កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើរដ្ឋាភិបាលឱ្យពង្រឹងកិច្ចគាំពារសង្គម និងការពារសិទ្ធិការងារ

អភិបាលកិច្ច

(ក្រុមអ្នកដឹកជញ្ជូនឥវ៉ានរបស់ក្រុមហ៊ុន Grab កំពុងអង្គុយស្ដាប់ក្នុងពិធីប្រារព្ធទិវាពលកម្មអន្តរជាតិដោយសមាគម IDEA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ (រូបថតដោយ៖ ពូ សូរាជីនី)។

អ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តព្រួយបារម្ភពីបញ្ហាប្រឈមរបស់កម្មករក្រៅប្រព័ន្ធ ដែលនៅតែជួបប្រទះអស្ថិរភាពការងារ ហានិភ័យសុខភាព សុវត្ថិភាពការងារ និងតម្រូវការកិច្ចគាំពារសង្គម។ ការបារម្ភទាំងនេះ ត្រូវបានលើកឡើងនៅក្នុងវេទិកា «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» រៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម ដើម្បីប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។

កម្មវិធីនេះ រៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត៣០០នាក់ មកពីកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកឡើងពីតួនាទីរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចកម្ពុជា និងជំរុញការពង្រឹងកិច្ចគាំពារសង្គម និងសិទ្ធិការងារ។

តំណាងអ្នកដឹកជញ្ជូនតាមប្រព័ន្ធឌីជីថលមកពី Grab លោក នឿង ជីវ៉ា បានថ្លែងក្នុងវេទិកាថា ទោះបីជាពួកគេមានមោទនភាពដែលបានចូលរួមសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែអ្នកដឹកជញ្ជូននៅតែប្រឈមហានិភ័យសុវត្ថិភាព និងអស្ថិរភាពការងារ។

លោកបានចោទសួរទៅកាន់តំណាងរដ្ឋាភិបាលពាក់ព័ន្ធនឹងការចូលរួមបង់ ប.ស.ស និងការការពារកម្មករ នៅពេលក្រុមហ៊ុនផ្តាច់គណនីការងារ។

លោកឡើងនៅក្នុងកម្មវិធីថា ៖«ចំណុចទី១ លើ បសស តើក្នុងពេលឆាប់ៗខាងមុខនេះ ពេលរដ្ឋាភិបាល ឬក្រុមហ៊ុនមានយុទ្ធនាការបែបណា ដើម្បីជួយសម្រួលឲ្យពួកខ្ញុំ បានទទួលការបង់ បសស ពេញលេញ ដើម្បីសុវត្ថិភាពការងារមានគ្រោះថ្នាក់ នៃការថែទាំសុខភាពឲ្យបានសមរម្យ? ចំណុចទីពីរ ស្ថេរភាពការងារ តើមានការរៀបចំ ការងារថ្មីណាដែលជួយការងារពួកខ្ញុំ នៅពេលដែលក្រុមហ៊ុនផ្តាច់ app ដោយបញ្ឈប់ការងារតាមចិត្តដោយគ្មានមូលហេតុច្បាស់លាស់ដែរឬទេ? ហើយតើធ្វើដូចម្តេចទើបពួកខ្ញុំទទួលបានប្រយោជន៍គាំពារសង្គមដូចជាបុគ្គលិកពេញសិទ្ធិផ្សេងទៀត? »។

ប្រធាននាយកដ្ឋានតាវលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក សុក បូរ៉ា បានឆ្លើយតបនៅក្នុងវេទិកាថា ថ្នាក់ដឹកនាំកំពុងសិក្សាគោលនយោបាយ ដើម្បីបញ្ចូលអ្នកដឹកជញ្ជូនតាមប្រព័ន្ធឌីជីថលចូលក្នុងប្រព័ន្ធសន្តិសុខសង្គម។

