តុលាការបដិសេធសំណើសុំដោះលែងអតីតសមាជិកព្រឹទ្ធសភាលោក ថាច់ សេដ្ឋា

សិទ្ធិមនុស្ស

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។ (រូបថតពីហ្វេសប៊ុកឈ្មោះ Chantha Thorn)

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំដោះលែងអតីតសមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយសំអាងហេតុថា មន្ត្រីបក្សប្រឆាំងរូបនេះមិនទាន់អនុវត្តទោសចប់នៅឡើយ។

ការបដិសេធនេះធ្វើឡើងក្រោយពីសហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន បានដាក់ពាក្យស្នើសុំដោះលែងកូនក្ដីគាត់កាលពីថ្ងៃទី២៨ ខែមេសា ដោយលើកឡើងថាលោក សេដ្ឋា បានអនុវត្តទោសចប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប៉េង ម៉េងគ័ង បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថាតំណាងអយ្យការបានបដិសេធសំណើសុំដោះលែងលោក ថាច់ សេដ្ឋា ដែលមេធាវីគាត់បានដាក់ពាក្យសុំដោះលែង ព្រោះលោក សេដ្ឋា មិនទាន់អនុវត្តទោសក្នុងពន្ធនាគារចប់នៅឡើយទេ ពោលគឺរហូតដល់ខែកក្កដា ឆ្នាំ២០២៧ ទើបលោកអនុវត្តទោសចប់។

លោកថា៖ «ខាងតំណាងអយ្យការដែលទទួលបន្ទុកខាងពន្ធនាគារ ម១ នេះគាត់បានចេញលិខិតជូនដំណឹងទៅខាងមេធាវីដែលបានដាក់ពាក្យស្នើសុំរួចហើយ ដោយសារគាត់[លោក ថាច់ សេដ្ឋា]ជាប់អនុវត្តទោសចំនួន២សំណុំរឿង។ អ៊ីចឹងគាត់អនុវត្តមួយសំណុំរឿងហ្នឹងគឺដល់ពេល[អនុវត្តទោសចប់] ប៉ុន្តែគាត់អត់ទាន់អាចដោះបានដោយសារគាត់ជាប់អនុវត្តមួយករណីទៀត»។

សហមេធាវីការពារក្ដីឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន យល់ថា ការដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើរបស់លោកនេះ ជារឿងអយុត្តិធម៌ចំពោះកូនក្ដីលោក ព្រោះការឆ្លើយតបនេះមិនស្របតាមច្បាប់ និងមិនបានលើកអំណះអំណាងច្បាប់មកបញ្ជាក់។

លោកថា៖ «ខ្ញុំគិតថាជាការសំអាងហេតុហ្នឹងគឺមិនទាន់សមស្របឆ្លើយតបទៅតាមស្មារតីច្បាប់នៅឡើយទេ ហើយខ្ញុំយល់ថាជារឿងមួយនៅតែជាភាពអយុត្តិធម៌សម្រាប់កូនក្ដីខ្ញុំ ព្រោះអ្វីដែលយើងបានដាក់ពាក្យស្នើសុំឱ្យដោះលែងហ្នឹង យើងផ្អែកលើមូលដ្ឋានច្បាប់ យើងផ្អែកទៅតាមស្មាតីច្បាប់ ជាពិសេសមាត្រា៥១ នៃក្រមព្រហ្មទណ្ឌដែលបានចែងអំពីថេរវេលានៃការឃុំខ្លួន ហើយរួមបញ្ចូលទាំងថេរវេលានៃការអនុវត្តទោសនៅក្នុងពន្ធនាគារ»។

ករណីនេះ លោកមេធាវី សឺន ជុំជួន ថាលោកនឹងពិនិត្យមើលលទ្ធភាពតវ៉ានានា និងពិភាក្សាជាមួយកូនក្តីលោកជាមុនសិន។

មាត្រា ៥១ នៃក្រុមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ចែងពីការគិតបញ្ចូលថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នថា «ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ត្រូវគិតបញ្ចូលទាំងស្រុងទៅក្នុងថិរវេលា នៃទោសដាក់ពន្ធនាគារដែលត្រូវទទួល»។

ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី ខកចិត្តក្រោយអ្នកស្រីទទួលដំណឹងពីមេធាវីថា តុលាការមិនដោះលែងប្ដីគាត់។

អ្នកស្រីថា៖ «មីងខកចិត្តហើយមីងរន្ធត់ចិត្តទៀត មីងពិបាកចិត្តខ្លាំងណាស់ មានតែតស៊ូទៅមុខទៀតហើយមើលទៅ។ មីងដំបូងថាមីងសង្ឃឹមថាគេដោះលែង គាត់អនុវត្តទោសគ្រប់ថ្ងៃគ្រប់ខែគាត់ឥឡូវ ឮសូរថាមេធាវីនិយាយអ៊ីចឹងទៀត ខកចិត្តពិបាកចិត្តណាស់»។

