អ្នកឃ្លាំមើលស្នើឱ្យពង្រីកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងពង្រឹងការអប់រំសីលធម៌ដើម្បីដោះស្រាយបញ្ហាក្មេងទំនើង

សង្គម

យុវជនមួយចំនួនដែលបង្ហោះម៉ូតូតាមដងផ្លូវហើយត្រូវកម្លាំងនគរបាលចាប់យកមកឱ្យធ្វើពលកម្មប្រមូលសំរាមនិងបោសសម្អាតថ្នល់នៅខេត្តកំពតកាលពីពេលកន្លងទៅ។រូបភាពស្នងការនគរបាលខេត្តកំពត។

អ្នកឃ្លាំមើលជំរុញរាជរដ្ឋាភិបាលឱ្យពង្រីកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងពង្រឹងការអប់រំសីលធម៌ជូនយុវជនជាជាងប្រើវិធានការក្ដៅតែមួយមុខ ដើម្បីដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងប្រទេសកម្ពុជា។ គំនិតបែបនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាប្រកាសបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាទិដ្ឋភាពច្បាប់ក្នុងការនាំយុវជនដែលចូលចិត្តប្រើអំពើហិង្សា (ក្មេងទំនើង) ទៅជួយការងារនៅសមរភូមិមុខតាមបន្ទាត់ព្រំដែន។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ គាំទ្រចំពោះយន្តការរបស់រាជរដ្ឋាភិបាល ដែលលោកគិតថា អាចនាំឱ្យយុវជនផ្លាស់ប្ដូរគំនិត និងមានវិន័យ ហើយអាចក្លាយខ្លួនជាមនុស្សថ្មី ក្រោយទទួលបានបទពិសោធន៍។

តែទោះជាយ៉ាងណា លោក សុជាតិ អះអាងថា បើទោះបីជាតាក់តិចនេះល្អក៏ដោយ ប៉ុន្តែទំនងមិនមានប្រសិទ្ធភាព១០០ភាគរយនោះទេ។ លោកយល់ថា យុវជនទាំងនោះគប្បីទទួលបានការអប់រំផ្លូវចិត្ត ក្នុងការគ្រប់គ្រងកំហឹង និងការកែប្រែឥរិយាបថ ដែលត្រូវការអ្នកជំនាញមកអប់រំ មិនមែនដាក់ទណ្ឌកម្មមួយមុខឡើយ។

លោក បន្តផ្ដល់យោបល់ទៀតថា អាជ្ញាធរត្រូវបង្រៀនយុវជនទាំងនោះ ឱ្យចេះស្ដាប់បង្គាប់ និងការធ្វើការជាក្រុម បើពុំនោះទេ លោកបារម្ភថា ពួកគេអាចបង្កជាបញ្ហាដល់កងទ័ពទៅវិញ ខណៈរដ្ឋាភិបាលក៏ត្រូវគិតគូរដល់អាជីពការងាររបស់គេ ក្រោយចប់បេសកកម្ម ដើម្បីអាចកែប្រែជីវិតឱ្យល្អប្រសើរ ដោយទាមទារឱ្យមានកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ចំណែកឫសគល់ដែលនាំឱ្យកើតមានក្មេងទំនើងក្នុងសង្គមខ្មែរ លោកយល់ថា មានកត្តាគ្រួសារ ការបោះបង់ការសិក្សាទាំងនៅវ័យក្មេង គ្រឿងញៀន និងការសេពគប់មិត្ត រួមទាំងការអនុវត្តច្បាប់មិនស្មើភាពគ្នាក្នុងសង្គម។

លោក បន្តអះអាងថា យុវជនដែលឪពុកម្ដាយមានការអប់រំតិច អាចខ្វះភាពកក់ក្ដៅ គ្មានវិន័យ និងមិនទទួលបានការតម្រង់ទិសត្រឹមត្រូវ ស្របពេលដែលសង្គមមិនពង្រឹងក្នុងការអនុវត្តច្បាប់ក៏នាំឱ្យកើតមានក្មេងទំនើងផងដែរ។

លោក បន្តថា៖ «ចឹងនៅពេលដែលគ្រួសារមួយមិនមានសីលធម៌ល្អ គ្មានវិន័យនាំឱ្យកូនចៅ បានមិត្តភក្តិងាយនឹងអូសទាញឱ្យធ្លាក់ក្នុងបញ្ហាសង្គម»។