លោកបញ្ជាក់ថា ការសិក្សានេះត្រូវបានពិភាក្សាជាងពីរឆ្នាំមកហើយ ហើយរដ្ឋាភិបាលកំពុងរង់ចាំការសម្រេចចុងក្រោយ។

លោកបានឆ្លើយសំណួរនៅវេទិកាថា៖ «និយាយរួមទៅយើងមិនឲ្យប្រជាពលរដ្ឋណាចេញពីសន្តិសុខសង្គមនោះទេ នៅខាងមុខហ្នឹង យើងនឹងទាញចូលទាំងអស់តែម្តង គ្រាន់តែថាប្រព័ន្ធដែលមិនទាន់ពេញលេញ មិនទាន់ដាក់បញ្ជូលខាងប្អូនមែន ក្រុមប្អូនត្រូវតែការពារសុវត្ថិភាព ការបើកបរ ដូចបងបញ្ជាក់អីចឹងយើងត្រូវតែការពារខ្លួនឯងសិន គឺធ្វើដំណើរត្រូវតែប្រយ័ត្នទាំងអស់គ្នា»។

អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក សំសុវត្យា បានលើកឡើងឆ្លើយតបសំណួរអ្នកតំណាង Grab ដែរថា កម្មករដែលចង់ផ្លាស់ប្តូរពីការងារក្រៅប្រព័ន្ធ ទៅការងារផ្លូវការ អាចដាក់ពាក្យធ្វើការក្នុងវិស័យឧស្សាហកម្មបាន ព្រោះក្រសួងមានតម្រូវការកម្មករច្រើន។

លោកបានឆ្លើយសំណួរនៅក្នុងវេទិកាថា ៖«ឯកឧត្តមរដ្ឋមន្ត្រីគាត់មានប្រសាសន៍ហើយប្រាក់ខែត្រឹម២៥០[$] ចាប់អារម្មណ៍ចង់ឈប់រត់ grab រីករាយស្វាគមន៍ ក្រសួងការងារ ការងារមិនខ្វះទេ»។

លោក អ៊ុក សំសុវត្យា បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកពីការងារ ត្រូវធ្វើទៅតាមច្បាប់ និងកិច្ចសន្យាការងារ មិនមែនបញ្ឈប់ដោយគ្មានមូលហេតុនោះទេ។ លោកថា ប្រសិនបើកម្មករយល់ថា ខ្លួនត្រូវបានបញ្ឈប់ដោយអយុត្តិធម៌ អាចប្តឹងទៅក្រសួងការងារ ដើម្បីជួយដោះស្រាយបាន។

លោកបន្តថា ក្រសួងកំពុងយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដឹកជញ្ជូន និងរៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនសាធារណជន។

តំណាងអ្នកដឹកជញ្ជូន Grab ម្នាក់ទៀត លោក ថេង ធីតា បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នអ្នកបើកបរត្រូវចំណាយថ្លៃប្រេង និងចំណាយប្រចាំថ្ងៃកើនឡើង ខណៈប្រាក់ចំណូលមិនស្ថិរភាពដូចមុន។

លោកបញ្ជាក់ថា អ្នកដឹកជញ្ជូនភាគច្រើនត្រូវបង់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយខ្លួនឯង ព្រោះក្រុមហ៊ុនចាត់ទុកពួកគេជាដៃគូសហការ មិនមែនជាបុគ្គលិកផ្លូវការ។
លោកថ្លែងប្រាប់ថា៖ «បសស ខ្ញុំមានហើយ ប៉ុន្តែរាល់ថ្ងៃខ្ញុំបង់ខ្លួនឯងក្រុមហ៊ុនអត់មានបង់ឲ្យយើងទេ ព្រោះអីយើងរាល់ថ្ងៃជាដៃគូសហការមិនមែនជាបុគ្គលិក អីចឹង បសស យើងធ្វើខ្លួនឯងហើយបង់ខ្លួនឯង វាមិនទាន់មានក្រុមហ៊ុនណាជួយយើងចឹង»។

