេលា ទាំងថវិកា ព្រមទាំងកាត់បន្ថយហានិភ័យនៃការធ្វើដំណើរ។ លោកថាកម្មវិធីស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលប្រកាសដាក់ឱ្យអនុវត្តនៅ នឹងមានសេវាសរុបចំនួន១៨៣ លើការងារ និងវិស័យជំនាញចំនួន៩។

លោកបញ្ជាក់៖ « វិស័យជំនាញចំនួន៩ រួមមាន ១.ការងារនីត្យានុកូលកម្ម ២.ការងាររដ្ឋបាល ៣. វិស័យឧស្សាហកម្ម និងសិប្បកម្ម ៤.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៦.វិស័យទេសចរណ៍ ៧.វិស័យសាធារណការ និងដឹកជញ្ជូន ៨.វិស័យរ៉ែ និងថាមពល និង៩.វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។

គួរជម្រាបជូនថា ប្រជាពលរដ្ឋអាចដាក់ស្នើពាក្យសុំសេវានៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទាំងអស់ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរមកផ្ទាល់ឡើយ។ ចំណែកការបង់កម្រៃសេវាវិញ ពលរដ្ឋអាចទូទាត់តាមប្រព័ន្ធធនាគារដៃគូណាមួយ មានធនគារ ABA ឬ ACELEDA ឬកម្មវិធីទូរសព្ទដៃ នៃយន្តការច្រកចេញចូលតែមួយ ដោយមិនមានការគិតកម្រៃសេវាបន្ថែមសម្រាប់ការបង់ប្រាក់តាមប្រព័ន្ធធនាគារដៃគូនោះទេ៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2423}" data-page="1" data-max-pages="1" data-start="1" data-end="1">