សមាគម សហជីព និងសហព័ន្ធសហជីពស្នើសុំឱ្យមានការស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គនានា ដែលរារាំងដល់ការអនុវត្តសិទ្ធិការងារពិសេសការចងក្រងសហជីពការពារសិទ្ធិកម្មករដើម្បីទទួលការអនុគ្រោះពន្ធពីអ៊ឺរ៉ុបនិងអាមេរិកជាប្រយោជន៍ជាតិខ្មែរ ។ ពួកគេលើកឡើងថា សហជីពមូលដ្ឋាន និងសហព័ន្ធសហជីព ថ្នាក់ជាតិកំពុងប្រឈមបញ្ហាទាក់ទងនឹងការអនុវត្តសិទ្ធិមូលដ្ឋាន រួមមាន សិទ្ធិក្នុងការចរចាអនុសញ្ញារួម សិទ្ធិក្នុងការចងក្រង ការចុះបញ្ជីកាសហជីព ការទទួលស្គាល់សហជីព ព្រមទាំងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធីជាដើម។
ក្រុមសហជីពកម្មករនិងសង្គមស៊ីវិលកាលពីថ្ងៃទី០១ខែឧសភា បានដាក់ញត្តិទៅស្ថានទូតនិងស្ថាប័នមួយចំនួនដែលពួកគេគិតថាអាចជួយស្ដារសេរីភាពសហជីពបាន។ការដាក់ញត្តិកាលថ្ងៃនោះមិនរលូនទេដោយសារតែសន្តិសុខសាលាខណ្ឌដូនពេញរារាំងប៉ុន្តែបានសម្រួលឡើងវិញបន្ទាប់ពីការចរចាគ្នារួចរាល់។
សមាជិកសហព័ន្ធសហជីពកម្ពុជា អ្នកស្រី វណ្ណ ថាណា លើកឡើងថាតំណាងកម្មករគឺចង់ឱ្យភាគីពាក់ព័ន្ធពិនិត្យមើលឡើងវិញនូវលំហសេរីភាពសហជីព ក្រឡេកមើលស្ថានភាពការងារកម្មករនិយោជិត និងក្នុងវិស័យផ្សេងៗ ដែលកំពុងតែប្រឈមនឹងឧបសគ្គក្នុងការទទួលបានសិទ្ធិមូលដ្ឋានពេញលេញ។ អ្នកស្រីបន្តថា ការរឹតត្បតសិទ្ធិសេរីភាពសហជីពមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់កម្ពុជាឡើយ តែផ្ទុយទៅវិញវាជាឧបសគ្គក្នុងការទទួលបានពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកសេរី ។
អ្នកស្រីថា៖ «យើងមើលឃើញថាលំហសេរីភាពសហជីពត្រូវបានរឹតត្បិត វាអត់មានសេរីភាពសោះ ដែលអាចឱ្យយើងធ្វើការងារដែលសហជីពពេញលេញ មានសិទ្ធិសេរីភាពពេញលេញ ទៅកន្លែងណាក៏គេបិទសិទ្ធិរបស់ពួកយើងដែរ។ សម្បីតែថ្ងៃនេះ យើងគ្រាន់តែមកដាក់ញត្តិដើម្បីគេដឹងថា យើងលើកពីបញ្ហារបស់យើង »។
អ្នកស្រីបន្ថែមថា៖ «ស្នើទៅខាងទូតឱ្យយកញត្តិដែលយើងដាក់ទៅ ហើយឱ្យមានការអនុវត្ត ឬមួយក៏ពិនិត្យមើលអ្វីដែលយើងបានដាក់ទៅ ឬមួយជាមួយក្រសួងដែលពាក់ព័ន្ធសូមឱ្យមានការអនុវត្ត»។
ស្រដៀងគ្នានេះដែរ កម្មកររោងចក្រយីដា នៅខេត្តកណ្ដាល អ្នកស្រី ឆាន ចាន់នី លើកឡើងថា រដ្ឋាភិបាល និងសហជីពគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយជម្លោះការងារ និងលើកកម្ពស់លំហសេរីភាពសហជីពឯករាជ្យ ដើម្បីធានាការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ។ អ្នកស្រីថា អ្នកវិនិយោគនឹងមិនមកកម្ពុជាទេ បើសិនជាពួកគេមើលឃើញពីការមិនគោរពសិទ្ធិកម្មករ។ អ្នកស្រីអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដែលពាក់ព័ន្ធ និងត្រូវធានាថាផលប្រយោជន៍នោះបានទៅដល់កម្មករនិយោជិត និងអ្នកធ្វើការយ៉ាងពិតប្រាកដ និងស្មើភាព។
