កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រៀងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ កិច្ចប្រជុំអនុម័តនេះ ក៏មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។
ក្នុងកិច្ចប្រជុំរដ្ឋសភា លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាចាំបាច់ក្នុងការបង្កើនចំនួនកងទ័ពពេញម៉ោង និងកងទ័ពបម្រុង ដើម្បីការពារអធិបតេយ្យកម្ពុជា ជាការឆ្លើយតបទៅនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ជាពិសេសក្រោយជម្លោះព្រំដែនកម្ពុជា និងថៃ។ លោកថា កម្ពុជាត្រូវពង្រឹងកម្លាំង និងសមត្ថភាពកងទ័ព ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
លោកថ្លែងថា៖ «សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននៅមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង។ វាជាជម្រើសដែលសមស្រប ក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង និងបង្កើតកងទ័ពបម្រុងផង ដើម្បីធានាឱ្យរាជរដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿនគ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់។ នេះគឺផ្អែកលើបទពិសោធន៍ និងភាពប្រឈមនាពេលថ្មីៗនេះ»។
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្រ្តីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដើម្បីកសាងកម្លាំងសម្រាប់វិស័យការពារជាតិ ក្នុងពេលជម្លោះព្រំដែនកម្ពុជា និងថៃកំពុងបន្ត។ សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីត្រូវបានធ្វើវិសោធនកម្ម ក្រោយច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ នៅមិនទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយស្របតាមបរិបទសង្គមបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការកែប្រែជាថ្មី។
សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី មាន៨ ជំពូក និង២០ មាត្រា ដែលត្រូវបានរៀបចំឡើងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកឯមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដែលនឹងអនុវត្តចំពោះពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ ដែលខុសពីច្បាប់ចាស់ដែលតម្រូវឱ្យពលរដ្ឋមានអាយុចាប់ពី១៨ ដល់៣០ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចនេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត។
នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា មើលឃើញថា ការបំពេញកាតព្វកិច្ចយោធា ជាលក្ខខណ្ឌចាំបាច់សម្រាប់ពលរដ្ឋគ្រប់រូប។ តែយ៉ាងណា លោកថា ដើម្បីឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាច្បាប់ផ្សេងៗទៀត អាចអនុវត្តបានពេញលេញ មានប្រសិទ្ធភាព និងសម្រេចគោលបំណងនៃច្បាប់ ការអនុវត្តត្រូវតែធ្វើឡើងដោយស្មើភាព តម្លាភាព សុក្រឹតភាព យុត្តិធម៌ និងទូទៅ ដោយគ្មានតំបន់ហាមឃាត់ គ្មានការលើកលែង និងគ្មានការសម្របសម្រួល។
លោកថា៖ «ខ្ញុំមើលឃើញថាច្បាប់នេះមានសារៈសំខាន់ ហើយវាជាតម្រូវការបន្ទាន់សម្រាប់កម្ពុជាយើង ហើយមែនទែនទៅច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ វាត្រូវបានអនុម័តតាំងពី២០ ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែយើងអត់បានអនុវត្តទេ។ អីចឹងអត់មានរឿងថ្មីទេសម្រាប់កម្ពុជាសម្រាប់ច្បាប់នេះ ក៏ប៉ុន្តែរឿងថ្មីសម្រាប់ទិដ្ឋភាពនៃការអនុវត្ត ហើយសូមបញ្ជាក់ថាច្បាប់ស្តីពីកាតព្វកិច្ចយោធានេះមិនមែនមានតែនៅប្រទេសកម្ពុជាយើងទេ»។
លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះ អ្វីដែលជាការបារម្ភ គឺប្រសិទ្ធភាព តម្លាភាព និងសមភាពនៃការអនុវត្តច្បាប់ គឺត្រូវតែធានាថាច្បាប់នេះត្រូវបានអនុវត្តប្រកបដោយតម្លាភាព មានប្រសិទ្ធភាព និងមានភាពស្មើគ្នាក្នុងចំណោមយុវជន។ ហើយយើងទាមទារឱ្យមានលិខិតបទដ្ឋានក្រោមច្បាប់មួយចំនួនទៀត ដើម្បីណែនាំការអនុវត្តឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ច្បាប់នេះទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យមានការបាត់បង់ទំនុកចិត្តលើច្បាប់ និងបាត់បង់ទំនុកចិត្តលើរាជរាដ្ឋាភិបាល»។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ច្បាប់នេះជាការចាំបាច់ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការពង្រឹងសមត្ថភាពកងទ័ព។ តែយ៉ាងណា លោកថាច្បាប់នេះត្រូវតែអនុវត្តដោយស្មើភាពគ្នា តម្លាភាព និងគ្មានអំពើពុករលួយក្នុងសង្គម។
លោកថា៖ «ជាទូទៅប្រទេសណាក៏ដោយ បើសិនជាយើងត្រូវការកម្លាំងដើម្បីការពារប្រទេស ដើម្បីត្រៀមលក្ខណៈការពារទឹកដីហ្នឹង ច្បាប់ហ្នឹងវាជារឿងមួយចាំបាច់។ ប៉ុន្តែអ្វីដែលសំខាន់ត្រូវតែអនុវត្តច្បាប់ហ្នឹង ដោយស្មើភាពដោយមានសមធម៌ នៅក្នុងសង្គម។ ខ្ញុំបារម្ភអីចេះទេ ខ្លាចតែអ្នកដែលជាប់កាតព្វកិច្ច មិនមានលទ្ធភាព កូនអ្នកស្រែ អ្នកចម្ការ ត្រូវបំពេញ តែចំពោះកូនមន្ត្រី កូនអ្នកធំ កូនអ្នកមានអី ជូនកាលទៅគេចវេសពីកាតព្វកិច្ចហ្នឹង»។
អគ្គលេខាធិការគណបក្សឆន្ទ:ខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា លើកឡើងស្រដៀងគ្នាថា លោកព្រួយបារម្ភលើតម្លាភាព ភាពស្មើគ្នាក្នុងការអនុវត្ត និងបារម្ភខ្លាចការអនុវត្តទៅមិនមានលក្ខណៈទូទៅ ហើយមិនមានភាពសុក្រឹតយុត្តិធម៌។ លោកបន្តថា ដើម្បីឱ្យច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលត្រូវត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងកងទ័ព និងអំពើពុករលួយ ដើម្បីធានាថាការអនុវត្តច្បាប់នេះមានតម្លាភាព។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងច្បាប់ស្ដីពីកាតព្វកិច្ចយោធា យើងមានការព្រួយបារម្ភពាក់ព័ន្ធនឹងការអនុវត្តនៃច្បាប់នោះ។ ជាក់ស្ដែង ថាតើការអនុវត្តច្បាប់នោះវាមានភាពត្រឹមត្រូវប្រកបដោយសមធម៌ មិនលម្អៀង មិនមានអំពើពុករលួយក្នុងការអនុវត្តច្បាប់ហ្នឹង មិនមានការរើសអើង ជាពិសេសរវាងកូនអ្នកមានអ្នកក្រ»។
លោកបន្ថែមថា៖ «ហើយម្យ៉ាងទៀតច្បាប់នេះដូចមិនបានចែងទេ ថាទុកចែងក្នុងអនុក្រឹត្យ ហើយមិនដឹងថាអនុក្រឹត្យហ្នឹងមានចែងអ្វីបន្ថែមទៀតទេ។ អីចឹងហើយយើងនឹងបន្តតាមដាននូវការអនុវត្តច្បាប់នេះបន្ថែមទៀត។ អ្វីដែលជាការព្រួយបារម្ភមួយទៀតដែរ គឺពាក់ព័ន្ធនឹងថវិកា ពេលដែលយើងធ្វើការជ្រើសរើសយោធាជាប់កាតព្វកិច្ច តើចំណាយថវិកា លើការជ្រើសរើស ឬក៏ការផ្គត់ផ្គង់ ឬក៏អ្វីៗផ្សេងទៀតពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា តើរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ឬទេក្នុងការផ្គត់ផ្គង់ ដើម្បីកុំឱ្យវាក្លាយជាបន្ទុកដល់បុគ្គលដែលជាប់កាតព្វកិច្ច»៕







