សមាជិកគ្រួសារ របស់ម្តាយនិងកូនជនជាតិកួយពីរនាក់ដែលត្រូវជាប់ទោស១៨ខែក្នុងរឿងដីធ្លីនៅព្រះវិហារដង្ហោយហៅយុត្តិធម៌។
មេធាវី និងគ្រួសាររបស់ជនជាតិដើមភាគតិចកួយ ចាត់ទុកសាលក្រមផ្ដន្ទាទោសស្រ្តីជនជាតិដើមភាគតិចអ្នកស្រី អ៊ុក យីម និងកូនប្រុស ក្នុងសំណុំរឿងដែលពាក់ព័ន្ធជម្លោះដីធ្លីមួយនៅក្រុងព្រះវិហារ ជារឿងអយុត្តិធម៌។
មេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយលោកមេធាវី រិន ដេវីដ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះវិហារបានប្រកាសសាលក្រមផ្ដន្ទាទោសកូនក្ដីលោក គឺអ្នកស្រី អ៊ុក យីម និងលោក ហៀ ហាក់ស៊ីង ដែលត្រូវជាម្ដាយនិងកូន ដាក់ពន្ធនាគារម្នាក់ៗ ១៨ខែ និងពិន័យប្រាក់ម្នាក់ៗ ៥លានរៀល ក្រោមបទចោទ «ប៉ះពាល់កម្មសិទ្ធិឯកជន» និង «ហិង្សាចំពោះអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ខណៈកូនក្ដីរបស់លោក២នាក់ទៀតគឺលោក អ៊ុក ម៉ៅ និងលោក ហៀ ហាក់សាង បានរួចទោស។
លោកមេធាវី ដេវីដ យល់ថាការផ្ដន្ទាទោសនេះ គឺធ្ងន់ធ្ងរ និងអយុត្តិធម៌សម្រាប់កូនក្ដីលោកទាំង២រូប ព្រោះកាលតុលាការបើកសវនាការជំនុំជម្រះនោះ សាក្សីបានបញ្ជាក់ថាអ្នកស្រី អ៊ុក យីម ជាអ្នកកាន់កាប់ដីមុនភាគីដើមបណ្ដឹង តែបែរជាដើមបណ្ដឹងបានប្លង់កាន់កាប់ដី រួចប្ដឹងម្ចាស់ដីទៅវិញ។ លោកបញ្ជាក់ថា ប្រសិនបើកូនក្តីចង់ប្តឹងជំទាស់ទៅនឹងសាលក្រមនេះទៅកាន់សាលាឧទ្ធរណ៍បន្តទៀត លោកនឹងធ្វើតាមការសម្រេចរបស់កូនក្តី។
លោក រិន ដេវីដ បន្ត៖ «ការផ្តន្ទាទោសនេះគឺកម្រិតទោសហ្នឹងគឺមើលទៅឃើញថាធ្ងន់ធ្ងរណាស់ ដោយសារតែបើយើងពិនិត្យទៅលើអង្គហេតុជាក់ស្ដែងទៅឃើញថា លោកយាយ អ៊ុក យីម តុលាការក៏បានដេញដោលសាកសួរទៅលើសាក្សីមួយចំនួនហើយគាត់រកឃើញថា ការពិតទៅគឺម្ចាស់ដីដែលគ្រប់គ្រងពីដំបូងមកគឺលោកយាយ អ៊ុក យីម»។
ជាមួយគ្នានេះ ប្អូនប្រុសរបស់អ្នកស្រី អ៊ុក យីម គឺលោក អ៊ុក ម៉ៅ ប្រាប់ប្រជាកាសែតថា បញ្ហាដែលនាំឱ្យបងស្រីលោកជាប់ពន្ធនាគារ គឺដំបូងឡើយកើតចេញពីវិវាទដីធ្លីនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រវាង អ្នកស្រី អ៊ុក យីម និងមន្ត្រីទាហានស័ក៣ម្នាក់ កាលពីឆ្នាំ២០២៤។
លោកថា កាលនោះ ភាគីដើមបណ្ដឹងដែលជាទាហាន និងមន្ត្រីមួយចំនួនបានចុះវាស់វែងដីដែលអ្នកស្រី អ៊ុក យីម កាន់កាប់ជាង៤០ឆ្នាំនោះ ដោយខាងដើមបណ្ដឹងអះអាងថាដីនោះជារបស់គាត់ ហើយអ្នកស្រី អ៊ុក យីម បានរារាំង ទើបមានការទាស់ទែងពាក្យសម្ដីគ្នា ហើយឈានដល់ការប្ដឹងផ្ដល់តាមតុលាការ។ ជាមួយគ្នានេះ លោក អ៊ុក ម៉ៅ យល់ថាការសម្រេចរបស់សាលាដំបូងខេត្តព្រះវិហារមិនយុត្តិធម៌។
លោកថា៖ «តុលាការនេះគាត់កាត់អត់មានអត់មើលមុខមើលក្រោយ[…]បើច្បាប់គេអត់ត្រូវកាត់អ៊ីចឹងទេ អាហ្នឹងខ្ញុំយល់ខ្លួនខ្ញុំ។គាត់កាត់ដោយសារបក្ខពួកៗគាត់មានលុយមានកាក់ អ៊ីចឹងគាត់កាត់អ៊ីចឹង បើតាមច្បាប់ខ្ញុំជឿថាគេមិនកាត់អ៊ីចឹងទេ។ ច្បាប់មុននឹងកាត់ហ្នឹងគេពិនិត្យទីតាំងឱ្យច្បាស់លាស់ រួចដីបងខ្ញុំមានដូច១០ឆ្នាំឯណា? ដីបងខ្ញុំ៤០ឆ្នាំជាងហើយហ្នឹង»។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារអ្នកស្រី ជុំ កន្និយ៉ា ថា មិនទាន់ទទួលបានព័ត៌មានពីករណីកាត់ទោសនេះនៅឡើយ។
ជុំវិញករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី ថាការដែលសាលាដំបូងខេត្តព្រះវិហារសម្រេចយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។ តែយ៉ាងណា លោកថា តុលាការគួរពិចារណាឡើងវិញចំពោះការសម្រេចនេះ ព្រោះលោកយល់ថាករណីនេះគឺអយុត្តិធម៌។
លោកថា៖ «បើសិនជាគាត់នៅពេលឈ្លោះទាស់ទែងគ្នាអ៊ីចឹងពាក់ព័ន្ធនឹងរឿងដីហើយនិយាយ ឬក៏ប្រើប្រាស់ពាក្យថា ប៉ុណ្ណឹងហើយយើងកាត់គាត់ថែមទៀត យើងមើលទៅដូចជាអយុត្តិធម៌ណាស់។ យើងចង់ថា សូមឱ្យតុលាការពិចារណាឡើងវិញ។ អ៊ីចឹង បើសិនជាគ្រាន់តែជា «អញសម្លាប់ឯង»គ្រាន់តែប៉ុណ្ណឹងចោលហើយ ជួនកាលប្រជាពលរដ្ឋបោះពាក្យសម្ដីចោលអ៊ីចឹងទៅ ហើយយើងថាការគំរាមកំហែង។ នៅក្នុងក្រមព្រហ្មទណ្ឌ ការគំរាមកំហែងគឺការនិយាយដដែលៗជាច្រើនដង មិនមែននិយាយម្ដងទេ»៕







