ក្រសួងវប្បធម៌តវ៉ាការដាក់បញ្ចូលប្រាសាទបុរាណខ្មែរចំនួនបីនៅជាប់ព្រំដែនក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ប្រទេសថៃ និងបានចាត់ទុកទង្វើនេះជាការរំលោភលើអធិបតេយ្យកម្ពុជា និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងវប្បធម៌បញ្ជាក់ថា ការចុះបញ្ជីនេះ ជាការប៉ុនប៉ងខុសច្បាប់ ដើម្បីបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ប្រាសាទបុរាណខ្មែរទាំងបីដែលថៃចុះក្នុងបញ្ជី រួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានតាមបណ្ដោយព្រំដែន។ ក្រសួងអះអាងថា ការចុះបញ្ជីនេះ គឺគ្មានមូលដ្ឋានស្របច្បាប់ ហើយថៃមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងនូវអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែននោះទេ។
អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ថា បញ្ហានេះកម្ពុជាមិនមែនត្រឹមតែចេញលិខិតតវ៉ាទៅភាគីថៃ ហើយចប់នោះទេ កម្ពុជាត្រូវបន្តប្ដឹងថៃទៅកាន់ស្ថាប័នអន្តរជាតិពាក់ព័ន្ធ ជាពិសេស គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្ថាប័នដែលទទួលបន្ទុកចុះបញ្ជីលើសម្បត្តិបេតិកភណ្ឌពិភពលោកដូចជាអង្គការយូណេស្កូ។
លោកបន្ថែមថា៖ «ករណីនេះបើថៃបានដាក់ពាក្យហ្នឹងទៅយូណេស្កូ ហើយបើយើងដាក់ពាក្យបណ្ដឹងហ្នឹងទៅដែរបានន័យថាខាងយូណេស្កូក៏គេមិនហ៊ានសម្រេចដែរ ពេលហ្នឹងអាចជាផ្នែកមួយនៃការតស៊ូមតិរបស់កម្ពុជា ដើម្បីទាមទារថារបស់ហ្នឹងជារបស់យើង »។
រីឯ អ្នកជំនាញភូមិសាស្រ្តនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ឱ្យដឹងថា បញ្ហាខាងលើនេះធ្លាប់បានកើតមានក្នុងអតីតកាល នៅពេលដែលថៃបានដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួននៅឆ្នាំ១៩៤១ ប៉ុន្តែក្រោយមកកម្ពុជាបានប្ដឹងផ្ដល់ករណីប្រាសាទព្រះវិហារទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៥៩ ហើយដែលតុលាការបានសម្រេចសេចក្ដីឱ្យកម្ពុជាជាម្ចាស់អធិបតេយ្យភាពទឹកដីលើប្រាសាទព្រះវិហារ។
ប្រភពដដែលសង្កត់ធ្ងន់ថា៖ «ការគ្រប់គ្រងលើប្រាសាទ និងដែនអធិបតេយ្យភាពរបស់កម្ពុជាខុសច្បាប់ អន្តរជាតិមិនអាចទទួលស្គាល់ទេ ពីព្រោះច្បាប់អន្តរជាតិបានកំណត់ព្រំដែនរួចទៅហើយ មិនមែនមិនមានព្រំដែនកំណត់ដោយអន្តរជាតិទេ គឺផ្អែកលើសន្ធិសញ្ញាបារំាង-សៀម»។
ក្រសួងវប្បធម៌កម្ពុជា បានឱ្យដឹងថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ ត្រូវដោះស្រាយដោយគោរពតាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), លក្ខខណ្ឌយោងឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។
ក្រសួងវប្បធម៌ ក៏អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ៕