អ្នកស្រីថា៖ «ជាបញ្ហាប៉ះពាល់ពាណិជ្ជកម្មទូទៅជាមួយអន្តរជាតិ បើនិយាយពីស្រុកគេហ្មង អ្នកដែលបញ្ជាអីវ៉ាន់យើងទៅ អត់ចង់មើលឃើញរូបភាពមួយយកពីញើសឈាម កេងប្រវ័ញ្ចរបស់កម្មករ ញើសឈាមរបស់កម្មករទៅទេ ដោយក្រុមហ៊ុនគោរពច្បាប់ត្រឹមត្រូវទើបគេព្រម។ ហ្នឹងហើយទើបខ្ញុំមើលឃើញថា ច្បាប់ពាណិជ្ជកម្មអន្តរជាតិមានសារសំខាន់ចំពោះកម្មករយើង សហជីព ជាមួយបរទេស»។
អ្នកស្រីបន្ថែមថា៖ «និយាយពីសិទ្ធិសេរីភាពសហជីពវិញគឺបិទហ្មង។ ខ្ញុំហ៊ាននិយាយបែបនេះ។ ទោះបីប្រទេសយើងមានសហជីពដល់ទៅ១០០០ជាង ក៏ដោយសួរថាយើងមានសិទ្ធិសេរីភាពឬអត់។ សហជីពដែលឯករាជ្យសួរថាពេលចងក្រងសហជីពហើយ បញ្ជីកាហ្នឹងចេញឱ្យបានលឿនៗ អត់។ ទោះបីសហជីពមានច្រើនមែន ប៉ុន្តែអ្វីដែលយើងមើលឃើញ ការអនុវត្តពិតប្រាកដគឺបិទ មានការបញ្ឈប់កម្មករនៅពេលដែលចងក្រងអីចឹងទៅគឺមើលឃើញសឹងតែគ្រប់រោងចក្រ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា កម្មករសំណង់កំពុងប្រឈមនឹងបញ្ហាសន្ដិសុខការងារ និងមិនទទួលបានកម្មវិធីគាំពារសង្គម។ លោកថា ការណ៍នេះទាមទារឱ្យក្រសួងការងារពិនិត្យមើលលទ្ធភាពលំហសិទ្ធិការងារ និងការដោះស្រាយបញ្ហាវិវាទការងារឱ្យមានភាពល្អប្រសើ។
លោកថា៖ «នៅក្នុងវិស័យសំណង់វិញយើងមានបញ្ហាប្រឈមជាច្រើន ទាក់ទងនឹងសិទ្ធិក៏ដូចជាការអនុវត្តលក្ខខណ្ឌការងារនៅកន្លែង។ ទី១ ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ការងារនាពេលបច្ចុប្បន្នយើងស្នើឱ្យរដ្ឋាភិបាលតាក់តែងច្បាប់ស្ដីពីសុវត្ថិភាពដើម្បីជម្រុញឱ្យវិស័យឯកជនអនុវត្តសុខភាព សុវត្ថិភាពសម្រាប់កម្មករ។ ទី២ ពាក់ព៍ន្ធការពង្រីកវិសាលភាព ប ស ស ជាទូទៅពួកគាត់ប្រឈមមុខនឹងគ្រោះថ្នាក់ យើងអត់មាន ប ស ស សម្រាប់ផ្ដល់សេវា»។
យ៉ាងណាក្ដី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងពិធី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា» នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងថាទិវាពលកម្មអន្តរជាតិ ជាថ្ងៃបុណ្យជាតិមួយនៅកម្ពុជា ដែលត្រូវរៀបចំឡើងរាល់ឆ្នាំដើម្បីលើកកម្ពស់ដល់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់កម្មករ។ ឆ្នាំនេះទិវាពលកម្មអន្តរជាតិរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។