លោក បន្ថែមថា៖ «យើងឃើញបញ្ហាក្មេងទំនើងនៅកម្ពុជាភាគច្រើន មានការគាំទ្រឬការប្រើប្រាស់គ្រឿងញៀន ការជក់បារីអេឡិចត្រូនិចជាដើម។ ទាំងអស់នេះវាកើតចេញពីកត្តាច្រើនយ៉ាង ដូចជាខ្វះការទំនាក់ទំនងរវាងឪពុកម្ដាយជាមួយសាលារៀន និងអាជ្ញាធរទើបធ្វើឱ្យពួកគាត់ធ្លាក់ចូលក្នុងគ្រឿងញៀន ដែលជាឧបករណ៍មួយបំផ្លាញខួរក្បាលរបស់ពួកគាត់ហើយ​ធ្វើឱ្យពួកគាត់ចាប់យកវប្បធម៌ហិង្សាដើម្បីបង្អួតភាពខ្លាំងហឺហាររបស់គាត់អីជាដើម»។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា លោកចង់បញ្ជូនក្មេងទំនើងឱ្យទៅជួយបម្រើការងារនៅតាមបណ្ដោយព្រំដែនដូចជា កសាងលេណដ្ឋានជាដើម។ លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធសិក្សាផ្លូវច្បាប់ ជុំវិញការអប់រំយុវជនទាំងនេះ កម្រិតណាដើម្បីអាចភ្ជាប់ទៅនឹងការបម្រើការងារនៅសមរភូមិមុខ ក្នុងរយៈពេល៣ ឬ៦ខែ។

លោក បន្ថែមថា ការធ្វើដូចនេះ ដើម្បីឱ្យយុវជននិយមប្រើហិង្សា បានឃើញយុវជនផ្សេងទៀត ដែលស្ថិតក្នុងភាពជាយុវវ័យដូចគ្នាតែកំពុងឈរជើងនៅសមរភូមិ ខណៈពួកគេមានសេរីភាពបែរជាចូលចិត្តប្រើប្រាស់អំពើហិង្សាដាក់គ្នា។

លោក និយាយថា៖ «ខ្ញុំចង់ឱ្យឯកឧត្តមកើត រិទ្ធ ឯកឧត្តម ស ថេត ឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឱ្យខ្ញុំតិច។ ក្មេងៗទំនើង អីឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែ ខ្លះមិនកែ បាច់រុញដល់ជួរមុខទេ ឱ្យគិតគូរពីការប្រើប្រាស់ ការអប់រំកម្រិតណា ដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើសមរភូមិមុខ បាច់យកទៅកាន់កាំភ្លើងបាញ់ទេ យកទៅតែចាក់ពុម្ពលេណដ្ឋាន ចាក់ស្អីហ្នឹង ដើម្បីជួយកងវិស្មកម្មទៅ»។

ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីប្រតិកម្មពីអ្នកវិភាគនិងអ្នកនយោបាយជំទាស់មួយចំនួនបានបណ្ដាលឱ្យលោកហ៊ុន ម៉ាណែតលើកឡើងជាថ្មីពីបញ្ហាក្មេងទំនើងនេះកាលពីថ្ងៃទី០១ខែឧសភា។លោកអះអាងថា នឹងមិនបង្កើតច្បាប់ថ្មីឡើយ ហើយត្រូវធានាតាមគោលការណ៍សិទ្ធិមនុស្សដែលច្បាប់កម្ពុជាមានចែង។

ចំណែកប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុណ្ណារ៉ា មានប្រសាសន៍ថា ការនាំយុវជនចូលចិត្តប្រើហិង្សាឱ្យធ្វើការងារបម្រើសាធារណៈជារឿងមួយល្អ។ យ៉ាងណា លោកថា ការលុបបំបាត់ក្មេងទំនើងអាចត្រូវការពេលវេលាយូរ ព្រមទាំងកិច្ចសហការរវាងអាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សាលារៀន និងវត្តអារាមដើម្បីធ្វើការអប់រំ ជាពិសេសផ្នែកសីលធម៌ រួមទាំងការអនុវត្តច្បាប់ដោយស្មើភាពគ្នា។

លោក បន្តថា «មួយទៀត ព្រះសង្ឃ ឆ្លៀតពេលដើរអប់រំតាមភូមិ អំពីការកសាងអំពើល្អតាមបែបព្រះធម៌ សុទ្ធតែជាកត្តាទប់ក្មេងទំនើង»។

លោកបានលើកឡើងដែរថា ប្រសិនបើក្រុមយុវជនទាំងនោះ បានដើរខុសផ្លូវម្ដង ឬពីរដង ដែលអាចវិលត្រលប់មកជាយុវជនល្អវិញបាន សមត្ថកិច្ចគួរតែទុកឱកាសឱ្យពួកគេដែរ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2426}" data-page="1" data-max-pages="1" data-start="1" data-end="1">