ស្ត្រីវ័យ៥១ឆ្នាំរូបនេះឱ្យដឹងថា សព្វថ្ងៃអ្នកស្រីត្រូវរែកអំរែកគ្រួសារតែម្នាក់ឯង រួមទាំងការមើលថែកូនៗ និងចៅ ព្រមទាំងត្រូវមើលថែស្វាមីនៅឯពន្ធនាគារទៀត ស្របពេលអ្នកស្រីមានជំងឺសួត និងជំងឺលើសឈាមផងនោះ។
អ្នកស្រីបន្ថែមថា៖ «ពិបាកចិត្តពេកទៅ ដូចថាអត់ដឹងម៉េចម៉ាទេអូនអើយ មីងរាល់ថ្ងៃហ្នឹងបារម្ភពីពូ[លោក ថាច់ សេដ្ឋា]ផង បារម្ភពីខ្លួនឯងផង ដល់ថ្ងៃណាមីងទៅបាត់ទៅមាននរណាមើលថែលោកពូ មើលថែកូនៗតូចៗពេក»។

ជាមួយគ្នានេះ អ្នកស្រី សុខបូរ៉ានី ស្នើសុំឱ្យដោះលែងស្វាមីគាត់ ព្រមទាំងអ្នកស្នេហាជាតិដែលកំពុងជាប់ពន្ធនាគារទាំងអស់ ឱ្យមានសេរីភាពវិញដើម្បីរួបរួមជាតិ។

ចំណែកឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់ថាការដែលតុលាការមិនដោះលែងលោក ថាច់ សេដ្ឋា ជារឿងអយុត្តិធម៌ ហើយលោកស្នើតុលាការសម្រួលឱ្យមានការដោះលែងលោក សេដ្ឋា ក្នុងអំឡុងឆ្នាំ២០២៦។

លោកថា៖ «បងយល់ឃើញថា នេះជារឿងមួយអយុត្តិធម៌សម្រាប់លោក ថាច់ សេដ្ឋា ដែលលោកបានជាប់ពន្ធនាគារហ្នឹងវាជាង៣ឆ្នាំមកហើយ ហើយអ្វីដែលគួរគឺ លោក ថាច់ សេដ្ឋា គួរតែបានទទួលការរួចទោសពៃរ៍ទាំងរឿងក្ដីទាំង២ហ្នឹង[…]តុលាការគួរតែពិចារណាសម្រួលឱ្យគាត់រួចទោសពៃរ៍នៅក្នុងខែហ្នឹង ឬក៏ថ្ងៃណាមួយក្នុងឆ្នាំហ្នឹង ដើម្បីឱ្យលោកមានសិទ្ធិសេរីភាពវិលត្រឡប់មកជួបជុំគ្រួសារ ហើយមកចូលរួមនៅក្នុងសកម្មភាពសង្គម សកម្មភាពរបស់គណបក្សដូចដើមវិញ»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថាការដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបបដិសេធសំណើរបស់សហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺខាងអយ្យការអនុវត្តតាមនីតិវិធីច្បាប់ ទើបហ៊ានឆ្លើយតបយ៉ាងដូច្នេះ។ តែយ៉ាងណា លោក អំ សំអាត បារម្ភពីបញ្ហាសុខភាពរបស់លោក ថាច់ សេដ្ឋា។

លោកថា៖ «ការសម្រេចរបស់អយ្យការគឺត្រូវផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីផ្លូវច្បាប់។ ករណីលោក ថាច់ សេដ្ឋា គឺមានពីរសំណុំរឿង និងសាលដីកាសាលក្រមផ្តន្ទាទោសលោកពីរដែរ។ ប៉ុន្តែការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលើលោកដូចជាធ្ងន់ធ្ងរ ម្យ៉ាងវិញទៀតលោកមានជំងឺប្រចាំកាយ និងក្រុមគ្រួសារដែលពឹងលើលោកដែលជាមេគ្រួសារ។ ដូច្នេះទម្រាំតែលោកអនុវត្តទោសចប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៧ គឺមានរយ:ពេលយូរបន្តទៀត ជាការបារម្ភសម្រាប់សុខភាពរបស់លោកដែរ»។

អតីតសមាជិកព្រឹទ្ធសភានិងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយមានដើមកំណើតមកពីកម្ពុជាក្រោម។ លោកត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ចំនួន៥។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តុលាការបានចេញដីកាឃុំខ្លួនលោកក្នុងសំណុំរឿងមួយផ្សេងទៀត និងកាត់ទោសលោកកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់ឱ្យមានការរើសអើង»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2544}" data-page="1" data-max-pages="1" data-start="1" data-end="1">