រដ្ឋមន្រ្តីក្រសួងព័ត៌មានគ្រោងនឹងជួបជាមួយអ្នកសារព័ត៌មានអនឡាញ ដែលចុះរាយការណ៍ព័ត៌មានទាក់ទងនឹងបញ្ហាសន្តិសុខសង្គម និងជម្លោះនានា ដើម្បីពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញឱ្យមានការផលិតព័ត៌មានដែលមានប្រយោជន៍ច្រើនដល់ពលរដ្ឋ និងសង្គម។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។
លោក នេត្រ ភក្ត្រា ឱ្យដឹងថា កិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ គឺដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីអ្នកអាន និងអ្នកទស្សនាលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ឬការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។
ជាមួយគ្នានេះ លោកក៏ស្នើឱ្យប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិត និងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ លោក នេត្រ ភក្ត្រា យល់ថា ពេលខ្លះ ពលរដ្ឋអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស គឺពលរដ្ឋអាចមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីពលរដ្ឋអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ លោកអំពាវនាវឱ្យអ្នកសារព័ត៌មាន រួមគ្នាផលិត និងផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម។
អ្នកវិភាគបញ្ហាសង្គម និងជានាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន សង្កេតឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់អ្នកកាសែតអនឡាញមួយចំនួននៅមិនទាន់បានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រោះភាគច្រើនផ្សាយតែព័ត៌មានណាដែលទាក់ទាញការចាប់អារម្មណ៍លឿន និងមានចំនួនអ្នកចូលទស្សនាច្រើន ដែលនេះពុំមែនជាការផ្សាយព័ត៌មានតែមួយមុខទេ ប៉ុន្តែជាការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើការលក់ផលិតផលរបស់ម្ចាស់ក្រុមហ៊ុនណាមួយដែលពួកគេទទួលបានការឧបត្ថម្ភប៉ុណ្ណោះ។
លោកបន្តថា៖ «អ្នកសារព័ត៌មានអនឡាញខ្លះគ្រាន់តែជា Content Creator ឬជាអ្នកធ្វើវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យអ្នកលក់ដូរ និងអ្នករកស៊ី ពុំមែនជាអ្នកសារព័ត៌មានអាជីពទេ»។
លោក ប៉ា ច័ន្ទរឿន លើកឡើងថា អ្នកសារព័ត៌មានអនឡាញពុំបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានស៊ីជម្រៅនោះទេ។ លោកចង់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការបណ្ដុះបណ្ដាល និងលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មានអនឡាញមួយចំនួនដែលពុំទាន់បានយល់ច្បាស់ពីក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យនេះ និងលើកពីចំណុចខ្វះខាតរបស់ពួកគេមកជជែករកដំណោះស្រាយ។
ប្រភពដដែលបន្ថែមថា ៖ «រាល់ការដាក់ចេញនូវវិធានការទាំងឡាយ ក្រសួងគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព និងច្បាស់លាស់ដល់អ្នកសារព័ត៌មានអនឡាញទាំងអស់ ដោយគ្មានការដាក់គំនាប និងរើសអើងទៅក្រុមណាមួយ ដើម្បីផ្ដល់ទាំងយុត្តិធម៌ និងលើកទឹកចិត្តឱ្យមានការកែលម្អ»។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ឱ្យដឹងថា ជំនួបរវាងក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអនឡាញ ជារឿងល្អ ដោយសារមួយរយៈនេះអ្នកស្រីឃើញមានអ្នកសារព័ត៌មានមួយចំនួនអនុវត្តការងាររបស់ខ្លួនមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការរាយការណ៍ព័ត៌មានទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ឬចោរកម្ម។
អ្នកស្រីមានប្រសាសន៍ថា នៅពេលដែលអ្នកសារព័ត៌មានអនឡាញមួយចំនួនទៅសម្ភាសជនរងគ្រោះ ឬគ្រួសារផ្ទាល់ ដែលកំពុងតែមានទុក្ខ ពួកគេហាក់ធ្វើខ្លួនដូចជាអាជ្ញាធរ ឬប៉ូលីស ពេលខ្លះសំណួររបស់ពួកគេមានលក្ខណៈដាក់សម្ពាធទៅលើប្រភពទៀតផង។
ជាឧទាហរណ៍ អ្នកស្រីថា ថ្មីៗនេះ អ្នកស្រីឃើញអ្នកសារព័ត៌មានអនឡាញខ្លះដណ្តើមគ្នាសម្ភាសបុរសម្នាក់ត្រូវកងកម្លាំងឃាត់ខ្លួន ដោយសារគាត់បើកឡានបង្កឱ្យមានសម្លេងលឺខ្លាំង ប៉ុន្តែនៅពេលអ្នកសារព័ត៌មានមិនគោរពក្រមសីលសីលធម៌វិជ្ជាជីវៈ គឺពិតជាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់សង្គម។
អ្នកស្រីសង្កត់ធ្ងន់ថា៖ «អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់មហាជន ដូច្នេះគ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវតែគោរពក្រមសីលធម៌ជាដាច់ខាត ក្រមសីលធម៌ជាអាវុធ »។
អ្នកស្រី ឆន សុគន្ធា យល់ថា ក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកវគ្គបណ្តុះបណ្តាល តម្រង់ទិសដល់អ្នកសារព័ត៌មាន ក្នុងនោះមានទាំងអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានអនឡាញ និងពលរដ្ឋអ្នកសារព័ត៌មានផងដែរ។
អ្នកស្រីផ្តល់មតិថា អ្នកសារព័ត៌មានត្រូវនាំយកព័ត៌មានពិតដល់មហាជន រកប្រភពឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងលើកយកទុក្ខកង្វល់ និងសំណើរផ្សេងៗរបស់ពលរដ្ឋឱ្យថ្នាក់ដឹកនាំបានដោះស្រាយ មិនមែនគ្រាន់តែចង់បានចំនួនអ្នកទស្សនាច្រើន ដោយមិនគោរពតាមក្រមសីលធម៌ដែលនាំឱ្យមានការបាត់បង់ទំនុកចិត្តពីមហាជនទាំងនៅក្នុងប្រទេស និងអន្តរជាតិនោះទេ៕







