លោក ហ៊ុន សែន រំលឹករដ្ឋាភិបាលកុំចរចាទ្វេភាគីជាមួយថៃចំពោះបញ្ហាដែនសមុទ្រ

សង្គម

(ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅពីធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ដែលរៀបចំនៅនៅសាលាខេត្តកំពត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ (រូបថតពីហ្វេសប៊ុករបស់លោក ហ៊ុន សែន)។

ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រើនរំលឹកដល់រាជរដ្ឋាភិបាលកុំចរចាទ្វេភាគីជាមួយប្រទេសថៃ ចំពោះបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ ដោយលោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាប្រើយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ជំនួសវិញ។

ការរំលឹកនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ឃើញសារព័ត៌មានប្រទេសថៃចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងពីវិធីសាស្ត្រចរចាទ្វេភាគីជាមួយកម្ពុជា ក្រោយលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ជាមួយកម្ពុជា។

តាមសំណេរលើទំព័រហ្វេសប៊ុកនៅរសៀលនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន រំលឹករាជរដ្ឋាភិបាលកម្ពុជាកុំឱ្យបើកការចរចាណាមួយជាមួយភាគីថៃ ជុំវិញបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

លោកថា៖ «ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។

មូលហេតុដែលលោក ហ៊ុន សែន រំលឹករដ្ឋាភិបាលដូច្នេះគឺក្រោយពីលោកឃើញសារព័ត៌មានថៃផ្សាយកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថាលោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា «ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើរការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន»។
លោក ហ៊ុន សែន បន្ថែមថា៖ «ប្រសិនបើការចុះផ្សាយនេះជាសម្តីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា»។

កាសែត Bangkok Post របស់ថៃបានផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមចំណងជើងថា «ថៃគាំទ្រការចរចាផ្ទាល់ជាមួយកម្ពុជាពីព្រំដែនសមុទ្រ» បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow ថាថៃ និងកម្ពុជា គួរតែព្យាយាមដោះស្រាយជម្លោះដែនសមុទ្រដោយខ្លួនឯង ដោយប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាក្របខ័ណ្ឌ មុននឹងបន្តទៅកាន់នីតិវិធីផ្សេងៗទៀតក្រោមសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជាលោក ប៉ែន បូណា បានប្រាប់ប្រជាកាសែតថា ជំហររបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ មិនខុសពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយថៃលុប MOU ២០០១ ដោយឯកតោភាគីឡើយ ពោលគឺកម្ពុជាប្រកាន់ជំហរប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

លោកថា៖ «ក្នុងសារហ្នឹងលោក [ហ៊ុន ម៉ាណែត] បានបញ្ជាក់ហើយថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)[…]ដូច្នេះជំហរហ្នឹងគឺស្របគ្នាអស់ហើយ[…]ហើយកម្ពុជាអត់ដូចថៃទេណ៎ា ថៃនាយករដ្ឋមន្ត្រីនិយាយផ្សេង រដ្ឋមន្ត្រីការបរទេសនិយាយផ្សឹង កម្ពុជាអត់ទេ នាយករដ្ឋមន្ត្រី ប្រមុខរដ្ឋស្ដីទី គឺមានជំហរស្របគ្នាទាំងអស់ រដ្ឋសភា ព្រឹទ្ធសភាហ្នឹង»។

ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រការរំលឹករបស់ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ដែលមិនឱ្យកម្ពុជាចរចាទ្វេភាគីជាមួយថៃរឿងសមុទ្រ។
លោកថា៖ «ខ្ញុំគាំទ្រទៅលើអ្វីដែលជាប្រសាសន៍របស់សម្ដេចដែរក្នុងរឿងហ្នឹង ព្រោះអីថៃគេបានមើលស្រាលយើង ដោយសារគេបានលុបនូវ MOU ២០០១ ជាឯកតោភាគី បានន័យថាគេមិនខ្វល់ពីយើង»។

លោកបណ្ឌិតបន្ថែម៖ «បើថៃត្រឡប់មកនិយាយចង់មានការចរចាទ្វេភាគីវិញ វាខុសពីស្អីដែលខ្លួនឯងបានលុប។ អ៊ីចឹងសម្រាប់កម្ពុជា បើកាលណាយើងវិលត្រឡប់ទៅរកកិច្ចចរចាទ្វេភាគីវិញ បានន័យថាវាស្មើនឹងថៃចាប់សក់យើងហើយគ្រវី ខ្មែរយើងហៅថាចាប់ក្របួចសក់គ្រវី ទាញទៅលិចផង ទាញទៅកើតផង អ៊ីចឹងកម្ពុជាត្រូវតែរឹងមាំនៅក្នុងស្ថានភាពបែបនេះ»។

ចំណែកឯស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ក៏យល់ស្របចំពោះការរំលឹកនេះ ដូចលោកបណ្ឌិត មាស នី ដែរពីព្រោះលោក ច័ន្ទរ័ត្ន សង្កេតឃើញថា ភាគីថៃតែងតែងាករកការចរចាទ្វេរភាគី នៅពេលណាដែលកម្ពុជារកប្រើច្បាប់នានា។

លោកថា៖ «ខ្ញុំយល់ស្របទៅនឹងអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ព្រោះថា ការចរចាទ្វេភាគីច្រើនដងហើយ មិនសូវមានប្រសិទ្ធភាព ហើយមិនមានលទ្ធផលសម្រាប់យូរអង្វែង។ គេចរចា ចុះហត្ថលេខា គេលុបចោលដោយឯកតោភាគី គេមិនបានខ្វល់ជជែកគ្នាមុនឬអីនោះទេ ប៉ុន្តែឱ្យតែចាប់ផ្ដើមយើងរត់ទៅរកយន្តការច្បាប់សមុទ្រក្ដី ច្បាប់ព្រំដែនគោកក្ដីអីក្ដី គេតែងតែងាកមករកចរចាទ្វេរភាគី អាហ្នឹងជាល្បិចរបស់គេ»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ ឬMOU ២០០១ ឬភាគីថៃហៅថា MOU44 ដែលអនុស្សរណៈនៃការយោគយល់នេះជាក្របខណ្ឌតែមួយគត់សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ដោះស្រាយបញ្ហាត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងប្រទេសទាំងពីរដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2526}" data-page="1" data-max-pages="1" data-start="1" data-end="1">