លោកបន្ថែមថា ការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ជាពិសេសការដោះស្រាយវិវាទការងារក៏ជាអាទិភាពក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងអនុវត្តបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នឹងវិស័យការងារតាមរយៈពង្រឹងយន្ធការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចក្រសួង ព្រមទាំងបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសដាក់ឱ្យដំណើរការប្រព័ន្ធយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នកផ្សះផ្សា»។
ប្រធានកម្មវិធីរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងក្រោយដាក់ញត្តិនៅក្រសួងការងារថា ការដាក់ញត្តិទៅបណ្ដាស្ថានទូតនានានៅកម្ពុជា និងក្រសួងការងារ គឺធ្វើឡើងក្នុងគោលបំណងជម្រុញឱ្យរដ្ឋាភិបាលចូលរួមលើកកំពស់លំហសេរីភាពកម្មករ ដើម្បីជាប្រយោជន៍រួម និងជីវភាពកម្មករ។ លោកថា លោកចង់ឃើញភាគីពាក់ព័ន្ធមានអភិបាលកិច្ចល្អ គោរពសិទ្ធិមនុស្ស និងជម្រុញដោះស្រាយ ក៏ដូចជាកិច្ចសន្ទនាល្អប្រសើរស្ដីពីសិទ្ធិការងារ។
លោកថ្លែងថា៖ «អ្វីដែលយើងស្នើនៅពេលនេះ ជាពិសេសទៅឯកឧត្តមរដ្ឋមន្ត្រីធ្វើយ៉ាងណាដើម្បីយើងអាចជជែកគ្នា កសាងវប្បធម៌នៃទំនុកចិត្ត។ យើងលុបបំបាត់នូវវប្បធម៌នៃការចោទប្រកាន់។ […] ព្រោះឥឡូវនេះយើងជាខ្មែរ យើងត្រូវកសាងការរួបរួមសាមគ្គី រវាងខ្មែរនិងខ្មែរ ហើយសង្ឃឹមថាសំណើទាំងប៉ុន្មានចំណុចដែលអង្គការសង្គមស៊ីវិល សហជីព មាន៣៦ស្ថាប័ន សូមឱ្យរាជរដ្ឋាភិបាលពិចារណា ព្រោះថាអំណាចនៅក្នុងការតាក់តែង កែទម្រង់ ការធ្វើវិសោធនកម្ម ការទម្លាក់បទចោទប្រឆាំងនឹងសហជីព ការលុបបំបាត់នូវកិច្ចសន្យាមានកំណត់ វាប៉ះពាល់ដល់សិទ្ធិបងប្អូនកម្មករយើង»។
លោកបន្ថែមថា៖ «សម្បីតែសហគមន៍អឺរ៉ុបក៏ពិចារណាក្នុងការផ្ដល់មកវិញនូវ EBA ២០ ភាគរយ ទៀតសោតយើងក៏នឹងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាជម្រុញឱ្យយើងទទួលបាន GSP Plus ពីសហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិក។ អាហ្នឹងក៏យើងចង់បាន ពីព្រោះថាមានតែការកំណែទម្រង់ទេ មានតែការធ្វើអភិបាលកិច្ចទេ ការគោរពសិទ្ធិមនុស្សទេអាហ្នឹងទើបយើងអាចផ្លាស់ប្ដូរប្រទេសជាតិ សង្គមយើងប្រសើរជាងមុនបាន»៕