លោកបានស្នើឱ្យក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនចូលរួមបង់ថវិកា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស )ជាមួយកម្មករ ដើម្បីសម្រាលបន្ទុក និងធានាសុវត្ថិភាពសង្គម។

ក្រៅពីនេះ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យមើលទៅលើក្រុមហ៊ុនកែលម្អកម្រៃជើងសារ និងកាត់បន្ថយភាគរយកាត់ពីអ្នកដឹកជញ្ជូន ដើម្បីធានាជីវភាពកាន់តែប្រសើរ។

អ្នករត់កង់បីដឹកជញ្ជូនតាមប្រព័ន្ធឌីជីថល លោក ផេង សារេន អាយុ៤០ឆ្នាំ បានលើកឡើងថា តម្លៃហ្គាសកើនឡើង និងការកាត់កម្រៃជើងសារ កំពុងប៉ះពាល់ដល់ជីវភាពអ្នកបើកបរ។

លោកបានរិះគន់ថា ក្រុមហ៊ុនផ្តោតសំខាន់លើអតិថិជន ប៉ុន្តែមិនសូវគិតពីផលប្រយោជន៍អ្នកបើកបរ។

លោកបានប្រាប់ថា ៖ «ជាសំណូមពរមិនថារូបខ្ញុំ និងអ្នកដទៃទេ ឲ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយយកចិត្តទុកដាក់ទៅលើវិស័យដឹកជញ្ជូនឲ្យពួកខ្ញុំនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹង កុំឲ្យក្រុមហ៊ុន ប្លុកបានតាមចិត្ត ត្រូវមានគោលការណ៍ច្បាស់លាស់ណាមួយ គឺក្រសួងដាក់នូវលក្ខខណ្ឌដល់ក្រុមហ៊ុនទាំងអស់នោះឲ្យគាត់គោរពច្បាប់គោលការណ៍របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យគាត់អនុវត្ត»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បានរិះគន់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនថា តែងផ្តាច់ app អ្នកបើកបរ ដោយផ្អែកតែលើការតវ៉ារបស់អតិថិជន ទោះបីជាបញ្ហាខ្លះបណ្តាលមកពីបច្ចេកទេស ឬសេវាទូរសព្ទក៏ដោយ។

លោកថ្លែងប្រាប់វេទិកាថា៖ «ពិតប្រាកដណាស់ក្រុមហ៊ុន grab ក៏អីចឹង passapp ក៏អីចឹងដែរ ផ្តាច់អ្នករត់ គេ complain(ប្តឹង) តែ៣០០៛ ផ្តាច់ app គេ ៧២ ម៉ោង ក្រុមហ៊ុន passapp ក្រុមហ៊ុន Grab គឺផ្តាច់ចោល ៧២ម៉ោង ហើយក្នុងខណៈពេលនេះ យើងមិនចង់ឲ្យមានស្ថានភាពបែបនេះ បន្តទៅទៀតទេ ក្រុមហ៊ុនអត់បានគិតពីអ្នកបើកបរ គិតតែអំពីអតិថិជន »។

លោកបន្តថា៖«ចឹងហើយស្ថានភាពបែបនេះ អ្នកដឹកជញ្ជូនប្រព័ន្ធ app កើតទុក្ខមិនសុខចិត្តនោះទេ ចូលរួមសមាគមឲ្យបានច្រើនជាងហ្នឹងទៀត ដើម្បីឲ្យក្រុមហ៊ុនហ្នឹងកុំធ្វើតាមតែអំពើចិត្ត»។

លោកបន្ថែមថា សមាគម IDEA នឹងបន្តសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិ ដើម្បីជំរុញលក្ខខណ្ឌការងារសមរម្យសម្រាប់អ្នកដឹកជញ្ជូនតាមប្រព័ន្ធឌីជីថល ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលសម័យថ្មី៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2523}" data-page="1" data-max-pages="1" data-start="1" data-end="1">